Tuesday, July 1, 2025
Homeសង្គម និងជីវិតពលរដ្ឋបឹងតាមោក ប្រកាសដាក់ជីវិត ការពារដីផ្ទះ ដេញមិនចេញ សុខចិត្តស្លាប់

ពលរដ្ឋបឹងតាមោក ប្រកាសដាក់ជីវិត ការពារដីផ្ទះ ដេញមិនចេញ សុខចិត្តស្លាប់

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតំបន់បឹងតាមោក ដែលកំពុងប្រឈមនឹងការបណ្ដេញចេញ និងមួយចំនួនជាប់ បណ្ដឹងនៅតុលាការ បានប្រកាសដាក់ជីវិតការពារដីនិងផ្ទះ ដែលជាទ្រព្យចុងក្រោយរបស់ពួកគាត់ ដោយ សុខចិត្តស្លាប់នៅលើដីលំនៅ មិនព្រមចាកចេញឡើយ ទោះបីជាមានការបណ្តេញយ៉ាងណាក៏ដោយ ហើយ មិនព្រមទទួលយកសំណងដែលរដ្ឋាភិបាល ផ្ដល់ឲ្យនោះឡើយ ។ ចំណែកសកម្មជនសិទ្ធិមនុស្ស បានលើក ឡើងថា អយុត្តិធម៌ណាស់ ដីបឹងតាមោក ត្រូវបានកាត់ឲ្យអ្នកធំ តែបែរជាដេញអ្នកក្រចេញពីលំនៅ ឋានដែល ពួកគាត់ធ្លាប់រស់នៅទៅវិញ ។

 សូមបញ្ជាក់ថា មកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលរង ការបណ្តេញចេញ ពីលំនៅ ចំនួន២៥០គ្រួសារ មានមួយចំនួន បានយល់ព្រមចាកចេញទៅទីតាំងថ្មី តាមគោលការណ៍ដោះដូររបស់ អាជ្ញាធរ នៅសល់ ១១៣គ្រួសារទៀត បានក្រាញននៀលមិនព្រមចាកចេញ និងសុំអភិវឌ្ឍន៍នៅនឹងកន្លែង ដោ យការស្នើឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីដែលពួកគាត់កំពុងរស់នៅនោះ មានទំហំសរុបជាង ៥ហិកតារ និងចេញ ប្លង់រឹង ធ្វើសៀភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនដល់ពួកគាត់ ។  ប៉ុន្តែរដ្ឋាភិបាល បានបដិសេធ ហើយ បាន សម្រេចកាត់ផ្ទៃដីបឹងតាមោក ជាង៧០ហិកតារ (គិតត្រឹមខែសីហា ឆ្នាំ២០២៣) ដែលមានទំហំរហូតដល់ជាង ២ពាន់ ៣រយហិកតារ (២ ៣៧៦,៩៩) ប្រគល់ទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបុគ្គលឯកជន ដើម្បីសាងសង់ផ្សារ មន្ទីរពេទ្យ ផ្ទះល្វែង និងអគារផ្សេងៗ។

ពលរដ្ឋបឹងតាមោក ចាត់ទុកការសម្រេចរបស់រាជរដ្ឋាភិបាល ខាងលើនេះ ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ព្រោះអ្នកធំ អ្នកមានអំណាច បែរជាមានសិទ្ធិទទួលបានដីបឹងតាមោក យកទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឯពួកគាត់ដែលជាអ្នកក្រ តូចទាប គ្មានអំណាចបុណ្យស័ក្ដិ បែរជាត្រូវរងការបណ្ដេញចេញពីលំនៅដែលពួក គាត់កំពុងរស់នៅសព្វថ្ងៃ ។ ដូច្នេះពួកគាត់អះអាងថា បើទោះបីជាអាជ្ញាធរប្រើប្រាស់បណ្តឹង ផ្សេងៗដែល ជាយុទ្ធសាស្ត្រដើម្បីបំបាក់ស្មារតី និងកាត់បន្ថយសិទ្ធិពួកគាត់ រហូតធ្វើឲ្យតំណាងពួកគាត់ ចំនួន១០នាក់ កំពុង ជាប់បណ្ដឹងនៅតុលាការ និងតំណាង ២នាក់ទៀត បានរត់ភៀសខ្លួនទៅប្រទេសជិតខាងក៏ដោយ ក៏ពួក គាត់នឹងនៅតែតស៊ូទាមទារសិទ្ធិរស់នៅលើដីធ្លីរបស់ពួកគាត់ គឺសុខចិត្តស្លាប់ មិនព្រមចាកចេញជាដាច់ខាត ។

