ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ បានអះអាងថា គាត់បានបង្រៀនសិស្សបឋមសិក្សា អស់រយៈពេល ១៦ឆ្នាំមកហើយ ប៉ុន្តែត្រូវនាយកសាលាបញ្ឈប់ ហើយដាក់កូនប្រុសនិងប្អូនពីរនាក់របស់ខ្លួន ដែលនៅក្រៅភូមិចូល ដែលធ្វើឲ្យគាត់កើតទុក្ខមិនសុខចិត្ត បានស្នើសុំសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ ។

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យា ដែលតវ៉ាសុំនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ រឿងនាយកសាលាបញ្ឈប់ការងារនេះ មានឈ្មោះអឿ មុន្នី អាយុ៥៧ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកស្រី បានអះអាងថា អ្នកស្រីបានចូលធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅបឋមសិក្សាសុខសាន្ត តាំងពីឆ្នាំ ២០០៦ ដោយបានបង្រៀនសិស្ស អស់រយៈពេល១៦ឆ្នាំ មានបទពិសោធន៍គ្រប់គ្រាន់ក្នុង ហើយក៏ស្រលាញ់ មុខជំនាញនេះដែរ ព្រោះបង្រៀនតាំងពីប្រាក់ខែជាង ១០ម៉ឺនរៀល រហូតបានជាង ១លានរៀល ។ ប៉ុន្តែអ្នកស្រីត្រូវនាយកសាលា ប្រាប់ឲ្យឈប់បង្រៀន នៅចុងឆ្នាំ២០២៣ នេះ ដោយលើកហេតុផលថា អ្នកស្រី ចាស់ហើយ ខាងក្រសួង និងមន្ទីរអប់រំ យុវជននិងកីឡា មិនតម្រូវឲ្យបង្រៀនទៀតទេ។ ប៉ុន្តែអ្នកស្រីមិនសុខចិត្ត ព្រោះនាយកសាលានេះ បានដកអ្នកស្រី តែបែរជាដាក់កូននិងប្អូនខ្លួនឯង ២នាក់ ចូលជាគ្រូបង្រៀនជាប់ កិច្ចសន្យា ជំនួសអ្នកស្រី ខណៈដែលគ្រូក្របខ័ណ្ឌ មិនមានដាក់ចូល ។ ដូច្នេះហើយ ទើបអ្នកស្រីស្នើសុំ ទៅសម្ដេចហ៊ុន ម៉ាណែត និងសម្ដេចហ៊ុន សែន ជួយរកយុត្តិធម៌ដល់អ្នកស្រី ។
អ្នកស្រីអឿ មុន្នី បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២៥ ខែធ្ណុ ឆ្នាំ២០២៣ ថា “សូមគោរពសម្តេចតេជោ ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសូមគោរពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់! នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែង អស់ពី កម្លាំងកាយចិត្តស្មោះអស់ពីបេះដូង មានរយៈពេល ១៦ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦ នាងខ្ញុំស្ម័គ្រធ្វើជាគ្រូបង្រៀន ជាប់កិច្ចសន្យា នៅសាលាបឋម ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានប្រាក់ខែ ១៣០ ០០០រៀល ដល់ឆ្នាំ២០២៣ ទទួលបានប្រាក់ខែ ១ ១២០ ០០០រៀល ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយកបានប្រាប់ថា ខាងមន្ទីរ បានបញ្ឈប់នាងខ្ញុំហើយ មូលហេតុ គេលើកឡើងថា នាងខ្ញុំចាស់ហើយ នាងខ្ញុំនៅតែមិនអស់ចិត្ត ។ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាងខ្ញុំបានយកពាក្យទៅដាក់ នៅមន្ទីរអប់រំក្រុង ដើម្បីសុំឲ្យបានបង្រៀនបន្តក្នុងឆ្នាំសិក្សា២០២៣-២០២៤ លោកខាងមន្ទីរ មិនទទួល យកពាក្យពីនាងខ្ញុំទេ“ ។

