ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសមានសតិមិនប្រក្រតីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ដោយសង្ស័យថាត្រូវរថយន្តបើកបុក ហើយរថយន្តបន្តដំណើរគេចខ្លួនដោយសុវត្ថិភាព ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីព្រឹកទើបកំលាំងជំនាញពិនិត្យវិភាគ បានចុះពិនិត្យសាកសពឈ្មោះម៉ៃ ង៉ែត ភេទប្រុសអាយុប្រហែល៤៦ឆ្នាំ រស់នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ជាមនុស្សមានសតិមិនគ្រប់ ដែលបានស្លាប់នៅចំណុចលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ79 និង80 ។
សមត្ថកិច្ចជំនាញបានពិនិត្យទៅលើសាកសពឃើញមានស្លាកស្នាមរថយន្តបុកបណ្ដាលអោយមានស្នាមដាច់រយះនៅលើក្បាលផ្នែកខាងស្ដាំ, ស្នាមដាច់រលាត់នៅលើដងខ្លួន និងចង្កេះផ្នែកខាងស្ដាំ, ស្នាមបែកនៅលើប្រអប់ជើងខាងស្ដាំនិងឃើញនៅលើផ្លូវក្បែរសាកសពមានបំណែកកញ្ចក់រថយន្តផងដែរ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើជាករណីគ្រោះថ្នាក់ចរាចរណ៍ពុំមានពាក់ព័ន្ធជាមួយបទល្មើសព្រហ្មទណ្ឌនោះឡើយ ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួច រថយន្តពេទ្យបង្អែកស្រុកបានដឹកយកសាកសពទៅប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
អ៊ុំ ណូន