ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរស់នៅតំបន់មាត់កំពង់ដ (ចុងទឹក) ស្ថិតក្នុងភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជារៀងរាល់ល្ងាច ជាពិសេសនៅពេលយប់ ក្រុមឈ្មួញបានដឹកជញ្ជូនលៀស តាមកាណូត ធំៗយ៉ាង គគ្រឹកគគ្រេង ដើម្បីច្រកចូលការុង លើកឡើងលើ រថយន្តចំណុះ២តោនកន្លះ និង៥តោន រួចយកទៅឡើងរថយន្តប្រភេទវេអង យីឌុប (ភ្លៅ៥) ហើយបន្តដឹក ទៅប្រទេសវៀតណាម ដើម្បីកែច្នៃធ្វើជាចំណីត្រី ឬបង្កង។

បញ្ហាបំផ្លិចបំផ្លាញពូជមច្ឆជាតិយ៉ាងមហន្តរាយនេះ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ធ្លាប់បានចុះធ្វើការអប់រំ រហូតឈានដល់ធ្វើការពិន័យអន្តរកាលផងដែរ ប៉ុន្តែដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ ព្រោះក្រុមឈ្មួញ នៅតែធ្វើសកម្មភាពបានជារៀងរាល់ថ្ងៃដដែល។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានបញ្ជាក់ថា សកម្មភាពក្រុមកែច្នៃធ្វើឈ្នាងអូសលៀសអូសទាញដោយ កម្លាំងម៉ាស៊ីន រួចដឹកជញ្ជូនបន្តទៅចែកចាយនៅមាត់កំពង់ដខាងលើ គឺបានធ្វើសកម្មភាពនៅលើផ្ទៃទឹកបឹង ទន្លេសាប ក្នុងដែនសមត្ថកិច្ចខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តកំពង់ធំ ៘ រួចដឹកជញ្ជូនបន្តតាមកាណូតធំៗ ទៅចំណុចភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយ ក្រុមឈ្មួញធំជាងគេ នៅទីកន្លែងនោះ ត្រូវបានគេស្គាល់ឈ្មោះ ចែនី និងតាម៉ុង។

គួរបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងបញ្ហានេះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាព រដ្ឋបាល ស្រុកក្រគរ ដែលមានលោកលីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយនិង សម្របសម្រួលលើបញ្ហានៃការនេសាទដោយឧបករណ៍ ឈ្នាងអូសលៀស ដោយកម្លាំងម៉ាស៊ីន និងការដឹក ជញ្ជូនលៀស ដែលមានសមាសភាពចូលរួម លោកអភិបាលរងស្រុកក្រគរ លោកនាយរងផ្នែករដ្ឋបាលជល ផលក្រគរ និងអាជ្ញាធរឃុំកំពង់ហ្លួង។

កិច្ចប្រជុំរវាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញខាងលើ ត្រូវបានលោកអភិបាលស្រុកក្រគរ បានសម្រេចឱ្យ អាជ្ញាធរមូលដ្ឋាន កំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំរកលៀស និងបានកំណត់ឱ្យត្រឹមចំនួន ៦ការុង ក្នុង១គ្រួសារ ក្នុង១ការុង ស្មើនឹងទម្ងន់ ៨០គីឡូក្រាម។ ចំពោះទីតាំងអូសលៀស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវកំណត់ទីកន្លែងឱ្យបានច្បាស់លាស់។ ចំពោះការនេសាទដោយប្រើឧបករណ៍កែច្នៃឈ្នាងអូសលៀសដោយប្រើប្រាស់កម្លាំងម៉ាស៊ីន មន្ត្រីជំនាញ ជលផល ត្រូវសុំគោលការណ៍ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីសម្រេចការអនុញ្ញាត ក្នុងការកំណត់កម្លាំងម៉ាស៊ីន។ ចំពោះការដឹកជញ្ជូនលៀសចំណីសត្វ នាំចេញទៅក្រៅប្រទេស ត្រូវបាន ហាមឃាត់៕
