ខេត្តតាកែវ ៖ ជនសង្ស័យ ១ក្រុម មានលំនៅក្នុងខេត្តកំពត បាននាំគ្នាធ្វើសកម្មភាពដើរលួចគាស់តូបវីងវេរលុយ ជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ សរុបចំនួន ៨លើករួចមកហើយ ទីបំផុតត្រូវសមត្ថ កិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានម្នាក់ ខណៈបក្ខពួក ២នាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់។ករណីគាស់តូបលួចយកសម្ភារៈនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកន្លែងវេរលុយ វីង ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុច ភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវន័ ទិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១-ឈ្មោះហាក់ វាយោ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះហាក់ វេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់នេះ ត្រូវជាបងប្អូនបង្កើត និងមានលំនៅក្នុង ភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ដោយឡែក ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះញ៉ិល សុភ កញ្ញា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកន្លែងវេរលុយ វីង មួយកន្លែង ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានករណីអំពើ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយចូលលួចសម្ភារៈ) បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោ ចូលលួចយកសម្ភារៈរបស់ប្រជាពលរដ្ឋឈ្មោះញ៉ិល សុភកញ្ញា ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ តែត្រូវម្ចាស់ភ្ញាក់ទាន់ លួចយកមិនបាន សម្ភារៈអ្វីឡើយ។
ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនគ្រោះ និងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថ កិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ទើបសមត្ថកិច្ចបានឈានដល់កំណត់មុខសញ្ញាជនសង្ស័យបាន។

ប្រភពដដែល បន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួល នីតិវិធីដោយលោកព្រះរាជអាជ្ញា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះវ័ន ទិ នៅចំណុចវាលស្រែខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរ ជ័យ ខេត្តកំពត ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ រួចក៏នាំយកមកធ្វើ ការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ័ន ទិ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ចំនួន២នាក់ទៀត (ឈ្មោះហាក់ វាយោ និង ឈ្មោះហាក់ វេហា) ពិតជាបានធ្វើសកម្មភាពយកទួរណឺវីស និងដែកកងសម្រាប់ ដាក់កូនសោ គាស់និងឆ្កឹះសោ ចូលលួចសម្ភារៈ តាមកន្លែងវេរលុយ វីង និងតាមផ្ទះនៅទីប្រជុំជនប្រាកដមែន ដោយពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ចំនួន៨ករណី រួចមកហើយ ក្នុងនោះរួមមាន ៖លើកទី១-នៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួននិងបក្ខពួក បានគាស់សោ ចូលលួចយកសម្ភារៈ នៅតូបវីង មួយកន្លែង នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ដោយលួច បានរង្វាន់ក្រវិលកំប៉ុងស្រា បៀរ លក់បានប្រាក់ចំនួន ៥០ម៉ឺនរៀល។
លើកទី២-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារអង្គតាសោម ខ្លួននិងបក្ខពួក បានធ្វើសកម្មភាពគាស់សោ ចូលលួចសម្ភារៈនៅកន្លែងវេរលុយ វីង តែយកពុំបានសម្ភារៈអ្វី ឡើយ ។
លើកទី៣-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្លួនបានធ្វើសកម្ម ភាពគាស់ តូបវេរលុយ វីង នៅចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ លួចយកបានទូរស័ព្ទ ចំនួន២គ្រឿងយក ទៅលក់បានប្រាក់ចំនួន ៧០ដុល្លារ។

លើកទី៤-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្លួននិងបក្ខពួក បានធ្វើសកម្ម ភាពគាស់សោតូបវេរលុយ វីង នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ យកបានទូរស័ព្ទ ចំនួន៩គ្រឿង។
លើកទី៥-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនបានធ្វើសកម្មភាព គាស់តូប វេរលុយ វីង ក្នុងផ្សារអង្គតាសោម ស្ថិតភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកកត្រាំកក់ យកបានបារីម៉ៃសេវ៉ែន ចំនួន៨សុង យកទៅលក់បានប្រាក់ចំនួន ៣០ម៉ឺនរៀល។
លើកទី៦-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាព គាស់ចូលលួចកន្លែងវីង នៅក្រុងដូនកែវ តែយកមិនបានសម្ភារៈអ្វីឡើយ។
លើកទី៧-នៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខ្លួននិងបក្ខពួក បានធ្វើសកម្ម ភាពគាស់សោកន្លែងលក់កុំព្យូទ័រ នៅផ្សារតាកែវ ស្ថិតក្នុងក្រុងដូនកែវ តែលួចពុំបានសម្ភារៈអ្វីឡើយ។និងលើកទី៨-នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនបានធ្វើសកម្មភាពគាស់សោ ចូលលួចសម្ភារៈ នៅកន្លែងវីងវេរលុយ របស់ឈ្មោះញ៉ិល សុភកញ្ញា ភេទស្រី អាយុ៣១ឆ្នាំ ស្ថិតនៅភូមិធ្នង់រ លើង ឃុំលាយបូរ ស្រុកត្រាំកក់ តែត្រូវម្ចាស់គេភ្ញាក់ទាន់ ក៏រត់គេច យកពុំបានសម្ភារៈអ្វីឡើយ។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ ការតាមច្បាប់៕