Friday, June 20, 2025
Homeព័ត៌មានជាតិកម្ពុជា ជាប់ឆ្នោតអាណត្តិថ្មី ២០២៦-២០២៨ ជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គការយូអិនអេដស៍

កម្ពុជា ជាប់ឆ្នោតអាណត្តិថ្មី ២០២៦-២០២៨ ជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គការយូអិនអេដស៍

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨។

សេចក្តីប្រកាសព័ត៌មាន របស់នាយកដ្ឋានអង្គការសហប្រជាជាតិ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ចុះថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីពី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២២ នៃក្រុម ប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុងញូវយ៉ក ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងសកល ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការលើកកម្ពស់គំនិតផ្តួចផ្តើមសុខភាពសាធារណៈ។

ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ គឺជាអង្គភាពដឹកនាំ ដែលមានភារកិច្ចកំណត់ទិសដៅយុទ្ធសាស្ត្រ និងធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការចាត់វិធានការសកល ឆ្លើយតបនឹងជំងឺអេដស៍។ ការជាប់ជាសមាជិក សាជាថ្មី នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដ៏សំខាន់នេះ ឆ្លុះបញ្ចាំងអំពីទំនុកចិត្ត និងការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការចូលរួមចំណែកនិងភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការពង្រឹងអាទិភាពសុខភាពសកល។ ក្នុងឱកាសដែលកម្ពុជា នឹងបន្តអនុវត្តនូវភារកិច្ចដ៏សំខាន់នេះ កម្ពុជា នឹងបន្តដើរតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយបុរេសកម្ម ការចាត់វិធានការគោលដៅ និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធតំបន់ និងអន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសមាជិកទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តមកលើកម្ពុជា។ កម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់អង្គការយូអិនអេដស៍ ដើម្បីពង្រឹងគំនិតផ្តួចផ្តើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាព បរិយាប័ន្ន និងភាពធន់ក្នុងសាមគ្គីភាព និងទំនួលខុសត្រូវរួម»៕ ខៀវទុំ

RELATED ARTICLES