Tuesday, June 17, 2025
Homeសង្គម និងជីវិតក្រុមអ្នកជំនាញ វះកាត់សង្គ្រោះជីវិតដំរី “ជីក្លប់”

ក្រុមអ្នកជំនាញ វះកាត់សង្គ្រោះជីវិតដំរី “ជីក្លប់”

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញ ក្រោមកិច្ចសហការរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយអ្នកជំនាញបសុ ពេទ្យអន្តរជាតិ ដេអេលេហ្វង់អង្គរ ខេត្តសៀមរាប (KROM DES ÉLEPHANTS D’ANGKOR) បានជួយសង្គ្រោះជីវិត “ជីក្លប់” ដែលជាដំរីស្រុកញី ចូលនិវត្តន៍ ១ក្បាល កំពុងរស់នៅជំរំដំរីព្រៃគូលែន មានទីតាំងស្ថិតនៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយធ្វើការវះកាត់យកកម្ទេចចែ ដែលជាប់នឹងសាច់ ដ៏កម្រមួយ និងជោគជ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ណាវេន នីថា (Navaneetha Roopan) ប្រធានក្រុមផែនការនិងវះកាត់ បានបញ្ជាក់ថា ការវះកាត់នេះ ពិតជាប្រថុយណាស់ នៅក្នុងតំបន់ព្រៃដាច់ស្រយាល ដែលជាបញ្ហាប្រឈមផ្នែកបច្ចេកទេស និងដឹកជញ្ជូន។ ប៉ុន្តែក្រុមការងារសម្ព័ន្ធសត្វព្រៃ និងក្រុមការងារជំរំដំរីព្រៃគូលែន សហការគ្នាជាមួយក្រុមបសុពេទ្យអន្តរជាតិ បានវះយកបំណែកចែ ដែលបាក់ជាប់ក្នុងសាច់ដំរី ចេញដោយជោគជ័យ។

ក្នុងនាមស្ថាបនិកនៃជំរំដំរីព្រៃគូលែន លោក ពីយ៉ូត ដាវីដហ្សាយ៉ា បង្ហាញថា នេះជាប្រវត្តិសាស្ត្រមួយ នៃការថែទាំសត្វដំរីនៅប្រទេសកម្ពុជា។ លោកមានមោទនភាពខ្លាំងបំផុត ដែលបានធ្វើការជាមួយក្រុមសម្ព័ន្ធសត្វព្រៃ និងអ្នកឯកទេសបសុពេទ្យអន្តរជាតិ ដើម្បីជួយសង្គ្រោះសត្វដំរីញី មួយក្បាលនេះ។ លោកសូមថ្លែងអំណរអរ គុណដល់ក្រុមការងារនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់ជំរំដំរីព្រៃគូលែន ដែលជាជម្រក ធម្មជាតិ មានសុវត្ថិភាព និងជាកន្លែងផ្តល់បទពិសោធន៍ និងការអប់រំអំពីសត្វដំរីនៅកម្ពុជា។

គួរបញ្ជាក់ថា ការវះកាត់ និងព្យាបាលដល់ដំរីញី ឈ្មោះ “ជីក្លប់” គឺជាការវះកាត់លើដំបូង ដែលមានការចូលរួមពីក្រុមគ្រូពេទ្យអន្តរជាតិ មានឯកទេសបសុពេទ្យ មកពីប្រទេសអាហ្វ្រិកខាងត្បូង ឥណ្ឌា សិង្ហបុរី និងប្រទេសថៃ៕

RELATED ARTICLES