Wednesday, July 2, 2025
Homeសង្គម និងជីវិតបេក្ខភាពកញ្ញាឯកផែនដី បំភ្លឺរឿងល្បី សង្សារពិការតូចចិត្តសុំបែក ទៅលោតទឹក

បេក្ខភាពកញ្ញាឯកផែនដី បំភ្លឺរឿងល្បី សង្សារពិការតូចចិត្តសុំបែក ទៅលោតទឹក

ភ្នំពេញ ៖ ក្រោយកើតមានយុវជនពិការ ស្រៀង គីមស៊្រុន ប៉ុនប៉ងលោតទឹកស្ពានជ្រោយចង្វាសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយអះអាងថា តូចចិត្តរឿងមហាជនរិះគន់ ជេរប្រមាថពីរឿងបែក ធ្លាយរូបថតផឹកស៊ីកៀកកើយស្រី ២-៣នាក់ និងសង្សារ ឈ្មោះ កា សុំបែកផងនោះ ធ្វើឱ្យមានការយល់ច្រឡំថា សង្សារយុវជនពិការ គឺកញ្ញា កុល នីកា បេក្ខភាពកញ្ញាឯកផែនដី (Miss Earth Cambodia) ដោយសារតែគេ ឃើញស្រីស្អាតរូបនេះថតរូបកៀកកើយជាមួយយុវជនពិការនេះ ទើបសាមីខ្លួនបេក្ខភាពកញ្ញាឯកផែនដី ឈ្មោះ កុល នីកា បានចេញមុខបំភ្លឺថា រវាងនាងនិងយុវជនពិការ ស្រៀង គីមស៊្រុន គ្មានទំនាក់ទំនងជាសង្សារអ្វី នោះទេ តែនាងស្គាល់គាត់ ដោយសារនាងធ្លាប់ជួយគាត់កន្លងទៅ។

កញ្ញា កុល នីកា បេក្ខភាពកញ្ញាឯកផែនដី (Miss Earth Cambodia)  ឆ្នាំ២០២៤ បានបញ្ជាក់តាម គណនី បណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់នាង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ថា “រឿងល្បីផ្ទុះមកពីគាត់ ច្រើនណាស់ ខ្ញុំអូសមិនផុតទេ មានអ្នកខ្លះមកច្រឡំខ្ញុំជាមួយគាត់ ថាគាត់ស្រលាញ់ខ្ញុំ ហើយទៅលោតទឹក ដោយសារខ្ញុំទៀត។ បញ្ជាក់ ៖ ខ្ញុំមិនមែនជា លីកា ម្នាក់ហ្នឹងទេ! សូមនិយាយបន្តិចចុះ អាចថាបាន ខ្ញុំក៏ជា មនុស្សម្នាក់ដែលធ្លាប់បានជួយគាត់ជាច្រើនលើកច្រើនសា។ និយាយនេះមិនមែនកាន់ជើងគាត់ ឬមកអួត អាងថាបានជួយគាត់នោះទេ ហើយក៏មិនគាំទ្រទង្វើណាដែលគាត់ធ្វើមិនគប្បីចំពោះពុកម៉ែ បងប្អូនដែល ធ្លាប់បានជួយគាត់ឡើយ។ នាងខ្ញុំផ្ទាល់ មិនបានទៅអន់ចិត្ត និងខឹងស្អប់ ឬជេរស្តីបន្ទោសគាត់អ្វីនោះទេ តែទឹកចិត្តរបស់យើង ផលបុណ្យដែលយើងបានសាងលើនរណាម្នាក់ហើយ គឺសុទ្ធសឹងតែជាទឹកចិត្តរបស់យើង កើតចេញពីការអាណិត ស្រលាញ់ ទៅកាន់គាត់»។