 អ្នកស្រី ស៊ា ដាវី តំណាងសហគមន៍សំរោងត្បូង ដែលកំពុងជាប់បណ្ដឹងនៅតុលាការ បានបញ្ជាក់តាមគណ នីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទិ០៧ ខែមករា ឆ្នាំ២០២៤ ថា  “7មករា ឆ្នាំ2024 ជាថ្ងៃសម្រាក តែមិនឲ្យស្ងប់ លិខិតពីតុលាការ មកទៀតហើយនិយាយទៅ នាំរវល់ដល់តុលាការ មិនបានទំនេរ ប៉ូលិសក៏រវល់ មកហត់នឿយនឹងប្រជាសហគមន៍សំរោងត្បូង មិនដឹងថាអស់លោកហត់ឬអត់ សម្រាប់ពួកខ្ញុំហត់នឿយ ធុញ ទ្រាន់នឹងរឿងច្រំដែល ដែលអស់លោកអាជ្ញាធរមែនទែន ដែលមានតួនាទីការពារនិងបម្រើពលរដ្ឋ តែផ្ទុយស្រ ឡះ អាជ្ញាធរបែជាធ្វើទុកបុកម្នេញមកលើពួកខ្ញុំ ឥតស្រាកស្រាន្ត ឃើញតែប្ដឹងពលរដ្ឋខ្លួនឯង យ៉ាងចម្លែកខុស គេខុសឯង។ ឈប់ធ្វើបាបពួកខ្ញុំទៅ ឲ្យពួកខ្ញុំរស់ដោយស្ងប់សុខផងបានទេ? ដីខ្ញុំ ផ្ទះខ្ញុំ ខ្ញុំការពារ បែរជាប្ដឹង ពួកខ្ញុំ ឱ! មន្រ្តីស្រុកខ្ញុំ ហេតុអីក៏អស់លោកចូលចិត្តចងកម្មជាមួយរាស្រ្តម្លេះ?»។

អ្នកស្រី ស៊ា ដាវី បន្តថា «ដីបឹងតាមោក អស់លោកអភិវឌ្ឍន៍អស់ហើយ សូមអស់លោកកុំចង់ អភិវឌ្ឍន៍លើដីផ្ទះ ពួកខ្ញុំទៀត ពួកខ្ញុំសុំប្រើសិទ្ធិការពារដីផ្ទះរបស់ពួកខ្ញុំហើយ ហើយពួកខ្ញុំគ្មានអីតតាំងនឹងកម្លាំងអស់លោកទេ មានតែជីវិតមួយដូចគ្នា ទុកការពារទ្រព្យចុងក្រោយរបស់ពួកខ្ញុំ សហគមន៍សំរោងត្បូង“ ។

