ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែស្ត្រីជាប្រពន្ធ ទាញម៉ូតូ ជិះចេញពីផ្ទះ ដឹកកូនប្រុសតូចម្នាក់ទៅជាមួយ ទៅបាត់មិនឃើញត្រឡប់មកវិញ ធ្វើឱ្យបុរសជាប្តីភ័យព្រួយ ពីសុវត្ថិភាពប្រពន្ធកូន ខំតាមស្វែងរកដែរ តែមិនឃើញ បានត្រឹមដង្ហោយហៅ “វិលវិញមកអូន”។

ស្ត្រីជាប្រពន្ធដែលខឹងប្តី នាំកូនប្រុសចុះចោលផ្ទះនោះ មានឈ្មោះក្រី កឹមស៊្រី មានប្តីឈ្មោះជុំ រ៉ាវុធ និងមាន កូនប្រុសម្នាក់ក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ស្ត្រីជាប្រពន្ធនេះ បានចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិន ទាន់ត្រឡប់មកវិញនៅឡើយ។
បុរសជាប្តីឈ្មោះជុំ រ៉ាវុធ បានឲ្យដឹងថា “ខ្ញុំបាទបានបាត់ប្រពន្ធ ចុះចេញពីផ្ទះ នៅថ្ងៃកើតហេតុខ្ញុំបាទ និងភរិយា ខ្ញុំ បានឈ្លោះទាស់ទែងគ្នាជាមួយនឹងភរិយារបស់ខ្ញុំ ឈ្មោះក្រី កឹមស៊្រី ដែលរស់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ពេលនោះគាត់បានជិះម៉ូតូចេញពីផ្ទះ ថែមទាំងបានយកកូនប្រុសទៅជាមួយផងដែរ ឈ្មោះខ្មៅ គឹមលី និងម៉ូតូហុងដា ឌ្រីម សេ១២៥ មួយគ្រឿង ទៅជាមួយ ពាក់ស្លាកលេខ ស្វាយរៀង 1S-2697…”។

បុរសជាប្តីរូបនេះ បានបន្តថា “ប្រសិនបើបងប្អូនណាបានជួបប្រទះ ឬឃើញភរិយារបស់ខ្ញុំបាទរួមទាំងកូនម្នាក់ នៅកន្លែងណា សូមជួយទំនាក់ទំនងមកខ្ញុំបាទតាមរយៈទូរស័ព្ទលេខ 088 45 45 446 គាត់ចេញពីផ្ទះតាំង ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តាំងពីថ្ងៃហ្នឹងមកខ្ញុំ បាទមិនបានទទួលដំណឹងសោះ បើសិនជាបងប្អូនបានឃើញ នៅកន្លែងណា សូមជួយផ្តល់ដំណឹងឱ្យខ្ញុំបាទដោយក្តីអនុគ្រោះផង ខ្ញុំបាទសូមអរគុណទុកជាមុន…”៕