Wednesday, July 2, 2025
Homeសង្គម និងជីវិត ស្ត្រីពិការ យំតូចចិត្តគេហាមច្រៀងរកលុយ តាមស្តុប

 ស្ត្រីពិការ យំតូចចិត្តគេហាមច្រៀងរកលុយ តាមស្តុប

ភ្នំពេញ ៖ ស្ត្រីពិការម្នាក់ ហេតុតែគ្មានចំណេះជំនាញជាប់ខ្លួន បានចាប់យកអាជីពច្រៀងតាមរោងការ ឬតាមស្តុប និងលក់ផលិតផលផង គ្រាន់បានថវិកាចិញ្ចឹមកូន បង់ទឹក ភ្លើង បង់ថ្លៃបន្ទប់ជួល និងការហូប ចុកប្រចាំថ្ងៃ តែពេលខ្លះម្ចាស់ដើមការមិនអនុញ្ញាតឱ្យគាត់ឡើង ច្រៀង ដើម្បីរៃអង្គាសប្រាក់នោះទេ សូម្បីតែតាមស្តុប ក៏ត្រូវបានគេហាមឃាត់ទៀត ទើបធ្វើឱ្យតូចចិត្ត បានត្រឹមសម្រក់ទឹកភ្នែកប៉ុណ្ណោះ។

ស្ត្រីមានពិការភាព មានឈ្មោះកូយ ស្រីល័ក្ខ អាយុ៣០ឆ្នាំ ប្រកបរបរជាអ្នកចម្រៀងតាមរោងការ និងតាមស្តុប និងមានស្រុកកំណើត នៅស្រុកលើដែក ខេត្តកណ្តាល។

ស្ត្រីពិការខាងលើ បានរៀបរាប់ប្រាប់ថា ជីវិតជាជនពិការ ពិតជាមិនស្រួលនោះឡើយ គ្មានចំណេះជំនាញអ្វីជាប់ ខ្លួននោះទេ តែយ៉ាងណាគាត់នៅតែប្រឹងតស៊ូចិញ្ចឹមជីវិត តាមរយៈការដើរសុំគេច្រៀងតាមរោងការ ឬតាមស្តុប ដើម្បីរកប្រាក់ចិញ្ចឹមកូន បង់ទឹកភ្លើង បង់ថ្លៃបន្ទប់ជួល ជាដើម។

ស្ត្រីពិការ កូយ ស្រីល័ក្ខ បានបន្តថា រាល់ថ្ងៃ ជីវភាពគាត់ទាំងស្រុង ពឹងទៅលើការសុំគេច្រៀងតាមរោងការ និងតាមស្តុប ដើម្បីដូរបាយហូប តែពេលនេះ នៅពេលដែលពួកគាត់ច្រៀងតាមស្តុប ពិតជាមានអារម្មណ៍ថា ភ័យខ្លាច និងព្រួយបារម្ភ ព្រោះខ្លាចគេដេញ ឬឈប់ឱ្យច្រៀង នោះ ច្បាស់ជាដាច់បាយមិនខាន។

ស្ត្រីពិការ កូយ ស្រីល័ក្ខ បានបញ្ជាក់ថា ពេលខ្លះគាត់ដើរសុំគេច្រៀងតាមរោងការ តែមានម្ចាស់ដើមការតិច ណាស់ដែលអនុញ្ញាតឱ្យពួកគាត់ឡើងច្រៀង រៃអង្គាសប្រាក់ ចំណែកភាគច្រើន គេពុំអនុញ្ញាតនោះទេ ដោយ សំអាងលើហេតុផលនេះ ហេតុផលនោះជាច្រើន ជួនត្រូវគេប្រើសម្តីមិនសមរម្យ ដេញចេញទៀតផង។ដូច្នេះជាចុងក្រោយ អ្នកស្រីស្នើសុំថ្នាក់ដឹកនាំ ជួយសម្របសម្រួលឱ្យពួកគាត់ជាជនពិការ មានលទ្ធភាពបាន ច្រៀងតាមស្តុបវិញផង កុំមានការចាប់និងដេញពួកគាត់អី ព្រោះពួកគាត់សុទ្ធតែជាជនពិការ ពឹងផ្អែកលើការ លក់សំនៀងតាមភ្លើងស្តុប ប្តូរយកប្រាក់ចិញ្ចឹមជីវិតប៉ុណ្ណោះ៕

RELATED ARTICLES