 អ្នកស្រីស៊ា ដាវី បន្តទៀតថា “ទឹកភ្នែកពលរដ្ឋ បង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល សង្ឃឹមថា ឆ្នាំថ្មី ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ នេះ ប្រមុខរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ នឹងជួយដោះស្រាយដល់ពួក ខ្ញុំជាប្រជាសហគមន៍សំរោងត្បូង បានទទូលសិទ្ធិអភិវឌ្ឍន៍នៅនិងកន្លែង ហើយនឆងទម្លាក់បទចោទលើ ប្រជាសហគមន៍ទាំងអស់ផងចុះ! ពីព្រោះវិវាទនេះ រ៉ាំរ៉ៃយូរឆ្នាំមកហើយ ដីផ្ទះរបស់យើងខ្ញុំទាំងអស់គ្នា មិន នៅលើដីបឹង ដីអនុក្រឹត្យ មិននៅលើចំណីផ្លូវ តែជាដីស្រែប្រាំងរបស់ពួកយើងខ្ញុំ ដូច្នេះហើយ សូមជួយអន្ត រាគមន៍ដោយសេចក្ដីអនុគ្រោះផង និងសូមអស់លោកមន្រី្តខណ្ឌ បញ្ឈប់ធ្វើទុក្ខបុកម្នេញដល់ពួកខ្ញុំ និង ឈប់កកូរកកាយដីអាស្រ័យផលនិងដីលំនៅឋានពួកខ្ញុំតទៅទៀត ពួកខ្ញុំអង្វរចិត្តអស់លោកមន្រ្តីអើយ! អាសូរ្យ ដល់ពួកខ្ញុំជារាស្រ្តតូចតាចផង ឲ្យពួកខ្ញុំរស់ដោយសេចក្ដីសុខផង“ ។

  ភ្ជាប់ជាមួយចំណុចនេះ អ្នកស្រីស៊ា ដាវី បានរំលឹកពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រឆាំងការបណ្តេញចេញពី លំនៅឋាននៅបឹងតាមោក នេះថា “អាចក៏នៅ មិនអាចក៏នៅ ព្រោះពួកខ្ញុំរស់នៅទីតាំងនេះតាំងពីក្មេង ឥឡូវ ចាស់ៗអស់ហើយ អាជ្ញាធរសំអាងច្បាប់ ច្បាប់សម្រាប់តែការពារអ្នកមាន និងក្រុមហ៊ុនទេឬយ៉ាងណា? សូមផ្ដល់យុត្តិធម៌ដល់ពួកខ្ញុំជាប្រជារាស្រ្តខ្មែរផង មិនមែនបរទេសណាមករស់នៅដោយខុសច្បាប់នោះទេ សូមធ្វើសេចក្ដីសម្រេចឈរលើអព្យាក្រឹត្យ មិនលម្អៀងទៅលើលុយជាធំ។ យុត្តិធម៌មានទេសម្រាប់ពលរដ្ឋ? ពួកយើងបដិសេធ មិនទទូលការដូរទីតាំង សុខចិត្តស្លាប់លើដីរបស់ខ្លួន បើចង់បញ្ជួនពួកយើងចេញ សូមត្រៀមសែងសពពួកយើងផង ។ ដីបឹងតាមោក មាន 3239ហិតារ គ្រាន់តែកាត់ឲ្យពលរដ្ឋរបស់ខ្លួន ត្រឹម ៥ហិតារ ប៉ុណ្ណឹងធ្វើមិនកើត ពិតជាអសមត្ថភាពពេកហើយ គួរតែលាលែងពីតំណែងហើយលោកមន្រ្តី“ ។

 ជាមួយគ្នានោះដែរ អ្នកស្រីប្រាក់ សុភា ប្រធានសហគមន៍សំរោងត្បូង ដែលពេលនេះបានភៀសខ្លួនទៅដល់ ប្រទេសថៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ថា ពលរដ្ឋសហគមន៍របស់អ្នកស្រី ប្ដូរ ស្លាប់ក្នុងការការពារដីនិងផ្ទះរបស់ពួកគាត់ មិនព្រមចាកចេញទេ ពីព្រោះការចាកចេញនោះ សំណងផ្ដល់ឲ្យ មិនសមរម្យ  ។ អ្នកស្រី បន្តថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានចោទប្រកាន់អ្នកស្រី និងតំណាងសហគមន៍ម្នាក់ ទៀត ថាមានគម្រោងធ្វើបដិវត្តន៍ពណ៌ បន្ទាប់ពីអ្នកស្រី បានប្រមូលផ្តុំពលរដ្ឋផ្សេងទៀត ឱ្យចេញមកធ្វើកូដកម្ម ដោយសន្តិវិធី និងតាមរយៈការដាក់ញត្តិនៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិ បាល ។ អ្នកស្រី បន្តថា ការចោទប្រកាន់នេះ អយុត្តិធម៌បំផុតសម្រាប់អ្នកស្រី និងពលរដ្ឋបឹងតាមោក ផ្សេងទៀត ព្រោះអ្នកស្រីគ្រាន់តែតវ៉ាទាមទារសិទ្ធិក្នុងការកាប់ដីធ្លីផ្ទះសម្បែងរបស់អ្នកស្រី នៅលើបឹងតាមោក ដែលស្ថិតនៅ ក្រៅអនុក្រឹត្យរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។ ដូច្នេះជាមួយនឹងភាពអយុត្តិធម៌នេះ អ្នកស្រីនៅតែតស៊ូពីក្រៅប្រ ទេសមក តាមបណ្ដាញផ្សព្វផ្សាយសង្គម ជាមួយតំណាងរបស់អ្នកស្រីនៅក្នុងស្រុក រួមទាំងក្រុមគ្រួសាររបស់ អ្នកស្រីផង ដើម្បីស្នើរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ មកលើពួក គាត់ដែលមិនព្រមចាកចេញ ហើយទទួលយកសំណងបន្តិចបន្តួច» ។

 អ្នកស្រីប្រាក់ សុភា បានមានប្រសាសន៍ថា “ចា! ចំពោះជំហរខ្ញុំ ដែលខ្ញុំជាតំណាង ក៏ដូចជាពលរដ្ឋដែល រងគ្រោះនៅបឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលកំពុងតែស្នើសុំការអភិវឌ្ឍទៅ តាមក្រសួងនានាថ្មីៗនេះ គឺពួកយើងប្ដូរស្លាប់ជាមួយនឹងរដ្ឋបាលក្រោមរបស់រាជរដ្ឋាភិបាល មិនព្រមចាក ចេញទេ ពីព្រោះការចាកចេញនោះ សំណងផ្ដល់ឲ្យយើងខ្ញុំមិនសមរម្យ ។ អ៊ីចឹងបងប្អូនណាដែលទទួលយកសំណងដែលសមរម្យរបស់អភិបាលឃួង ស្រេង អញ្ជើញទៅទទួលទៅ ប៉ុន្តែពួកយើងខ្ញុំដែលមិនព្រម សូមឲ្យអភិបាលឃួង ស្រេង ក៏ដូចនាយករដ្ឋមន្រ្តីថ្មី មេត្តាពិចារណាសំណើ ពួកយើង ពីព្រោះពួកខ្ញុំអត់រស់នៅប៉ះដីអនុក្រឹត្យផ្ទៃបឹងទេ ពួកខ្ញុំរស់នៅលើដីស្រែប្រាំងអាស្រ័យផល ។ គោលនយោបាយល្អៗរបស់អស់លោក បើល្អទេ ទៅអភិវឌ្ឍកន្លែងល្អៗ កុំអភិវឌ្ឍតំបន់ដែលអត់ល្អ ដែលពួក ខ្ញុំកំពុងតែវិវាទ កំពុងតែទាមទារ ហើយកំពុងតែជាប់នូវបទឧក្រិដ្ឋ ដីកាតុលាការ ។ អ៊ីចឹងសំណុំរឿងបែបបទតុលាការ គឺអត់អាចអស់លោកមកប៉ះពាល់បានទេ អ៊ីចឹងសុំមេត្តាយកច្បាប់មកអនុវត្ត កុំអស់លោកគោរពច្បាប់ហើយជាន់លើច្បាប់ អង្គុយលើច្បាប់ហើយ ឲ្យពួកយើងខ្ញុំគោរពច្បាប់ ហើយដូចទង្វើ ថ្មីៗ កាលពីថ្ងៃទី១៩ ខែធ្នូ មកវ៉ៃប្រជាសហគមន៍យើងដោះអាវ វ៉ៃក្មេងមិនទាន់គ្រប់អាយុ វ៉ៃស្រ្តីកូនខ្ចី វ៉ៃស្រ្តីពកូន នេះ ក្នុងនាមដែលខ្ញុំជាតំណាង ក្នុងនាមដែលខ្ញុំជាប្រធានសហគមន៍ ហើយខ្ញុំរងការគំរាមកំហែង ក៏ដូចជាតេ គំរាម ក៏ដូចជាខម្មិនគំរាម ក៏ដូចជាសម្លុតផ្ទាល់មាត់ ទើបយើងខ្ញុំសម្រេចចិត្តភៀសខ្លួនមកដល់ប្រទេសថៃ ។ អ៊ីចឹងខ្ញុំសុំជម្រាបប្រាប់ជំហរដល់អស់លោកថា ខ្ញុំបានរត់ភៀសខ្លួនមកដល់ប្រទេសថៃ ហើយ កំពុងតែសុំការ ជ្រកកោនពីអង្គការសហប្រជាជាតិ UNCHR THAILAND ។ អ៊ីចឹងពួកអស់លោក លោកជំទាវដែលចង់ប្លន់ លំនៅឋានពួកយើងខ្ញុំ ក្រោមលេសអភិវឌ្ឍ សុំមេត្តាពិចារណាទឹកភ្នែកពួកយើងខ្ញុំផង ពីព្រោះពួកយើងខ្ញុំនៅ សល់ចំនួនតែ ៧៧ខ្នងផ្ទះ ១១៣គ្រួសារទេ ២០០ជាងនាក់ទេ ទុកឲ្យពួកយើងរស់នៅតំបន់សេដ្ឋកិច្ច ។ ក្រោយពីពួកយើងខ្ញុំបានបាត់ចំណូលពីផ្ទៃបឹងទាំងស្រុង ពួកយើងបានចាញ់បោកមេខ្យល់ ពួកយើងបានបាត់ បង់ធនធាន រងវិបត្តិនូវការបង់ធនាគារ ប្រឈមមុខនឹងការបញ្ឈប់កូនទៅរៀន ដើម្បីជួយរកចំណូលផ្គត់ ផ្គង់ដល់ជីវភាពក្នុងផ្ទះ ពិសេសបំផុត នាងខ្ញុំត្រូវរត់ភៀសខ្លួនដោយការគំរាមកំហែងដីកាតុលាការ ។ អ៊ីចឹងសូមមេត្តាអស់លោកកុំហែលទឹកភ្នែកពលរដ្ឋ កុំហែលបណ្ដាសាពលរដ្ឋបន្តទៀតអី ពីព្រោះដីថ្មធ្ងន់ណាស់ ។ អ៊ីចឹងអស់លោកណាដែលចង់បានដីយើងខ្ញុំ គឺពួកយើងខ្ញុំដាក់បណ្ដាសាអស់លោក មន្រ្តីដែលពាក់ព័ន្ធទាំង អស់ ពីព្រោះអី? ដីនេះ គឺពួកយើងអត់មានសំណាងទទួលបានពីរដ្ឋាភិបាលសម្បទានទេ គឺដីកម្លាំងញើស ឈាមពលរដ្ឋយើងខ្ញុំទាំងអស់គ្នា ។ អ៊ីចឹងជំហររបស់ខ្ញុំ អត់លក់ក្បាលដូចមនុស្សថ្លៃថ្នូរដែលលក់កន្លងមកទេ អត់ប្រធានចាស់ ខ្ញុំអត់ទៅថោកទេ ទើបខ្ញុំយកជម្រើសរត់ភៀសខ្លួន អស់លោកទេ ដែលបង្ខំខ្ញុំឲ្យជ្រើសជម្រើស រត់ភៀសខ្លួន ប៉ុន្តែអរគុណដែលខ្ញុំមកទីនេះ ខ្ញុំមានឱកាសវ៉ៃបក តែបើអស់លោកចាប់ខ្ញុំហើយ គឺអស់លោក ដកទូរស័ព្ទ មិនដឹងថា អស់លោកធ្វើរូបភាពអីមកលើខ្ញុំ នៅពេលដែលអស់លោកទិញ ។ អ៊ីចឹងស្នើទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺលោកអភិបាល ឃួង ស្រេង មេត្តាពិចារណាផង ថា ផ្ទៃបឹងទាំងមូលដែលពួកអស់លោកយកដីអាស្រ័យផលកណ្ដាលបឹងរបស់ពលរដ្ឋទទេនោះ អត់គ្រប់គ្រាន់មែន? ទាល់តែប្លន់យកលំនៅឋានពួកយើងដែលជាដីស្រែប្រាំងនៅខាងមុខនេះ បានអស់លោកគ្រប់គ្រាន់មែន?“ ។