កញ្ញា កុល នីកា បន្តថា «សម្រាប់ខ្ញុំផ្ទាល់ យើងបានជួយគាត់រួចទៅហើយ ក៏តាមហ្នឹងទៅចុះ តែយើងក៏ត្រូវ សង្កេតមើលថា គាត់ជាមួយបែបណា នៅពេលដែលមានអ្នកជួយផ្តល់ជាថវិកា និងជួយជាអ្វីផ្សេងៗទៅ កាន់គាត់? ខ្ញុំមិនដែលចង់បញ្ជោញ ឬនិយាយអ្វីពាក់ព័ន្ធនឹងទង្វើដែលខ្ញុំបានធ្វើទៅគាត់កន្លងមកនោះទេ ឱកាសការងារ ពេលវេលា លុយកាក់ ទឹកចិត្តរបស់ខ្ញុំគោរពស្រលាញ់ទៅដល់គាត់ ដែលមានកាយសម្បទា មិនគ្រប់គ្រាន់ និងជនពិការផ្សេងទៀត ហើយខ្ញុំស្រលាញ់រាប់អាន ទុកគាត់ដូចបងប្រុសអ៊ីចឹង តែពេលឃើញ គេផុសពីទង្វើរបស់គាត់ ដែលធ្វើឱ្យអ្នកដែលធ្លាប់បានជួយគាត់ គេឃើញហើយ គេអន់ចិត្ត និងស្តាយ ទឹក ចិត្តដែលជួយទៅលើគាត់នោះហើយ ខ្ញុំក៏មិនពេញចិត្តនឹងទង្វើបែបនេះ ដែលសង្ឃឹមថា បងបានឃើញសារ មួយនេះហើយ បងនឹងកែប្រែកំហុសណាដែលមិនល្អឡើងវិញ មនុស្សណាដែលថាមិនចេះខុស សំខាន់ខុស ហើយចេះកែ ស៊ូៗឡើងវិញណាបង កុំបាក់ទឹកចិត្ត ពុកម៉ែ បងប្អូនយើងម្នាក់ៗ សុទ្ធតែចង់ឱ្យបងល្អនោះទេ…”។

ដោយឡែក លោកស្រី សុខ រស្មី ម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីស (Sybelle Paris) ដែលធ្លាប់បានជួយឧប ត្ថម្ភដល់យុវជនពិការ ស្រៀង គីមស្រ៊ុន ជាច្រើនលើកមកហើយផងដែរនោះ ក៏បានលើកឡើងថា បើយុវជនពិ ការរូបនេះ យកលុយជំនួយទៅទិញរបស់ហ៊ឺហា ឬចាយវាយលើស្រីញីអី គួរកែខ្លួនកុំធ្វើបែបនេះអី តែបើសិន ជាគាត់បានធ្វើហើយ គាត់ដឹងខុស យើងកុំបន្ទោសគាត់អី ព្រោះទៅបីជាកាត់ពិការ តែកន្លងទៅគាត់ក៏ ជួយ ដល់សង្គមបានច្រើនដែរ ដូចជាដើរជួយដល់លោកតាលោកយាយតាមដងផ្លូវជាដើម។

លោកស្រី សុខ រស្មី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា “អ្វីដែល នាងខ្ញុំជួយកន្លងមក មិនដែលគិតថាស្តាយក្រោយនោះទេ ក៏ប៉ុន្តែបើយើងខុស ចេះកែនោះទើបល្អ។ ជូនពរឱ្យ ប្អូនជោគជ័យក្នុងជីវិត”។

