ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ដោយតែងរករឿងវាយធ្វើបាបម្តាយ បង្កើត និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទោះជាម្តាយប្តឹងសមត្ថកិច្ចឱ្យចាប់យកទៅអប់រំ ធ្វើកិច្ចសន្យាយ៉ាង ណា ក៏នៅតែមិនកែ បន្តប្រើប្រាស់ថ្នាំញៀន រករឿងវាយដំម្តាយ និងថែមទាំងគាស់ទ្វារផ្ទះ យកទៅលក់អេត ចាយទៀតផង រហូតធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនប្រុស យកទៅចាត់ការ តាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ កូនវាយម្តាយបង្កើត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនេះ បានកើតឡើងកាល ពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុង អរិយក្សត្រ។

ស្ត្រីរងគ្រោះជាម្តាយ ដែលត្រូវកូនប្រុសវាយ បណ្តាលឱ្យរងរបួស មានឈ្មោះម៉ៅ សំអូន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខា សុខឃៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន ហើយឈានដល់ ការប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះជាម្តាយបង្កើត ជាច្រើនដង។ បន្ទាប់មកបានសមត្ថកិច្ចកោះហៅជនសង្ស័យទៅធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង ផងដែរ ប៉ុន្តែបន្ទាប់ពីធ្វើកិច្ចសន្យារួច ត្រឡប់ទៅផ្ទះវិញ ជនសង្ស័យមិនព្រមកែខ្លួនទេ នៅតែបន្តសេពគ្រឿងញៀន និងប្រើប្រាស់អំពើហិង្សាមកលើជនរងគ្រោះជាម្តាយដដែល។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ត្រីរងគ្រោះជាម្តាយកំពុង នៅផ្ទះអ្នកជិតខាងឈ្មោះ ស៊្រុន ស្រាប់តែកុមារីឈ្មោះចាន់ណា បានមកប្រាប់ជនរងគ្រោះថា “យាយៗ ពូឃៀង គាស់ទ្វារផ្ទះយាយ” ពេលឮភ្លាម ស្ត្រីរងគ្រោះជាម្តាយភ័យ មិនហ៊ានទៅម្នាក់ឯងទេ ដោយបានហៅក្មេងៗ ទៅជួយមើល ពេលទៅដល់ ឃើញទ្វារផ្ទះរបស់ខ្លួន ត្រូវគាស់ចេញពីផ្ទះបាត់អស់ ភ្លាមនោះស្ត្រីរងគ្រោះបាន ប្រញាប់ទៅមើលនៅផ្ទះទិញអេតចាយ ស្ថិតនៅភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ក៏ឃើញទ្វារ ផ្ទះរបស់ ខ្លួន ចំនួន២ផ្ទាំង ត្រូវជនសង្ស័យជាកូនប្រុស យកទៅលក់នៅទីនោះ ក្នុងតម្លៃ៥ម៉ឺនរៀល ពេលនោះ អ្នកទិញអេតចាយ ក៏ប្រគល់ទ្វារដែកនោះ ឱ្យស្ត្រីរងគ្រោះវិញ ដោយមិនយកប្រាក់។

បន្ទាប់មក ស្ត្រីរងគ្រោះជាម្តាយ បានបន្តដើររកទ្វាររបស់ខ្លួន ចំនួន២ផ្ទាំងទៀត ក៏ឃើញនៅផ្ទះទិញអេតចាយ មួយកន្លែងទៀត ហើយក៏បានប្រាប់អ្នកទិញអេតចាយថា ជារបស់គាត់ កុំទាន់ដឹកចេញទៅណា។ លុះព្រឹកឡើង ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្ត្រីរងគ្រោះបានធ្វើដំណើរទៅផ្ទះទិញអេតចាយ មើលទ្វាររបស់ខ្លួនដែលបានផ្តាំ ឱ្យទុក តែមិនឃើញ ក៏ត្រឡប់មកប្តឹងសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង តែម្តង។បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះខា សុខឃៀង មកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