Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងជិះម៉ូតដេញធាក់គ្នា ជា.../ប់ខ្នោះ៥

ក្មេងទំនើងជិះម៉ូតដេញធាក់គ្នា ជា…/ប់ខ្នោះ៥

ខេត្តតាកែវ ៖ ក្រុមក្មេងទំនើង ចំនួន២ក្រុម បានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងធាក់គ្នាតាមផ្លូវសាធារណៈ បណ្តាលឱ្យដួលរងរបួស និងត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ ចុះអន្តរាគមន៍ចាប់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់។

  ករណីក្មេងទំនើងជិះម៉ូតូដេញធាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតនៅភូមិអម្ពិល ឃុំលាយបូរ ស្រុកត្រាំកក់។

 លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ករណីក្មេងទំនើងដេញធាក់គ្នាតាមផ្លូវសាធារណៈនេះ បង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម មានគ្នាចំនួន៥នាក់ និងម៉ូតូ ៣គ្រឿង។

ក្រុមទី១ មានគ្នាចំនួន២នាក់ ១-ឈ្មោះប៉ាញ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គគគី ឃុំលាយបូរ ស្រុកត្រាំកក់ ជាម្ចាស់ម៉ូតូ និងជាអ្នកបើកបរម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ តាកែវ 1V-2965 និងទី២-ឈ្មោះគ្រុយ ថាវីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ (ជាអ្នកជិះពីក្រោយ)។

ក្រុមទី២ មានគ្នា៣នាក់ ជិះម៉ូតូ ២គ្រឿង រួមមាន ទី១-ឈ្មោះត្រឿង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងតែមឆ្នាំ២០២៤ (ជិះម្នាក់ឯង)។ ទី២-ឈ្មោះស៊ីម សុខលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ជាម្ចាស់ម៉ូតូ និងជាអ្នកបើកបរម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ក្រហម-ស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ តាកែវ 1AF-7593 និងទី៣-ឈ្មោះរាម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ (ជាអ្នកជិះពីក្រោយ)។

លោកអធិការបន្តថា ដំបូងឡើយ ក្មេងក្រុមទី១ បានជិះដេញធាក់ទៅលើក្រុមទី២ លុះដល់ចំណុចកើតហេតុ ក្រុមទី២ បានជិះដេញធាក់ទៅលើក្រុមទី១វិញ បណ្តាលឱ្យដួលចំនួន២គ្រឿង របួសទាំងសងខាង ប៉ុន្តែភាគីខាងក្រុមទី១ របួសធ្ងន់ជាង ចំណែកភាគីក្រុមទី២ របួសស្រាល។ ពេលនោះភាគីក្រុមទី១ បានដកខ្សែក្រវាត់ដេញវាយទៅលើភាគីក្រុមទី២ ចំណែកភាគីខាងក្រុមទី២ ក៏បានដោះមួកសុវត្ថិភាព បម្រុងនឹងវាយតបតវិញដែរ ប៉ុន្តែមិនបានប្រតាយប្រតប់គ្នានោះទេ។

ក្រោយកើតហេតុ ភាគីខាងក្រុមទី២ មានគ្នា៣នាក់ (១-ឈ្មោះត្រឿង សុខលាង ២-ឈ្មោះស៊ីម សុខលី ៣-ឈ្មោះរាម ផាន់ណា) បាននាំគ្នាទៅសំពះសុំទោសខាងភាគីក្រុមទី១ ដែលមានគ្នា២នាក់ (១-ឈ្មោះប៉ាញ ពិសិដ្ឋ ២-ឈ្មោះគ្រុយ ថាវីន) រួចភាគីខាងក្រុមទី២ ដែលមាន គ្នា៣នាក់ បាននាំគ្នាជិះទៅផ្ទះបាត់ទៅ។

លោកអធិការ បានបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្រប សម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង២ រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានដឹកនាំកម្លាំង ជំនាញបានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្មេង ទំនើងទាំង២ក្រុម មានគ្នា៥នាក់ រួមនិងវត្ថុតាង ម៉ូតូ ចំនួន៣គ្រឿង យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានជិះម៉ូតូដេញធាក់ និងវ៉ៃគ្នាប្រាកដមែន។

ក្រុមជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES