ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់ សាធារណជន អំពីរដូវត្រីត្រូវ ជាលើកទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលជលផល បានបញ្ជាក់ថា ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ តាមការសង្កេតបន្ទាប់ពីខ្នើត ខែមិគសិរ កន្លងមកនេះ ត្រីនៅតែបន្តផ្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដង ទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មាន ភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល អំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញ រួសរាន់មកទិញត្រី នៅតាមដាយត្រី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ តាមពេលវេលា និង ទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង៕