អ្នកស្រីអឿ មុន្នី បានសរសេរបន្តថា “រយៈពេល ១៦ឆ្នាំ នាងខ្ញុំពុំដែលធ្វើឲ្យមានការឆកល្វែងក្នុងការបង្រៀន ឬបង្កបញ្ហាជាមួយសិស្សនិងបុគ្គលិករួមការងារ គ្មានទេ ពួកគាត់រកកំហុសនាងខ្ញុំអត់ឃើញ ទើបលើកភាពចាស់ ដើម្បីដកនាងខ្ញុំចេញ ។ បើមានគ្រូក្របខ័ណ្ឌចូលមក ក៏នាងខ្ញុំមិនហ៊ាននិយាយអ្វីទេ ប៉ុន្តែពេលនេះ លោកនាយក បានដាក់កូនប្រុសគាត់ម្នាក់ និងប្អូនប្រុស ២នាក់ ដែលនៅក្រៅភូមិ ដាក់ឲ្យធ្វើជាគ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាសុខសាន្ត។ ឱ! លោកមន្ទីរអប់រំក្រុងអើយ! ឲ្យតែខ្សែនាយក ខ្វះគ្រូប៉ុន្មាន ក៏លោកមន្ទីរអប់រំក្រុង ប៉ះប៉ូវ អូសដាក់បានទាំងអស់ ។ ដូចនេះសូមបងប្អូនអាណិតមេត្តាជួយស៊ែរឲ្យបានច្រើនដើម្បីឲ្យសម្តេច លោកបានឃើញ ។ លោកនាយក និងលោកខាងមន្ទីរ ធ្វើរបៀបនេះ វាអយុត្តិធម៌ចំពោះនាងខ្ញុំណាស់ សូមសម្តេច មេត្តាជួយរកយុត្តិធម៌ឲ្យនាង ខ្ញុំផង សូមអរព្រះគុណ និងអរគុណ!“ ។
អ្នកស្រីអឿ មុន្នី បានសរសេរបន្ថែមថា “…បទចម្រៀងរបស់អ្នកស្រី ហ៊ឹម ស៊ីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រ គ្រូល្អនោះនៅឯណា លោកនាយកធ្វើរបៀបនេះ វាអយុតិ្តធម៌ចំពោះនាងខ្ញុំពេកហើយ សូម្បីតែសាលាគេដែលនៅជុំវិញភូមិយើង គេរក្សាគ្រូកិច្ចសន្យាចាស់ ឲ្យនៅដដែល ។ លោកដឹងហើយថា ខ្ញុំមានដៃតែម្ខាង ពេលនេះ លោកមកកាច់ឲ្យបាក់ទាំង២ហើយ ។ សូមបងប្អូន កូនចៅ មេត្តាជួយស៊ែរឲ្យច្រើនៗ ឲ្យសម្តេច លោកបានឃើញផង ។ អរគុណសន្តិភាព!“ ។
ជុំវិញការលើកឡើងចោទប្រកាន់របស់អ្នកស្រីអឿ មុន្នី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការ បញ្ជាក់បំភ្លឺ ពីនាយកសាលាបឋមសិក្សាសុខសាន្ត បានទេ កាលពីម្សិលមិញ ។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានចេញប្រកាស ព័ត៌មាន បំភ្លឺថា ការមិនបន្តឱ្យអ្នកស្រីអឿ មុន្នី ធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យាទៀត ដោយសារអ្នកស្រីមានវ័យ ចំណាស់ ៥៧ឆ្នាំ លើសពីគោលការណ៍ដែលក្រសួងនិងមន្ទីរ បានកំណត់ គឺគ្រូជាប់កិច្ចសន្យា ត្រូវមានអាយុចាប់ ពី១៨ ឆ្នាំដល់៤០ឆ្នាំ ។ ម្យ៉ាងទៀត សម្រាប់ឆ្នាំ២០២២ កន្លងមក អ្នកស្រីអឿ មុន្នី បានស្នើសុំប្រធានការិយា ល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា រយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ ។
សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា “មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន និងអ្នកសារ ព័ត៌មាន ឲ្យបានជ្រាបថា ៖ នាពេលថ្មីៗកន្លងមកនេះ មានគេហទំព័រទំនាក់ទំនងសង្គម គណនីហ្វេសប៊ុក ឈ្មោះអឿ មុន្នី បានចុះផ្សាយអំពីការមិនពេញចិត្តករណីមិនបានធ្វើ ជាគ្រូបង្រៀនជាប់កិច្ច សន្យា នៅសាលា បឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត សូមធ្វើការបំភ្លឺជូនសាធារជនជន មេត្តាជ្រាបថា ៖ គោលការណ៍ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជននិងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៤០ឆ្នាំ ។ ករណីជាក់ស្ដែង ចំពោះអ្នកគ្រូអឿ មុន្នី ដែល មានអាយុលើសច្រើនរហូតទៅដល់ ៥៧ឆ្នាំ ជាហេតុធ្វើឲ្យការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ពុំបានទទួលពាក្យសុំធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារបស់គាត់ឡើយ ។ សម្រាប់ឆ្នាំ២០២២ កន្លងមក អ្នកគ្រូអឿ មុន្នី បានទទូចស្នើសុំប្រធានការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ដោយបានធ្វើ ជាគ្រូជាប់កិច្ចសន្យា ស្នើសុំជួយសម្របសម្រួលឲ្យបានធ្វើជាគ្រូបង្រៀនជាប់បង្រៀនជាប់កិច្ចសន្យា រយៈពេល មួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ (កិច្ចសន្យាជូនភ្ជាប់) ។