 អ្នកស្រីប្រាក់ សុភា បន្តថា “ខ្ញុំសូមជម្រាបថា ជំហរពួកខ្ញុំ ប្ដូរងាប់ ហើយមេត្តាកុំលាបពណ៌ពលរដ្ឋក្រោម ប្រធានបទញុះញង់ រារាំងអាជ្ញាធរសាធារណៈ បដិវត្តន៍ពណ៌ អបគមន៍ វាជារឿងមួយដែលបញ្ជាក់ថា រដ្ឋាភិ បាល មិនមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ មិនបានផ្ដល់សិទ្ធិលំនៅឋានសមរម្យ រំលោភបំពាន សិទ្ធិពលរដ្ឋក្រោមលេសអ្នកអភិវឌ្ឍ ។ អ៊ីចឹងយើងចង់និយាយថា សន្តិភាព ឲ្យមានឈ្មោះ កុំឲ្យសន្តិភាពក្រោម តំណក់ទឹកភ្នែកពលរដ្ឋ សុំកុំឲ្យមានការអភិវឌ្ឍទៅលើក្ដីឈឺចុកចាប់របស់ពួកយើងខ្ញុំបឹងតាមោក បន្តទៀត សំណើពួកយើងខ្ញុំដែលសុំអភិវឌ្ឍ ។ អ៊ីចឹងជំហររបស់ខ្ញុំ បើសារព័ត៌មានផ្សាយចេញ បងប្អូនណាដែលទៅ តាមមេខ្យល់ សុំអញ្ជើញ! ដែលលោកអភិបាលគ្រោងទិញបង អូខេ! បងប្អូនលក់ សូមអញ្ជើញ! តែអ្នកដែល នៅសល់ យើងសុំគោលនយោបាយអភិវឌ្ឍនៅនឹងកន្លែង ពួកយើងអត់ចេញពីតំបន់សេដ្ឋកិច្ចទេ អត់ទៅនៅ ព្រៃរហោឋានទេ ។ អ៊ីចឹងជំហររបស់ពួកយើងខ្ញុំ អត់ដោះដូរទេ បើលក់ គឺលក់តម្លៃទីផ្សារ បើពួកខ្ញុំមិនអាចរស់ នៅតំបន់សេដ្ឋកិច្ចបាន សូមទិញតម្លៃទីផ្សារ ។ តម្លៃទីផ្សារ លក់១ម៉ែត្រប៉ុន្មាន ខ្ញុំលក់តម្លៃប៉ុណ្ណឹង ពីព្រោះ តំបន់សេដ្ឋកិច្ច វាអត់ដែលថោកទេ ដីរបស់អស់លោក គឺជារឿងរបស់អស់លោក តែដីដែលមិនល្អរបស់ពួកខ្ញុំ តម្លៃទីផ្សារតម្លៃ៤ម៉ឺន ចរចាគ្នា បងប្អូនណាដែលអត់មានលទ្ធភាព លក់១ម៉ឺន ទិញ១ម៉ឺនទៅ ពួកខ្ញុំ ដែលលក់ ៣ម៉ឺន ទិញ៣ម៉ឺន ពួកខ្ញុំលក់ ៤ម៉ឺន គឺទិញពួកយើងទៅតាមហ្នឹង បានវាលើកមុខលើកមាត់ដល់ថ្នាក់ដឹកនាំ លោកហ៊ុន ម៉ាណែត ។ តែបើសិនជាលោកហ៊ុន ម៉ាណែត ក៏ដូចជានាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបិទ ភ្នែកដល់សហគមន៍បឹងតាមោក ទេ វាបញ្ជាក់ពីកម្សោយការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី ។ ខ្ញុំនៅក្រៅប្រទេសមែន តែដរាបណាដង្ហើមខ្ញុំនៅដក ខ្ញុំនៅតែតស៊ូតាម  Social Media ដដែល ។ នៅពេលដែលខ្ញុំហត់ ខ្ញុំសុំសម្រាក ខ្ញុំជូតទឹកភ្នែកខ្ញុំ ខ្ញុំនៅតែបន្តទៅមុខដដែល ខ្ញុំអត់អាចបំភ្លេចបឹងតាមោក បានទេ ព្រោះបឹងតាមោក ជាក្ដីស្រលាញ់ចុងក្រោយ ក្រោយពីខ្ញុំបានបាត់ដីនៅបុរីកីឡា ។ អ៊ីចឹងគ្រួសាររបស់ខ្ញុំ គាត់នៅជំហរនៅលើដីផ្ទះខ្ញុំទេ ប្ដីខ្ញុំនៅចូលរួមជាមួយសមាជិក គ្រាន់តែប្ដីខ្ញុំអត់ចេញមុខដូចខ្ញុំ ។ អ៊ីចឹងសូមអំពាវនាវឲ្យថ្នាក់ដឹកនាំ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មេត្តាសម្លឹងមើលផង ថាការអភិវឌ្ឍទៅលើទឹកភ្នែកពលរដ្ឋនេះ វាផុសផុលបែបណា? នាយករដ្ឋមន្រ្តីថ្មី មាន បានឃើញទេ? ដែលលោករៀនបានបណ្ឌិត ទៅដល់ស្រុកក្រៅ ហើយមានយកមកអភិវឌ្ឍនៅប្រ ទេសខ្លួនទេ? មានខ្មាសប្រទេសថៃ ទេ? រាល់ថ្ងៃ ខ្ញុំនៅលើទឹកដីថៃ ខ្ញុំចង់ក្អួត ។ ខ្មែរយើងអត់មានសិទ្ធិទិញសញ្ជាតិថៃ បាន អត់មានសិទ្ធិរកស៊ីបាន ក្រៅពីធ្វើខ្ញុំប្រទេសថៃ ទេ ។ ខ្ញុំសរសើរនាយករដ្ឋមន្រ្តីថៃ ខ្ញុំសរសើរស្ដេចថៃ ខ្ញុំនិយាយ ការពិត ក្នុងនាមខ្ញុំឈាមខ្មែរ ខ្ញុំមានមោទនភាពចំពោះប្រទេសថៃ ទោះបីជាខ្ញុំឈរនៅក្នុងនាម ជនភៀសខ្លួន ក៏ដោយ ហើយខ្ញុំអត់ខ្លាចទេ បើខ្ញុំខ្លាច ខ្ញុំអត់ចូលរួមធ្វើជាតំណាងមកដល់ថ្ងៃដែលខ្ញុំរត់គេចខ្លួនទេ ខ្ញុំសុំ ជម្រាប!“ ។

