ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំង រដ្ឋបាលជលផលខេត្តបាត់ដំបង និងសាខា ក.ប.ប ខេត្តបាត់ដំបង បានចុះបង្ក្រាប ឃាត់រថយន្តចំនួន៤គ្រឿង ដែលលួចដឹក ត្រីក្លាស្សេ នាំចូលពីប្រទេសថៃ ខុសច្បាប់ ប្រមាណ ជាង១០តោន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការឯកភាពពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បាត់ដំបង និងសាខា ក.ប.ប ខេត្តបាត់ដំបង ចុះបង្ក្រាបករណីរថយន្តដឹកត្រីក្លាស្សេ នាំចូលពីប្រទេសថៃ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតនៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានវត្ថុតាង រួមមាន រថយន្ត ចំនួន៣គ្រឿង ទី១-ម៉ាកសាំងយ៉ុង ពាក់ស្លាក លេខ ពោធិ៍សាត់ 2A-0970។ ទី២-ម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AG-3079។ ទី៣-ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9942 និង ទី៤-ម៉ាកតូយ៉ូតា កាមរីស្តាំ ពាក់ស្លាកលេខ ភ្នំពេញ 2A- 9965 និងត្រីប្រា សរុបទម្ងន់ ១០តោន ៥៥គីឡូក្រាម ពោះត្រីប្រា ១៥០គីឡូក្រាម ពងត្រីកាប ៥០០គីឡូក្រាម ត្រីឆ្តោ ចំនួន៥០គីឡូក្រាម។

សមត្ថកិច្ច បញ្ជាក់ថា រថយន្តទាំង៤ខាងលើ ជារបស់អាជីវករឈ្មោះលី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាតរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យឈ្មោះនាង សុវណ្ណារី ភេទស្រី អាយុ៤៤ឆ្នាំ ដែលបានអនុញ្ញាតឱ្យនាំចូលផលិតផលជលផលដូចជា ត្រីទីឡាព្យ៉ា ត្រីពោ និងត្រីកាប ពីប្រទេសថៃ។ ប៉ុន្តែអាជីវករបានលួចលាក់ដឹកជញ្ជូនត្រី ខុសពីលិខិតអនុញ្ញាតឱ្យនាំចូល។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានបញ្ជូនវត្ថុតាង ទៅខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕
