Tuesday, July 1, 2025
Homeសង្គម និងជីវិតជិតចូលឆ្នាំចិន !សមាគមកត្តញ្ញូ ធ្វើពិធីបើកភ្នែកម៉ុងសាយ

ជិតចូលឆ្នាំចិន !សមាគមកត្តញ្ញូ ធ្វើពិធីបើកភ្នែកម៉ុងសាយ

ភ្នំពេញ៖អ្នកឡកម៉ុងសាយ អុងដៀវ… ជាច្រើននាក់បានជួបជុំគ្នាកាលពីព្រឹកថ្ងៃទី២៥ ខែមករា នៅសមាគមកត្តញ្ញូ ដែលមានទីតាំងនៅខាងក្រោយវត្តកំសាន្ដ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ  ជាទីកន្លែងសម្រាប់បង្ហាត់អ្នកចង់ចេះឡក និងពីក្បួននៃការសម្ដែងម៉ុងសាយឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត។គេឃើញមានយុវវជនជាច្រើនដែលមានអាយុ២០ឆ្នាំស្ដើងបានពាក់អាវម៉ុងសាយនិងដៃកាន់ដោយសម្ភារៈម៉ុងសាយតាមជំនាញរបស់រៀងៗខ្លួន ខណៈដែលអ្នកដំណើរតាមដងផ្លូវលំនោះក៍នាំគ្នាឈប់មើលការសម្ដែងម៉ុងសាយ ពីក្រុមមួយនេះយ៉ាងយលចិត្តទុកដាក់ផងដែរ។

 លោកចំរើន តារា ប្រធានក្រុមសមាគមម៉ុងសាយនាគកត្តញ្ញូ បានឲ្យដឹងថាលោកបានហ្វឹកហាក់ក្បាច់ឡកម៉ុងសាយជាច្រើនឆ្នាំទើបរហូតក្លាយទៅជាអ្នកនាំមុខគេក្នុងការសម្ដែងរបស់សមាគមមួយនេះ។លោកថាការហាត់ ម៉ុងសាយ ត្រូវការអ្នកមានកាយសប្បទា រឹងមាំ រហ័សរហួនទើបងាយស្រួលសម្ដែង ប៉ុន្ដែមិនប្រកាន់ថាទាល់តែកូនកាត់ចិន ឬជាប់សែស្រឡាយចិន ទើបហាត់បាននោះទេ អ្នកណាក៍ចូលហាត់បានដែរ ឲ្យតែស្រលាញ់សិល្បៈសម្ដែងមួយនេះ។លោកបន្ថែមថាសមាគមកត្តញ្ញូ ទើបតំណើរការជាង១ឆ្នាំទេ ហើយពេលនេះមានអ្នកចូលហាត់ចំនួនជាង៤០នាក់ ខណៈដែលរូបលោកផ្ទាល់ក៍បានក្លាយទៅជាអ្នកជួយបង្ហាត់ដល់ប្អូនៗជាសិស្សនៅទីនេះផងដែរ។លោកតារា ថាការធ្វើពិធីនៅថ្ងៃទី២៥ ខែមករា នេះ ជាពិធីបើកភ្នែកម៉ុងសាយ ដែលជាទម្លាប់ត្រូវធ្វើឲ្យបានកន្លះខែ មុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់។ចំពោះការសម្ដែងថ្ងៃនេះមានដូចជាសម្ដែងនាគម៉ុងសាយ ,ឡើងដែក៥ និងឡើងបង្គោលជាដើម ។លោកថាដើម្បីសម្ដែងនៅថ្ងៃនេះឲ្យបានល្អលោកនិងសមាជិកក្នុងក្រុមបានហ្វឹកហាត់តាំងពីខែមីនា មកម្លេះពោលគឺមានរយៈពេល១០ខែមកហើយ។

 ស្ថិតក្នុងវ័យ២១ឆ្នាំលោកចំរើន តារា ប្រាប់ដែរថាការឡកម៉ុងសាយលោកគ្រូរបស់លោកផ្ដាំថា”ត្រូវលេងតាមក្បួន កុំលេងតាមជោរ” ហើយលោកបានហាត់ម៉ុងសាយ ព្រោះតែស្រលាញ់ ទោះបីជាការកប្រាក់ពីការងារមួយនេះបានត្រឹមតែម៉ាចាយៗក្ដី ។លោកតារា ថាលោកធ្លាប់បានចេញសម្ដែងម៉ុងសាយតាមពិធីជាច្រើនមកហើយដូចជាការសម្ពោធក្រុមហ៊ុន ពិធីឡើងផ្ទះ ជាដើមព្រោះការលោតម៉ុងសាយ ប្រជាជនមានជំនឿរថាជាការនាំ លាភសំណាងចូលផ្ទះ ដេញឧបទ្រុបចង្រៃចេញឲ្យអស់ ។

 ការធ្វើពិធីបើកភ្នែកម៉ុងសាយរបស់សមាគមកត្តញ្ញូ នេះគឺជាការត្រៀមចេញសម្ដែងតាមបណ្ដារកម្មវិធីមួយចំនួននាឱកាសចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី៩ ដល់១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដែលពួកគេបានត្រៀម ខ្លួនរួចជាស្រេចដើម្បីសម្ដែងអបអរពិធីនោះទៅតាមទំនៀមទំលាប់ប្រជាជនចិន ឬអ្នកជាប់សាច់ញាត្តិដែលជឿរជាក់ថាការជួលក្រុមម៉ុងសាយទៅឡក គឺដើម្បីសេរីសួស្ដីនិងលាភជ័យដល់ក្រុមគ្រួសារពួកគេ ។

 លោកសូវ ប៊ុនទ្រី ជាប្រធានសមាគមកកត្តញ្ញូ បានឲ្យដឹងថាសមាគមកត្តញ្ញូទើបបង្កើតឡើង១ឆ្នាំទេ តែដំបូងឡើយគឺវឹកហាត់នៅព្រះវិហារព្រះចៅ តែពេលនេះការវឹកហាត់គឺធ្វើនៅទីនេះតែម្ដងដែលលោកបានជួលតីតាំងគេ។លោកថាការឡកម៉ុងសាយជាទំនៀមទំលាប់បងប្អូនដែលមានសែស្រឡាយចិន ហៅឲ្យឡកកម្មវិធីចូលឆ្នាំថ្មី ដើម្បីលើករាសី និងដេញឧបទ្រុបចង្រៃចេញ ញាំងកម្មវិធីឲ្យរីក​រាយ​សប្បាយ ជួយឲ្យមានរាសីខ្ពស់ដែលគេអាចហៅទៅកម្មវិធីសម្ពោធហាង ផ្ទះ ខុនដូ និងពិធីផ្សេងៗទៀតពោលគឺការសម្ដែងអាស្រ័យទៅលើម្ចាស់កម្មវិធីតម្រូវអាចលេងលើដី និងឡើងបង្គោលជាដើម ។លោកថាប្រពៃណីមួយនេះគឺជាទំនៀមទំលាប់របស់ជនជាតិចិនទេ តែការសម្ដែងម៉ុងសាយគឺជាសិល្បៈមួយដើម្បីលើកសេរីសួស្ដីឆ្នាំថ្មី ។

លោកប៊ុនទ្រី ថាសម្រាប់កូនសិស្សដែលមកវឹកហាត់នៅសមាគមរបស់លោកភាគច្រើនគឺជាអ្នកមានជីវភាពធូធារ តែពួកគាត់ស្រលាញ់ និងចង់លើកស្ទួយវិស័យមួយនេះទើបមកទទួលការបង្រៀនពីគ្រូនៅសមាគមកតញ្ញូរបស់លោក។ប្រធានសមាគមម៉ុងសាយរូបនេះថាលោកបានត្រៀមដឹកនាំកូនក្រុមរបស់ខ្លួនចេញសម្ដែងតាមពិធីមួយចំនួនដែលភ្ញៀវបានអញ្ជើ​ញនៅថ្ងៃចូលឆ្នាំចិន ​ហើយការសម្ដែងទៅតាមកញ្ចប់ដែលអតិថិជនកុម្មង់ ។សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤ នេះដែរលោកប៊ុនទ្រី បានលើកម្រាមដៃដប់សំពះអរគុណអ្នកដែលបានគាំទ្រម៉ុងសាយនៅសមាគមកត្តញ្ញូរបស់លោកនឹងសូមឲ្យពលរដ្ឋខ្មែរគ្រប់គ្នារកសីមានបាន ហេងចូលហេង ៕

RELATED ARTICLES