ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានរឿងរកាំរកូសនឹងគ្នាបន្តិចបន្តួច ស្រាប់តែក្រោយមក នៅពេលបុរស ជាប្តីចេញទៅធ្វើការរោងចក្របាត់ ស្ត្រីជាប្រពន្ធបាននាំកូនប្រុសស្រីទាំង៣នាក់ ចាកចេញពីផ្ទះជួលចោល ប្តីបាត់ លុះប្តីមកពីធ្វើការ បាត់ប្រពន្ធកូន មិនដឹងទៅណា សូម្បីទូរស័ព្ទក៏ទាក់ទងមិនចូល ទើបធ្វើឱ្យបុរសជា ប្តីព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធកូន ក៏កាន់រូបថតដើររកប្រពន្ធ និងថែមទាំងបានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ផងដែរ។

ករណីប្តីបាត់ប្រពន្ធ កាន់រូបថតដើរស្វែងរកនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលកាន់រូបថតដើររកប្រពន្ធ និងកូននេះ មានឈ្មោះហ៊ឹម កុសល អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រ ពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែកស្ត្រីជាប្រពន្ធ ដែលបាត់ខ្លួន មាន ឈ្មោះកែវ ចាន់ឌី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ និងមានស្រុកកំណើតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ គាត់បានចេញពីផ្ទះ ទៅធ្វើការរោងចក្រដូចសព្វដង ដោយប្រពន្ធនៅផ្ទះមើលថែកូនតាមធម្មតា។ លុះមកដល់ម៉ោងបាយថ្ងៃត្រង់ គាត់ត្រឡប់មកហូបបាយនៅផ្ទះ ជុំប្រពន្ធកូន តាមទម្លាប់ ស្រាប់តែបាត់ ប្រពន្ធនិងងកូនប្រុសស្រីទាំង៣នាក់ មិនដឹងទៅណា ដោយដំបូងឡើយ គាត់នឹកស្មានថា ប្រពន្ធនាំកូន ទៅលេងផ្ទះអ្នកជិតខាង ទើបដើរតាមរក តែមិនឃើញ លុះពេលទៅពិនិត្យមើលទូខោអាវ ឃើញទទេស្អាត ទើបភ្ញាក់ខ្លួន និងសង្ស័យថា ប្រពន្ធនាំកូនរត់ចោលគាត់ជាប្តីតែម្តង។

បុរសជាប្តី បន្តថា ក្រោយមក មានអ្នកជិតខាងបានប្រាប់គាត់ថា គេបានឃើញប្រពន្ធនិងកូនរបស់គាត់ ទាំង៣នាក់ ចាកចេញពីផ្ទះជួល តាំងពីវេលាព្រឹកម៉្លេះ ពោលគឺក្រោយពេលដែលគាត់ចេញទៅធ្វើការផុតបន្តិច។ ប៉ុន្តែពុំមាននរណាម្នាក់បានចាប់អារម្មណ៍ថា ប្រពន្ធកូនគាត់ រត់ចោលគាត់បែបនេះឡើយ។

បុរសជាប្តី បានបញ្ជាក់ប្រាប់ថា មុនពេលប្រពន្ធគាត់បាត់ខ្លួនពីផ្ទះ គឺរវាងពួកគាត់២នាក់ប្តីប្រពន្ធ បានកើតមាន ទំនាស់នឹងគ្នាបន្តិចបន្តួច ហើយគាត់មិននឹកស្មានថា ប្រពន្ធដាច់ចិត្តចុះចោលគាត់បែបនេះសោះ។ បន្ទាប់មក គាត់បានតាមរកគ្រប់កន្លែងនៅតែមិនឃើញ។ ក្រោយមក គាត់បានបន្តសួរទៅបងប្អូននៅឯស្រុក កំណើតទៀត ក្រែងប្រពន្ធគាត់ទៅទីនោះ ប៉ុន្តែបងប្អូនប្រាប់ថា អត់ឃើញទេ ទើបធ្វើឱ្យគាត់កាន់តែព្រួយបារម្ភ ក៏កាន់រូបថត ប្រពន្ធនិងកូនទាំង៣ មកដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ស្រាវ ជ្រាវរក ប្រពន្ធកូនគាត់៕