  អ្នកស្រីប្រាក់ សុភា បន្តទៀតថា “ចំពោះការប្ដេជ្ញារបស់ពួកខ្ញុំ ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្រ្តី យកច្បាប់មក អនុវត្ត យកកិច្ចព្រមព្រៀង ២៣ តុលា យកម្ចាស់ហត្ថលេខី យកមកអនុវត្ត ។ ខ្ញុំសុំឲ្យនាយករដ្ឋមន្រ្តី មេត្តាអន្តរា គមន៍ដល់រដ្ឋបាលក្រោម គឺលោកអភិបាល ឃួង ស្រេង ក៏ដូចលោកធឹម សំអាន (អភិបាលខណ្ឌព្រែកព្នៅ) ក៏ដូចលោកស៊ូ ស៊ីវុត្ថា (ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ ) សូមមេត្តាអន្តរាគមន៍ទាំង៣នាក់ហ្នឹង បន្ទាប់ពីមន្រ្តីពាក់ព័ន្ធផ្សេងៗទៀត លោកជំទាវផ្សេងៗទៀត ដែលចង់ប្លន់លំនៅឋានពួកយើង ខ្ញុំជាប្រជាពលរដ្ឋ ដែលនៅសល់បន្តិចបន្តួចនេះ ។ ហើយខ្ញុំសូមជម្រាបថា មិនបាច់ចំណាយពេលមកទាក់ទងទិញក្បាលខ្ញុំទេ ។ បើទិញបាន ទិញតាំងពីនៅស្រុកខ្មែរ តែបើសិនជាចង់ទិញ ចរចាជាមួយខ្ញុំ ដូចមេខ្យល់មុន ដូចអតីតប្រធានមុន ដែលឲ្យសាលាក្រុង ទិញបាន សូមទិញក្រុមរបស់ខ្ញុំ ។ ក្រុមខ្ញុំដែលតស៊ូឆ្នើមនេះ ដែលគាត់ផុសផុលខ្លាំង បន្ទាប់ពីខ្ញុំចាកចេញមក គាត់នៅតែតស៊ូទៀតនេះ ដែលប្រឈមមុខនឹងការចាប់ខ្លួនរាល់ថ្ងៃនេះ ដោះស្រាយឲ្យ ក្រុមខ្ញុំ! ហើយអ្នកដែលគាត់មិនហ៊ាន មិនចេញ អស់លោកធ្វើអី ធ្វើទៅ ពីព្រោះយើងអ្នករងគ្រោះ ហើយយើង មិនចេញតស៊ូជួយគ្នាទេ ពួកខ្ញុំហត់នឿយ ហើយខ្ញុំមកនេះ ខ្ញុំចាយលុយខ្លួនឯង ក្នុងកាលៈទេសៈដែល សេដ្ឋកិច្ច កំពុងតែដាំក្បាលចុះ តើអារម្មណ៍ខ្ញុំឈឺចាប់បែបណា? ខ្ញុំសុំជម្រាបទៅដល់អ្នកដឹកនាំ ។ អ៊ីចឹងហើយសូមមេត្តាយោគយល់ដល់ការជ្រុលជ្រួស និងឆេវឆាវរបស់ខ្ញុំ ដោយក្ដីអធ្យាស្រ័យផង ព្រោះខ្ញុំជា ពលរដ្ឋល្ងឹតល្ងង់ ជាសកម្មជនដីធ្លីដែលរងគ្រោះ ជាពលរដ្ឋខ្មែរដែលរងការឈឺចាប់បំផុត ពីការអភិវឌ្ឍបឹង តាមោក“ ។

 ទោះបីយ៉ាងណា ជុំវិញការលើកឡើង និងការបន្តប្ដេជាចិត្តការពារដីផ្ទះរបស់ពលរដ្ឋបឹងតាមោក នៃសហគមន៍ សំរោងត្បូង ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកធីម សំអាន អភិបាល ខណ្ឌព្រែកព្នៅ និងលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានទេ កាលពីម្សិលមិញ ។

 ដោយឡែក លោកសាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន បានលើកឡើងថាថា រាជរដ្ឋាភិបាល បាន កាត់ដីបឹងតាមោក ជូនអ្នកធំ តែដេញប្រជាពលរដ្ឋ អ្នកក្រ ចេញពីលើដីបឹងតាមោក ដែលពួកគាត់កំពុងរស់ នៅជាក់ស្តែង ពិតជាយុត្តិធម៌ពេកហើយ ៕

RELATED ARTICLES