ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រីជាសិស្សសាលា ១ក្រុម មានគ្នា៦នាក់ (ប្រុស១) ទើបនឹងចេញពីរៀន បបួលគ្នា ទៅថតរូបលេងនៅមាត់ស្ទឹងសង្កែ រួចនាំគ្នាចុះហែលទឹកលេង ដោយក្នុងនោះ៥នាក់បានចុះហែលទឹក ចំណែក ម្នាក់នាក់ទៀត ឈរនៅលើគោក ដើម្បីថតរូបឱ្យមិត្តភក្តិ ស្រាប់តែមិនបានប៉ុន្មាន មិត្តភក្តិទាំង៥នាក់ ដែលកំពុងហែលទឹកនោះ បានលង់ ធ្វើឱ្យក្មេងស្រីដែលនៅលើគោក ប្រញាប់រត់ទៅហៅគេឯងឱ្យជួយ តែទម្រាំមានអ្នកមកជួយស្រង់ឡើងគោកបាន ក្មេងស្រីចំនួន៤នាក់ បានបាត់បង់ជីវិតទៅហើយ នៅសល់តែម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍សិស្សលង់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងស្ទឹងសង្កែ ស្ថិតត្រង់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
យុវសិស្សទាំង៤នាក់ ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះសេង អ៊ីនជីលី ភេទស្រី អាយុ១២ឆ្នាំ។ ទី២-ឈ្មោះសេង ជួលីណា ភេទស្រី អាយុ១៤ឆ្នាំ (ទាំង២នាក់ ត្រូវជាបងប្អូនបង្កើត)។ ទី៣-ឈ្មោះអូ ហាន់ណានូរី ភេទស្រី អាយុ១៤ឆ្នាំ និងទី៤-ឈ្មោះភាព ចិន្តា ភេទប្រុស អាយុ១៤ឆ្នាំ។ ក្មេងប្រុសស្រីរងគ្រោះទាំង៤នាក់ខាងលើ ជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន ត្រែង ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល។ ចំណែកយុវតី ២នាក់ទៀត ដែលរួចរស់ជីវិត ទី១-ឈ្មោះភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ និងទី២- ឈ្មោះរ៉ា ចាន់រី ភេទស្រី អាយុ១៣ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ ក្មេងប្រុសស្រីជាសិស្សសាលាទាំង៦នាក់ បានសម្រាកពីម៉ោងសិក្សា ក៏បាននាំគ្នាទៅថតលេងនៅមាត់ស្ទឹង។ ក្រោយមក ពួកគេបាននាំគ្នាចុះហែលទឹក និងថតរូបលេងបន្តទៀត។ លុះបន្តិចក្រោយមក ស្រាប់តែសិស្សម្នាក់បានស្រែកឆោឡោ ផ្អើលនៅមាត់ស្ទឹង សុំឱ្យគេជួយ ដោយពួកគេប៉ុន្មាននាក់កំពុងលង់ទឹកក្នុងស្ទឹង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រុមយុវសិស្សទាំងនេះ បានឆ្លៀតពេលនាំគ្នាទៅលេងស្ទឹង ចំពេលពួកគេទំនេរពីម៉ោងរៀន ដោយដំបូង ពួកគេបានថតលេងនៅមាត់ស្ទឹង លុះក្រោយមក ពួកគេនាំគ្នាចុះហែលទឹក ដើម្បីថតលេងទៀត ដោយក្នុងនោះ ៥នាក់នាំគ្នាចុះហែលទឹក ចំណែកម្នាក់ នៅខាងលើ ដើម្បីចាំថតរូបឱ្យមិត្តភក្តិ។

ប្រភពដដែល បន្តថា ពេលពួកគេកំពុងតែហែលទឹកលេង និងម្នាក់នៅខាងលើកំពុងថតរូបនោះ ស្រាប់តែអ្នកនៅក្នុងទឹកមួយចំនួនបានលង់ បាត់ខ្លួនភ្លាមៗ និងមានអ្នកខ្លះទៀតស្រែកហៅឱ្យជួយ។ ពេលនោះទំនងដឹងថា អ្នកនៅក្នុងទឹកកំពុងលង់ ទើបសិស្សម្នាក់នៅខាងលើ បានរត់ទៅហៅកម្មកររោងចក្រចិន នៅក្បែរនោះឱ្យជួយ។ ភ្លាមៗនោះ ក្រុមកម្មករជាច្រើននាក់ ដែលមួយចំនួនត្រូវជាសាច់ញាតិជនរងគ្រោះផង បានរត់ទៅជួយ និងស្រង់បានជនរងគ្រោះទាំង៥នាក់ ជាបន្តបន្ទាប់ ប៉ុន្តែជាអកុសលយុវសិស្ស ៤នាក់ បានស្លាប់ទៅហើយ ខណៈម្នាក់ទៀតនៅ រស់រានមានជីវិត និងត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះភ្លាមៗ។ សរុបស្លាប់ចំនួន៤នាក់ រួចផុតជីវិត ចំនួន២នាក់។

ក្រោយកើតហេតុ សពក្មេងប្រុសស្រីទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