Wednesday, July 2, 2025
Homeសង្គម និងជីវិតឪស្លាប់ កូនស្រីធ្វើជាងចម្លាក់ ចិញ្ចឹមម៉ែពិការ

ឪស្លាប់ កូនស្រីធ្វើជាងចម្លាក់ ចិញ្ចឹមម៉ែពិការ

ភ្នំពេញ ៖ យុវតីម្នាក់ ក្រោយពេលឪពុកបានលាចាកលោកទៅ ក៏សម្រេចចិត្តឈប់រៀន ងាកមកចាប់ជំនាញ ខាងចម្លាក់ធ្វើពីឈើ ដើម្បីរកប្រាក់ចិញ្ចឹមម្តាយពិការ ហើយដោយសារការឧស្សាហ៍ព្យាយាម ទើបធ្វើឱ្យនាង មានទឹកដៃយ៉ាងល្អ និងអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបាន។

យុវតីដែលមានទឹកដៃចម្លាក់នេះ មានឈ្មោះសូរ ស្រីរ័ត្ន អាយុ១៨ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយ ម្តាយពិការ និង បងថ្លៃ ដែលប្រកបរបរជាជាងចម្លាក់។

លោកយ៉េប ប្រហ៊ីម ដែលជាមេជាងចម្លាក់ និងត្រូវបងថ្លៃរបស់យុវតីសូរ ស្រីរ័ត្ន បានរៀបរាប់ប្រាប់ថា សូរ ស្រីរ័ត្ន ជាប្អូនថ្លៃ និងរស់នៅជាមួយលោកតាំងពីតូចមកម៉្លេះ ព្រោះលោកមិនចង់ឱ្យប្អូនទៅធ្វើការឆ្ងាយពីគ្រួសារ ណាមួយនាងជាស្រីទៀត។ ចំពោះរូបលោកជាជាងចម្លាក់ ដូច្នេះលោកបានបង្រៀន និងជួយដល់ប្អូន ក៏ដូចជា ម្តាយដែលជាជនពិការ មានការខ្វះខាតច្រើនក្នុងបន្ទុកគ្រួសារ។ ណាមួយនាងត្រូវជួយម្តាយ ដោយត្រូវលះ បង់ការសិក្សាទៀតផង។

លោកយ៉េប ប្រហ៊ីម បានឱ្យដឹងទៀតថា ស្រីរ័ត្ន ចេះទ្រង់គ្រឿងនេះច្រើនឆ្នាំមកហើយ ហើយនាងក៏បំពេញ ការងារមួយនេះបានល្អផងដែរ ពោលគឺដូចដែលបងប្អូនបានទស្សនាតាមបណ្តាញសង្គម តិកតុក បានឃើញ ពីការទ្រង់គ្រឿង ក៏ដូចជាការលម្អ ឬក៏ការដាក់ក្បាច់ផ្សេងៗទៅតាមរូបនីមួយៗ។ នាងអាចរកចំណូលបានគួរសម ដោយក្នុងមួយថ្ងៃ ចំពោះកូនជាងដូចជានាង គឺអាចរកកម្រៃបានចាប់ពី ២០០០០រៀល ទៅ ៣០០០០រៀល គ្រាន់ដោះស្រាយជីវភាព និងសម្រាលបន្ទុកផ្សេងៗ។

បរុសជាបងថ្លៃ បានបញ្ជាក់ថា ចំពោះសិប្បកម្មចម្លាក់ លោកអាចរកកម្រៃបានគួរសម តែក៏ចំណាយច្រើន។ ដោយចំពោះរូបខ្លះ មានតម្លៃចាប់ពី ៥០ដុល្លារ ៦០ដុល្លារ ឬ៨០ដុល្លាជាដើម ប៉ុន្តែរូបទាំងនោះ មិនមែនធ្វើមួយថ្ងៃ ពីរថ្ងៃ ហើយនោះទេ ត្រូវចំណាយពេលយូរ ទៅតាមទំហំរូប ប្រវែងរូប ក៏ដូចជាក្បាច់ក្បូរដែលរំលេចចេញផង ដែរ។

លោកបន្តថា នៅកន្លែងចម្លាក់របស់លោក មានក្មេងដែលគ្នាជួបការលំបាកច្រើន ដោយខ្លះកំព្រាដូចជាប្អូន ស្រីរ័ត្ន ផងដែរ ដោយលោកចេះតែជួយ ដើម្បីឲ្យពួកគេមានការងារធ្វើ និងទទួលបានថវិកា គ្រាន់ដោះស្រាយ ជីវភាពប្រចាំថ្ងៃ៕

RELATED ARTICLES