Wednesday, July 2, 2025
Homeសង្គម និងជីវិតកូនប្រុសសុំបែកសង្សារ រួចបាត់ខ្លួន ម៉ែភ័យ កាន់រូបថតដើររក

កូនប្រុសសុំបែកសង្សារ រួចបាត់ខ្លួន ម៉ែភ័យ កាន់រូបថតដើររក

ភ្នំពេញ ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយយុវតីម្នាក់ អស់ជាច្រើនខែមកហើយ ស្រាប់តែមិនដឹងមាន រឿងអ្វី បានសុំខាងស្រីបែកគ្នា បន្ទាប់មកបានយកម៉ូតូ ១គ្រឿង របស់បង ជិះចេញបាត់ពីផ្ទះ អស់រយៈពេល ៧ថ្ងៃមកហើយ មិនឃើញត្រឡប់មកវិញ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ បានកាន់រូបថតកូនប្រុស ដើរតាមស្វែងរក។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង បន្ទាប់ពីក្រុមគ្រួសារយុវជនដែលបាត់ខ្លួន បានកាន់រូបថត កូនប្រុស មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវស្វែងរកកូនប្រុសគាត់។

យុវជនដែលបាត់ខ្លួន មានឈ្មោះឡូយ សាមីឌី អាយុ១៨ឆ្នាំ មុខរបរជាងសំណង់ មានម្តាយឈ្មោះធន សារ៉ាន់ អាយុ៤០ឆ្នាំ មុខរបរកសិករ ឪពុកឈ្មោះមា ធឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ និងមានលំនៅ ភូមិពន្លៃ ឃុំដាន គោម ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកយុវតីជាសង្សាររបស់យុវជនដែលបាត់ខ្លួន មានឈ្មោះលុយ អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។តាមសម្តីស្ត្រីជាម្តាយយុវជនដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា គាត់បានដឹងថា កូនប្រុសគាត់ មានសង្សារយូរ ហើយ ប៉ុន្តែពេលអ្នកទាំង២ បែកគ្នា គាត់មិនបានដឹងឡើយ គាត់ស្មានថាកូននៅស្រលាញ់គ្នាដូចមុន។ ដោយឡែកកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់ បានធ្វើដំណើរចេញពីខេត្តព្រះវិហារ មកផ្ទះជួល កូនច្បងរបស់គាត់ម្នាក់ទៀត នៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ដោយមកដល់នាវេ លល្ងាចថ្ងៃដដែលនោះ។

ស្ត្រីជាម្តាយ បានបន្តថា លុះមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសនេះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM-7573 ថាយកទៅលាងម៉ូតូសម្អាត ដើម្បីជិះធ្វើដំណើរ ទៅកាន់ស្រុកកំណើតនៅខេត្តកំពត។ បន្ទាប់មក ស្រាប់តែបាត់ខ្លួនរហូតតែម្តង មិនឃើញត្រឡប់មកផ្ទះជួល វិញទេ ហើយក៏មិនឃើញទៅដល់ខេត្តកំពតនោះឡើយ ដែលជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ យាំងខ្លាំង និងបាននាំគ្នាតាមរកគ្រប់ច្រកល្ហក ក៏នៅតែមិនឃើញ។

ស្ត្រីជាម្តាយយុវជនខាងលើ បានបញ្ជាក់ថា កន្លងមក កូនគាត់ក៏ធ្លាប់បាត់ខ្លួនបែបនេះ ២ទៅ៣ថ្ងៃដែរ ហើយ ពួកគាត់បានតាមរកឃើញវិញ នៅបន្ទប់ជួលរបស់សង្សារ។ ដោយឡែកកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ពួកគាត់បានទៅរកនៅទីនោះទៀត ប៉ុន្តែពេលទៅដល់ ត្រូវនារីជាសង្សារប្រាប់ថា “បងសាមីឌី បានសុំខ្ញុំបែកគ្នា ដោយគ្មានមូលហេតុ អស់រយៈពេលកន្លះខែមកហើយ ហើយគាត់បានប្រាប់ខ្ញុំថា ឱ្យខ្ញុំយកប្តីឬសង្សារថ្មីទៀតចុះ គាត់មិនរករឿងខ្ញុំទេ។ បន្ទាប់មកគាត់ក៏បានចាកចេញទៅបាត់ទៅ ហើយខ្ញុំព្យាយាមខលរកគាត់ជាច្រើនដង ដើម្បីនិយាយគ្នាដែរ ប៉ុន្តែខលមិនចូលសោះ”។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា តាំងពីកូនប្រុសបាត់ខ្លួនមក គាត់និងក្រុមគ្រួសារបានតាមស្វែងរកកូនប្រុស អស់រយៈពេល៧ថ្ងៃហើយ ប៉ុន្តែគ្មានដំណឹងបន្តិចណាសោះ ជាហេតុធ្វើឱ្យពួកគាត់មានការព្រួយ បារម្ភខ្លាំង ណាស់។ ជាមួយនេះ ស្ត្រីជាម្តាយរូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលប្រទះ ឃើញយុវជនមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ផង៕

RELATED ARTICLES