បន្ថែមលើសំណេរខាងលើនេះ លោកស្រី សុខ រស្មី បានបញ្ជាក់ថា “មុននឹងគាត់លោតទឹកស្ពានជ្រោយ ចង្វាហ្នឹង ៣-៤ថ្ងៃមុន ក៏ខ្ញុំទើបតែបាញ់លុយជូនគាត់ ព្រោះឃើញគាត់បង្ហោះថា គាត់លក់ខោអាវអត់ដាច់ អត់មានលុយបង់ថ្លៃផ្ទះ អត់លុយញ៉ាំ អ៊ីចឹងខ្ញុំជួយគាត់ បាន៣ដងដែរ។ ប៉ុន្តែខ្ញុំមិនដឹងថា វានៅតែខ្វះខាត សម្រាប់គាត់ គាត់លក់អត់ដាច់ មើលទៅគាត់បង់ថ្លៃទឹកភ្លើង ថ្លៃហូបចុក ទៅពេទ្យអត់គ្រប់ ឬមួយយ៉ាងម៉េច បានគាត់ទៅសម្រេចចិត្តលោតទឹកស្ពាន ព្រោះអីឮអ្នកខ្លះថា គាត់យកលុយគេឧបត្ថម្ភ ទៅទិញ 15 Pro Max អ្នកខ្លះថាគាត់ចូលខារ៉ាអូខេ ចាយសុទ្ធតែធីប ១០០ អ៊ីចឹងខ្ញុំក៏អត់ដឹងដែរ គ្រាន់តែចង់ប្រាប់ថា បើសិនជាគាត់ ធ្វើអ៊ីចឹងមែន សូមឱ្យគាត់កែរឿងធីប ១០០ដុល្លារអ៊ីចឹង  តែបើសិនជាគាត់គ្រាន់តែចង់រាប់អានពួកម៉ាក មាន មនុស្សល្អៗ ស្អាតៗនៅជុំវិញខ្លួនទេ សូមពុកម៉ែ បងប្អូន កុំនិយាយថាគាត់អ៊ីចេះអ៊ីចុះ ព្រោះអីគាត់មានបញ្ហា សុខភាព ព្រោះគាត់កើតមកពេញលក្ខណៈ តែសុខៗក៏មានបញ្ហាសុខភាព ទៅជាអ៊ីចឹង ពេលនិយាយដង្ហក់ និងទាញ អ៊ីចឹងបើសិនជាយើងមួលបង្កាច់គាត់ យើងត្រូវបាបខ្លាំងណាស់ ហើយខ្ញុំឃើញគាត់តស៊ូមែនទែន ពេលខ្ញុំជូនលុយគាត់ ដោយសារឃើញភាពតស៊ូរបស់គាត់»។

លោកស្រី សុខ រស្មី បានបន្តថា «យ៉ាងណា ខ្ញុំសង្ឃឹមថា គាត់កុំគិតខ្លីអី ព្រោះធម្មតាមនុស្សយើង តែងតែជួប ឧបសគ្គហើយ តែបើមានមនុស្សចោទប្រកាន់គាត់មែន កុំឱ្យគាត់ធ្វើរឿងគិតខ្លីចឹង តែបើគាត់ធ្វើអ៊ីចឹងពិតមែន សូមឱ្យគាត់បញ្ឈប់ការធ្វើបែបនេះទៀត កុំយកលុយជំនួយទៅទិញរបស់អីហ៊ឺហា ឬមួយក៏ចាយវាយស្រីញីអី កុំធ្វើចឹងអី តែបើសិនជាគាត់បានធ្វើហើយ ក៏គាត់ដឹងខុសដែរ អ៊ីចឹងយើងកុំបន្ទោសអី ចាប់ពីថ្ងៃហ្នឹងទៅ សង្ឃឹមថា គាត់ជួយដល់សង្គមឱ្យបានច្រើន ព្រោះពីមុន ខ្ញុំឃើញគាត់ដើរជួយដល់លោកតាលោកយាយតាម ដងផ្លូវ ជួយសង្គមបានច្រើន ហើយសង្ឃឹមថា ពុកម៉ែ បងប្អូន ជួយលើកទឹកចិត្តគាត់ផង មិនថាខុសឬត្រូវទេ ដើម្បីតម្រង់ផ្លូវគាត់ឱ្យបានល្អ…”។

