Tuesday, July 1, 2025
Homeសង្គម និងជីវិតទារកទើបកើត ម៉ែបោះចោលក្នុងព្រៃ អ្នកភូមិរើស យកមកចិញ្ចឹម

ទារកទើបកើត ម៉ែបោះចោលក្នុងព្រៃ អ្នកភូមិរើស យកមកចិញ្ចឹម

ខេត្តប៉ៃលិន ៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានគេយកមកបោះចោល នៅក្នុងចម្ការដំឡូងមី ១កន្លែង ដោយបេះ ស្លឹកដំឡូងគ្របពីលើ គាប់ជួនត្រូវបានអ្នកភូមិម្នាក់ ទៅរកកាប់ចេកក្បែរនោះ ឮសំឡេងយំ ដើររកមើល ឃើញ ទារកមានឈាមជាប់ទងផ្ចិត និងនៅមានដង្ហើមនៅឡើយ ទើបប្រញាប់រត់ទៅរាយ ការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ និងត្រូវបានអ្នកភូមិម្នាក់ សុំយក ទៅចិញ្ចឹម។

ករណីម៉ែយកកូនទើបកើត ប្លុងចោលក្នុងព្រៃចម្ការដំឡូងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង ៧និង៣០នាទី ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដំឡូងមី ១កន្លែង ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ទារកដែលត្រូវម្តាយយកមកប្លុងចោល មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ។ ចំណែកអ្នកដែលប្រទះឃើញទារក ឈ្មោះគុម ស្រីលីន ភេទស្រី មានលំនៅក្នុងភូមិខាងលើ។ ក្រោយពីប្រទះឃើញ ដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត ក៏ប្រគល់ឱ្យទៅមេការស្តង់ដំឡូងមីម្នាក់ ឈ្មោះវ៉ិត សុខលី អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំ មានកូនស្រី ២នាក់។ ទារកដែលរើសបាន ត្រូវបានពួកគេដាក់ឈ្មោះឱ្យថា លី សុខសំណាង។

តាមសម្តីស្ត្រីឈ្មោះភិន ឡោស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃ កើតហេតុ កូនស្រីរបស់គាត់ ឈ្មោះគុម ស្រីលីន បានដើរទៅកាប់ចេក នៅក្នុងចម្ការក្បែរផ្ទះ ស្រាប់តែឮ សំ ឡេងទារកយំ ពេលនោះនាងក៏ក្រឡេកមើលទៅលើដីចម្ការដំឡូងមី ក្បែររបង ស្រាប់តែប្រទះឃើញមាន ទារកម្នាក់ គ្របស្លឹកដំឡូងមី ដោយមានដង្ហើម មានឈាមហូរជោកខ្លួន (សង្ស័យទើបនឹងកើតថ្មីៗ) ហើយក៏រត់ ទៅប្រាប់គាត់ជាម្តាយ ឱ្យនាំគ្នាទៅមើល និងលើកបីយកទៅលាងជម្រះខ្លួន និងរាយការណ៍ជូនអាជ្ញាធរភូមិ។

ប្រភពដដែល បន្តថា ក្រោយពីប្រទះឃើញទារកដ៏កម្សត់ខាងលើ ដោយសារតែជីវភាពកូនរបស់គាត់ មាន ការខ្វះខាត និងមានកូនច្រើន ទើបប្រគល់ឱ្យទៅមេការស្តង់ដំឡូងមីខាងលើ ដើម្បីយកទៅចិញ្ចឹមទៅ។តាមសម្តីបុរសឈ្មោះវ៉ិត សុខលី និងប្រពន្ធឈ្មោះទិត្យ ឆវ័ន្ត ជាមេការស្តង់ដំឡូងមី និងរស់នៅភូមិ កើតហេតុ ខាងលើ បានឱ្យដឹងថា ពួកគាត់មានកូនស្រី២នាក់ ក្នុងបន្ទុករួចទៅហើយ ហើយមូលហេតុដែលពួកគាត់សុំ ទារកដែលរើសបាននេះ យកទៅចិញ្ចើម ព្រោះតែគ្រួសាររបស់ពួកគាត់មានតែកូនស្រី ដូច្នេះចង់បានកូន ប្រុសម្នាក់ទៀត ឱ្យបាន៣នាក់។ ហើយពួកគាត់សន្យាថា នឹងមើលថែរក្សាទារកខាងលើ ឱ្យបានល្អ ក្លាយ ទៅជាកូនរបស់ខ្លួន ដោយយកទៅចុះសំបុត្រកំណើត និងបញ្ចូលក្នុងសៀវភៅគ្រួសារថែមទៀតផង។

ជុំវិញករណីខាងលើនេះ អ្នកភូមិបានសម្តែងការអាណិតអាសូរដល់ទារកខាងលើយ៉ាងខ្លាំង និងបានរិះគន់ ទៅលើម្តាយឪពុករបស់ទារក ដែលមានចិត្តដាច់ ខ្វះព្រហ្មវិហារធម៌ក្នុងនាមជាឪពុកម្តាយ យកកូនដែល បង្កើតមកដោយឈាមទាំងថ្លុក មកបំបរបង់ចោល ក្នុងព្រៃ តែសំណាងត្រូវបានគេប្រទះឃើញទាន់ ចុះបើ គ្មានអ្នកបានឃើញ ឬបានដឹង ទារកខាងលើ មិនត្រូវស្រមោចរោមខាំស្លាប់ទៅហើយ៕

RELATED ARTICLES