អាស្រ័យដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន“ ។
ជាមួយគ្នានោះ នៅក្នុងរបាយការណ៍ស្ដីពីករណីមិនទទួលពាក្យរបស់អ្នកគ្រូអឿ មុនី្ន ជាគ្រូបង្រៀនជាប់កិច្ច សន្យា របស់ការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នោះថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយឈ្មោះហេង ណូក អ្នកធ្វើរបាយការណ៍ និងហត្ថលេខាបានឃើញនិងឯកភាព ដោយប្រធានការិយាល័យអប់រំ យុវជននិងកី ឡាក្រុង ចែម សំបួរ បានគោរពជូនប្រធានអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ថា “ក្នុងករណីដែល ការិយាល័យមិនអនុញ្ញាតឲ្យអ្នកគ្រូអឿ មុន្នី ដាក់ពាក្យបន្តជាគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ដែលត្រូវ បម្រើការងារនៅសាលាបឋមសិក្សាសុខសាន្ត ខ្ញុំបាទសូមជម្រាបលោកប្រធានមន្ទីរ ឲ្យបានជ្រាបដូចខាងក្រោម ៖

-យោងតាមកិច្ចសន្យារបស់ឈ្មោះលោកស្រី អឿ មុន្នី ដែលបានសរសេរនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយស្នើសុំបម្រើការងារជាគ្រូបង្រៀនជាប់កិច្ចសន្យា រយៈពេលតែមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំ ក្រោយ ទៀតទេ ។
-យោងប្រកាសលេខ ១១៦៨ អយក.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការជ្រើសរើសគ្រូបង្រៀន ជាប់កិច្ចសន្យាចំណេះទូទៅ ដែលកំណត់ចាប់ពីអាយុចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់៤០ (សែសិប) ឆ្នាំ។
-យោងអនុក្រឹត្យលេខ ៣០៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ព្រះរាជាណា ចក្រកម្ពុជា ។
ជាក់ស្ដែងបច្ចុប្បន្ន អ្នកគ្រូអឿ មុន្នី មានអាយុរហូតទៅដល់ ៥៧ឆ្នាំ ទើបការិយាល័យអប់រំ យុវជននិងកីឡាក្រុង មិនទទួលពាក្យរបស់អ្នកគ្រូអឿ មុន្នី ។

អាស្រ័យដូចបានគោរពជូនខាងលើ សូមលោកប្រធានមន្ទីរ មេត្តាជ្រាបជាព័ត៌មាន“ ។
ដោយឡែក ពាក្យសុំបម្រើការងាររបស់អ្នកគ្រូ អឿ មុនី្ន ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលខាងមន្ទីរអបរ់ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានយកមកបង្ហាញ មានខ្លឹមសារថា “នាងខ្ញុំឈ្មោះអឿ មុន្នី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិកម្ពុជា ជាគ្រូជាប់កិច្ចសន្យា នៃសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត សូមគោរពជូនលោកប្រធានការិយាល័យអបរ់ យុវជន ងកីឡាក្រុងប៉ោយប៉ែត សើ្នសុំលោកប្រធាន ជួយសម្រួល និងផ្ដល់អត្ថិភាពដល់នាងខ្ញុំបានបម្រើការងារនៅសាលាសុខសាន្ត ជាគ្រូជាប់កិច្ចសន្យា ក្នុងឆ្នាំសិក្សា ២០២១-២០២២ រយៈពេល ១ឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ ។

មូលហេតុ ដោយឆ្នាំកន្លងមក នាងខ្ញុំធ្លាប់បម្រើការងារជាគ្រូជាប់កិច្ចសន្យា នៃសាលាបឋមសិក្សាសុខសាន្ត ។
សេចក្ដីដូចបានជម្រាបជួនខាងលើ សូមលោកប្រធានមេត្តាជួយសម្រួលដោយក្ដីអនុគ្រោះ ។
សូមលោកប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ“ ៕ កុលបុត្រ