Friday, June 20, 2025
Homeសេដ្ឋកិច្ចជាតិកម្ពុជា ស្វាគមន៍នាវាដឹកទំនិញដំបូង មកពីចិន

កម្ពុជា ស្វាគមន៍នាវាដឹកទំនិញដំបូង មកពីចិន

ខេត្តព្រះសីហនុ ៖ នាវាដឹកទំនិញដំបូង បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។

លោកវ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា មានប្រសាសន៍ថា “កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្តើមសម្រាប់ការចេញដំណើររបស់លោកមន្ត្រីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស ម៉េង (Ming)។

លោកវ៉ាង វិនពិន បន្ថែមថា ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណី ចន្លោះ ១៥ ទៅ ២០ថ្ងៃ ទៅត្រឹមតែ៩ថ្ងៃ។

ពាក់ព័ន្ធនឹងបញ្ហានៃការដឹកជញ្ជូន លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រ សាសន៍កាលពីពេលថ្មីៗនេះថា ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភ័ស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់ កម្ពុជា។

លោករដ្ឋមន្ត្រី បន្ថែមថា “អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជា ឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក”។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ ៧,៦៣ពាន់លានដុល្លារ កើនឡើង ២៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅចិន ចំនួន ៦៣៤ លានដុល្លារ ធ្លាក់ចុះ ៣,៦ភាគរយ ចំណែកឯចិន នាំចូលមកវិញជាង ៧ពាន់លានដុល្លារ កើន ៣១,៤ភាគរយ។

នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ២០២៣។

ទំនិញកម្ពុជា នាំទៅប្រទេសចិន ភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារិម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ ចំណែកទំនិញដែលប្រទេសចិន នាំចូលកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក៕

RELATED ARTICLES