Wednesday, July 2, 2025
Homeសង្គម និងជីវិតខឹងទារលុយញយពេក បា...ញ់...ម្ចាស់...បំណុល...ស្លាប់

ខឹងទារលុយញយពេក បា…ញ់…ម្ចាស់…បំណុល…ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ជនដៃដល់ជាឃាតករ ចំនួន២នាក់ ខឹងម្ចាស់បំណុលម្នាក់ ចេះតែតាមទារលុយ ញឹកញយពេក ក៏រៀបគម្រោងបាញ់សម្លាប់ម្ចាស់បំណុល នៅកណ្តាលចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ទីបំផុតត្រូវបានសាលាដំបូងខេត្ត បន្ទាយមានជ័យ សម្រេចផ្តន្ទាទោសជនដៃដល់ជាជនជាតិចិន ម្នាក់ដាក់ពន្ធនាគារ អស់១ជីវិត ចំណែកជន ជាតិខ្មែរ ជាបក្ខពួកម្នាក់ទៀត ត្រូវជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាសាលា ដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្តន្ទាទោសជនសង្ស័យចំនួន២នាក់ រួមមាន ទី១-ឈ្មោះ ជូ យ៉ុង (ZHOU YONG) ហៅម៉ាទីន ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន ស្រុកកំណើតនៅ ស្រុកស៊ីឈួន ប្រទេសចិន (ដាក់ពន្ធនាគារអស់មួយជីវិត) និងទី២-ឈ្មោះឡោ លឹមហាប់ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ដាក់ពន្ធនាគា កំណត់ រយៈពេល ១០ឆ្នាំ) និងបង្គាប់ឱ្យសងសំណងជាប្រាក់ ចំនួន ៨០០លានរៀល ទៅដើមបណ្តឹងឈ្មោះលី ចុងហ្គូ ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន ត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ។

គួររំលឹកថា កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ មានករណីឃាត កម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅត្រង់ចំណុចចម្ការដំឡូងមី ១កន្លែង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដោយបុរសជាជនជាតិចិនម្នាក់ ត្រូវបានជនដៃដល់ ២នាក់ បាញ់ប្រហារ ១គ្រាប់ ចំក្បាលពីក្រោយ ធ្លាយមកខាងមុខ ស្លាប់ក្នុងថ្លុកឈាម កណ្តាលចម្ការដំឡូងមី ធ្វើឱ្យផ្អើលដល់ កម្លាំងជំនាញអាវុធហត្ថ ចុះអន្តរាគមន៍ស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករ បានចំនួន២នាក់ នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់ មានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មានលំនៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនសង្ស័យជាឃាតករទាំង២នាក់ ទី១-ឈ្មោះ ZHOU YONG ហៅម៉ាទីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន និងទី២-ឈ្មោះឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យជាឃាតករទាំង២នាក់ខាងលើ ស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអាវុធហត្ថ បានទទួលព័ត៌មានថា មានករណីឃាតកម្ម (បាញ់សម្លាប់) បានកើតឡើងនៅត្រង់ចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ភ្លាមនោះ កម្លាំងជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានប្រទះឃើញសពជនរងគ្រោះ ជាជនជាតិចិន មានស្នាមគ្រាប់កាំភ្លើង បាញ់ធ្លុះពីចំណុចក្បាលខាង ក្រោយផ្នែកខាងឆ្វេង ធ្លាយមកមុខ ត្រង់ចំណុចថ្ងាសខាងឆ្វេង ហើយនៅជុំវិញបរិវេណកន្លែងកើតហេតុ បានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន១គ្រាប់ គ្រាប់កាំភ្លើងខ្លី ម៉ាក GLOUK-17 ចំនួន១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាក K54 ចំនួន១គ្រាប់។

ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ១-កាំភ្លើងខ្លី ម៉ាក GLOUK-17 លេខតួ TSV665 (បង់១ គ្រាប់៥គ្រាប់) ចំនួន១ដើម ជាកម្មសិទ្ធិរបស់ឈ្មោះ Zhou Yong។ ២-កាំភ្លើងខ្លីម៉ាក K54 លេខតួ 29103187 (បង់១ គ្រាប់៧គ្រាប់) ចំនួន១ដើម ជាកម្មសិទ្ធិរបស់ឈ្មោះឡោ លឹមហាប់។

ប្រភពដដែល បន្តថា ដោយមានការសម្របសម្រូលនីតិវិធីពីលោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដោយម្នាក់ជាជនជាតិចិន ឈ្មោះ ZHOU YONG ហៅម៉ាទីន និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះឡោ លឹមហាប់។

ចំពោះមូលហេតុនៃឃាតកម្មនេះ ត្រូវបានជនសង្ស័យឈ្មោះឡោ លឹមហាប់ សារភាពថា ឈ្មោះជូ យ៉ុង ហៅម៉ាទីន បាញ់សម្លាប់ជនរងគ្រោះឈ្មោះ SHEN JIANGUO ហៅគីងកុង ព្រោះតែខឹងជនរងគ្រោះ ទារលុយខ្លួនច្រើនដងពេក៕

RELATED ARTICLES