ជាការឆ្លើយតបទៅកាន់លោកស្រី សុខ រស្មី ម្ចាស់ក្រុមហ៊ុន ស៊ីប៊ែលប៉ារីស យុវជនពិការ ស្រៀង គីមស៊្រុន បានសរសេរខ្លីតាមគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ថា “អរគុណបងស្រី ដែលបាន លើកទឹកចិត្តខ្ញុំ…”។

គួររំលឹកថា ក្រោយផ្ទុះការជជែកវែកញែកតាមបណ្តាញសង្គម ជុំវិញរឿងរ៉ាវយុវជនពិការឈ្មោះស្រៀង គីមស៊្រុន អាយុជាង២០ឆ្នាំ ដែលដង្ហោយរកជំនួយឧបត្ថម្ភ តែបែរជាបែកធ្លាយរូបថតផឹកស៊ីកៀកកើយស្រី ២-៣នាក់ រហូតធ្វើឱ្យមហាជនរិះគន់ ជេរប្រមាថយ៉ាងចាស់ដៃ អស់ប៉ុន្មានថ្ងៃរួចមក ស្រាប់តែសាមីខ្លួនយុវជនពិការនេះ បានធ្វើដំណើរឡើងលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតសម្លាប់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា បានប្រទះឃើញយុវជនពិការ ឈ្មោះស្រៀង គីមស៊្រុន បានធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតទឹក តែត្រូវបានអ្នកដំណើរ ជួយឃាត់ទាន់ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ឱ្យមកជួយអន្តរាគមន៍ នាំយុវជនរូបនោះ ចុះទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។

យុវជន ស្រៀង គីមស៊្រុន បានរៀបរាប់ប្រាប់ថា មូលហេតុដែលខ្លួនមករកបញ្ចប់ជីវិតនេះ ដោយសារបាក់ទឹក ចិត្ត លែងមានអ្នកស្រលាញ់ចូលចិត្ត ណាមួយខ្លួនក៏ពិការ មានបញ្ហាក្នុងរង្វង់គ្រួសារផង និងសង្សារទើបសុំ បែកទៀត ។ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ មានបែកធ្លាយរូបភាពខ្លួនជាមួយនារី ២នាក់ អង្គុយនៅតុ ផឹកស៊ី ១កន្លែង និងត្រូវបានមហាជនផ្ទុះការរិះគន់ ជេរប្រមាថ ចោទប្រកាន់ថារូបគេបានយកលុយជំនួយ ទៅទិញទូរស័ព្ទថ្មី (iPhone 15) និងថែមទាំងយកទៅដើរស៊ីចាយ ប៉ាវស្រីទៀតផង ទើបធ្វើឱ្យខ្លួនតូចចិត្ត ក៏សម្រេចចិត្តប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

ឆ្លើយតបទៅនឹងការរិះគន់និងជេរប្រមាថខាងលើ យុវជនពិការ ស្រៀង គីមស៊្រុន បានដកទូរស័ព្ទចាស់ បែកអេក្រង់ ១គ្រឿង មកបង្ហាញ និងបញ្ជាក់ថា ខ្លួនគ្មានទូរស័ព្ទ iPhone 15 ប្រើ ដូចអ្វីដែលគេចោទ ប្រកាន់នោះទេ។ ចំណែករូបដែលបែកធ្លាយនោះ គឺជារូបចាស់ ថតកាលពីជាង ១ឆ្នាំមកហើយ ដែល ខ្លួនបានថតជាមួយនិងមិត្តភក្តិរាប់អានគ្នាដូចបងប្អូន ហើយអ្វីដែលគេចោទថា ខ្លួនសុំជំនួយ យកមកដើរផឹក ស៊ីហ៊ឺហា ប៉ាវស្រីនោះ គឺមិនពិតទេ ពោលគឺមានមនុស្សចង់ធ្វើបាបខ្លួនតែប៉ុណ្ណោះ៕

RELATED ARTICLES