Tuesday, July 1, 2025
Homeសង្គម និងជីវិតលួចម៉ូតូពីភ្នំពេញ ជាប់ខ្នោះ៣ នៅតាកែវ

លួចម៉ូតូពីភ្នំពេញ ជាប់ខ្នោះ៣ នៅតាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច នៅចំណុចម្តុំពេទ្យ លោកសង្ឃ រាជធានីភ្នំពេញ រួចក៏ជិះដឹកគ្នាសំដៅទៅខេត្តតាកែវ បម្រុងចូលលួចម៉ូតូ ១គ្រឿងទៀត តែត្រូវ ម្ចាស់គេឃើញទាន់ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ប្រដេញតាមចាប់ខ្លួនបានជាបន្តបន្ទាប់ សរុប៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួច កាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពៅ វាសនា ហៅវ៉ិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជ ធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)។ ទី២-ឈ្មោះភួង ផានិត ហៅឆេះ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកជិះកណ្តាល) និង ទី៣- ឈ្មោះជា តូច ហៅតូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកជិះពីក្រោយ)។ ចំណែកជនរងគ្រោះ មានឈ្មោះង៉ែត ខន ភេទប្រុស អាយុ៧០ឆ្នាំ ស្នាក់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានករណីអំពើលួច (លួចកាច់កម៉ូតូ) បានកើតឡើងនៅចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី  បង្កដោយជនសង្ស័យចំនួន៣នាក់ ប្រើមធ្យោបាយម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1021 (មធ្យោបាយដែលជិះធ្វើសកម្មភាព គឺក្រុមជនសង្ស័យ បានលួចកាច់កពីម្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញ) ដោយបានជិះដឹកគ្នា មកធ្វើសកម្មភាព បម្រុងលួច ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះង៉ែត ខន ប៉ុន្តែខណៈពេលដែលជនសង្ស័យឈ្មោះភួង ផានិត រៀបចំធ្វើសកម្មភាព ស្រាប់តែម្ចាស់មកទាន់ស្រែកឆោឡោចោរៗ រួចក៏ត្រូវបានប្រជាពលរដ្ឋជិតនោះជួយឃាត់ និងរាយការណ៍ មកសមត្ថកិច្ច។ រីឯបក្ខពួក បានជិះម៉ូតូគេចខ្លួនគេច និងទម្លាក់គ្នាចុះ ត្រូវបានកម្លាំងជំនាញ សហការកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ប្រដេញឃាត់ខ្លួនបានជនសង្ស័យឈ្មោះជា តូច ហៅតូច ត្រង់ចំណុចមុខរោងចក្រសាន់បូ ស្ថិតនៅភូមិជ័យជម្នះ ឃុំសៀមរាម ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយជិះបុកសន្តិសុខ ទើបឃាត់បាន។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្រប សម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវ រសេនីយ៍ទោ ជា យ៉ូរ៉ាន់ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងជំនាញ សហការជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះពៅ វាសនា ហៅវ៉ិត ត្រង់ចំណុចផ្ទះសំណាក់យីហោ ស្លឹកមាស ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES