ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ផ្ទុះភ្លើងប្រចណ្ឌ ក៏ស្ទុះទៅវាយ ទាត់ធាក់ប្រពន្ធយ៉ាងចាស់ដៃ ព្រមទាំងគំរាម សម្លាប់កាប់ប្រពន្ធជាកង់ៗទៀតផង បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុក មុខកំពូល។
បុរសដែលផឹកស្រវឹងផ្ទុះភ្លើងប្រចណ្ឌប្រើ ហិង្សាដាក់ប្រពន្ធ និងថែមទាំងគំរាមសម្លាប់ ប្រពន្ធទៀតនោះ មានឈ្មោះសឿង ចាន់ថេង អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រី- រងគ្រោះជាប្រពន្ធ មានឈ្មោះឌី ស្រីប៉ិច អាយុ ៤២ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មាន លំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុជាប្តី បានជួបជុំគ្នាផឹកស្រានៅក្នុងផ្ទះរបស់ខ្លួន លុះ ក្រោយពីផឹកស្រាអស់៣លីត្រ អ្នកជិតខាងក៏ នាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់។ ដោយ ឡែកជនបង្កហេតុបាននៅអង្គុយផឹកបន្តតែម្នាក់ ឯងទៀត ឃើញបែបនេះ ស្ត្រីរងគ្រោះជាប្រពន្ធ បាននិយាយទៅកាន់ប្តីថា “ឯងអើយ ឈប់ផឹក ទៅ រួចដួសបាយហូប ដល់ម៉ោងទៅលីសែងស្រូវ ឱ្យគេហើយ”។ ភ្លាមនោះ ជនបង្កបានឆ្លើយតប ទៅប្រពន្ធវិញថា “ចឹងចៀនសាច់ជ្រូក ហើយ ដួសបាយមកអញស៊ី” បន្ទាប់មកជនបង្កហេតុបាន បន្តដោយពាក្យអសុរោះទៅកាន់ប្រពន្ធទៀត ថា “ចៀនតែសាច់ជ្រូកបានហើយ កុំធ្វើថោក …ដាក់គ្នា បើអញតាមទាន់ អញកាប់ជាកង់ៗ ហើយ”។
ប្រភពដដែលបន្តថា ពេលឮប្តីនិយាយ សម្តីអសុរោះបែបនេះ ស្ត្រីរងគ្រោះជាប្រពន្ធ ក៏ ឈរសម្លឹងមើលមុខប្តី ស្រាប់តែជនបង្កហេតុ ជាប្តីទប់កំហឹងមិនបានក៏ស្ទុះចូលទៅចាប់វ៉ៃទាត់ ធាក់ប្រពន្ធយ៉ាងដំណំ ភ្លាមនោះស្ត្រីជាម្តាយ រួមនឹងអ្នកជិតខាងបាននាំគ្នាស្ទុះចូលទៅជួយ ឃាត់ចាប់បំបែក ជនបង្កហេតុជាប្តីចេញ ពុំនោះ ទេស្ត្រីរងគ្រោះជាប្រពន្ធច្បាស់ជារងគ្រោះធ្ងន់ មិនខាន។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះដោយមិន អាចទ្រាំនឹងទង្វើកំណាចឃោរឃៅរបស់ប្តីតទៅ ទៀតបានក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្ត- រាគមន៍ចាប់ឃាត់ខ្លួនបុរសជាប្តីនាំយកទៅសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ត ចាត់ការបន្តតាម នីតិវិធី៕ សិលា