ភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឆ្លើយតបទៅយោធាថៃ ដែលចោទកងទ័ពកម្ពុជា បង្វែរកាណុងកាំភ្លើង ទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ ដោយបញ្ជាក់ថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា «យោធាថៃ ចោទថា ៖ «កម្ពុជា បង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់ គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ឬមួយកងទ័ពថៃ រៀនយុទ្ធវិធីខុសពីកម្ពុជា???»។
លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា «ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។

យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»។ សូមបញ្ជាក់ថា ការបំភ្លឺ ឆ្លើយតបរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ខាងលើនេះ គឺបានធ្វើឡើងបន្ទាប់ពីបណ្តាញព័ត៌មានថៃ មួយចំនួន បានផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថា កងទ័ពកម្ពុជា បង្វែរកាណុងកាំភ្លើង ទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ នៅតំបន់ព្រំដែន៕