ភ្នំពេញ ៖ កាលព្រាប សុវត្ថិ កំពុងតែល្បីខ្លាំង អំឡុងច្រៀងនៅហង្សមាស មានតារាចម្រៀងជាច្រើន បានកាត់សក់ ស្លៀកពាក់ និងពាក់គ្រឿងអលង្ការ តាមលោក ក្នុងនោះក៏មានតារាចម្រៀងប្រចាំនៅតាមហាង និងខេត្តនីមួយៗ ជាប់រហស្សនាម (Nickname) ជាព្រាប សុវត្ថិ បុកល្ហុង, ព្រាប សុវត្ថិស្វាយរៀង ,ព្រាប សុវត្ថិ បាត់ដំបង និងព្រាប សុវត្ថិទី២ ជាដើម ។ ប៉ុន្ដែនៅឆ្នាំ២០២៥ នេះ ស្បើយអ្នកយកស្ទីលតាមព្រាប សុវត្ថិ បែរជាមកបុកយកតាមតារាចម្រៀងអ៊ីណូ ហើយពេលខ្លះពួកគេស្លៀកពាក់ លេងខ្លួន ម៉ូដសក់ច្រឡំគ្នា ទើបធ្វើឲ្យគេពិបាកបែងចែកថា មួយណា ជាអ៊ីណូហ្ស៉ីន និងកូពីង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ពេលនេះអ៊ីណូ ហ្ស៉ីន ដែលមានឈ្មោះដើមថា សាន្ដ ពេជ្រសុភារិទ្ធិ នោះ បានប្រមូលអ៊ីណូ កូពី ទាំង២នាក់ មកចាប់ដៃធ្វើការងារសិល្បៈ ជាមួយលោកតែម្ដង ដោយចេញច្រៀងសម្ដែង ឬទៅណាមកណា ទៅទាំង៣នាក់ ធ្វើឲ្យគេកាន់តែច្រឡំគ្នា។អ៊ីណូ ពីរនាក់ទៀត ដែលក្លាយទៅជាដៃគូរបស់អ៊ីណូ ពិត ប្រាកដនោះ គឺអ៊ីណូព្រៃវែង និងអ៊ីណូលក់ចង្រិត នៅកោះពេជ្រ ខណៈដែលអ៊ីណូ ម្នាក់ទៀត ដែលហៅខ្លួនឯងថា ជាអ៊ីណុក នោះ អត់ទាន់សហការជាមួយលោកអ៊ីណូហ្ស៉ីន ឡើយ ។

សំណួរដែលមហាជនចង់ដឹងថា តើពេលនេះ អ៊ីណូ មានប៉ុន្មានកញ្ឆេ ? ចេញមកអស់ឬនៅ?
អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ពីរឿងមានតារានិយមតែងខ្លួនតាមលោកនោះ តែតេចូល បែរជាមានស្រ្ដីម្នាក់លើក ហើយមិននិយាយអ្វីទាំអស់ នឹងថា ចាំហៅត្រឡប់មកវិញ ប៉ុន្ដែក្រោយមក បានបិទទូស័ព្ទ។ យ៉ាងណាការមានជំនួយការលើកទូរស័ព្ទ នាពេលនេះ បញ្ជាក់ថា អ៊ីណូ មិនដូចមុនទេ ពោលគឺពិបាកជួបឬឆ្លើយសំណួររបស់អ្នកកាសែត ហើយតាមរយៈការផុសរូបចុងក្រោយនៅលើវីដេអូ គេឃើញអ៊ីណូហ្សីន ហែហមទៅដោយអ៊ីណូព្រៃវែង និងអ៊ីណូចង្រិត នៅជាប់ជានិច្ច ពោលគឺប្រៀបដូចជាអង្គរក្សទៅហើយ ។

គួរបញ្ជាក់ថា អំឡុងពេលដែលអ៊ីណូ ទាំង៣ ចាប់ដៃគ្នាផលិត MV និងច្រៀងជាដៃគូនេះ បទដែលអ៊ីណូ ឡង់សេជាងគេ គឺបទ «មនុស្សអូនស្រវឹង កំពូលកុហក» និងបទ «ធ្លាប់អាណិតខ្ញុំទេ?» ជាដើម ។ អ្នកលេងបណ្ដាញសង្គមមួយចំនួន បានលើកឡើងថា ទោះជាអ៊ីណូ ពេលខ្លះ ត្រូវបានគេសើចចំអកពីស្ទីលនិងការតែងខ្លួន រូបរាងធាត់ដុះក្បាលពោះ មិនសមជាតារាចម្រៀងក្ដី ប៉ុន្ដែការយកអ៊ីណូព្រៃវែង និងអ៊ីណូចង្រិត មកចាប់ដៃគ្នា បញ្ជាក់ថា លោកពេជ្រសុភារិទ្ធិ ចេះផ្ដល់ឱកាសដល់តារាមិនទាន់ល្បី ឲ្យពួកគេមានទីផ្សារចម្រៀង និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុនផងដែរ ។ ប៉ុន្ដែប្រភពខ្លះថា ការដែលអ៊ីណូ ងាកមកចាប់ដៃជាមួយអ៊ីណូកូពី នាពេលនេះ ដោយសាតែលោកបានចេញពីផលិតកម្មសាន់ដេ ទៅហើយ បន្ទាប់ពីរងភាពអាម៉ាស់ ត្រូវម្ចាស់បំណុលទារលុយ កាលពីដើមខែមីនា ឆ្នាំ២០២៤ ។

លោកគឹម ផល្លី អ្នកដឹកនាំសម្ដែងផលិតកម្មសាន់ដេ បានប្រាប់ «នគរធំ» តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥ ថា ដោយសារតែលោកមិនបានដឹក MV បទរបស់លោកអ៊ីណូ ច្រើនខែហើយ ហេតុនេះលោកមិនដឹងថាអ៊ីណូ នៅតែជាតារាសាន់ដេ ឬផុតកុងត្រាហើយនោះទេ ។ លោកថា មួយរយៈចុងក្រោយនេះ ឃើញអ៊ីណូ ច្រៀង Cover ច្រើន ផុសលើផេកផ្ទាល់ខ្លួន ខណៈដែលលោកមមាញឹកដឹកនាំថត MV បទរបស់នាយចឺម និងលោកសូត្រ អនុស្សាវរីយ៍ ។

មានការកត់សម្គាល់ថា អ៊ីណូ ក្រៅពីពូកែតែងខ្លួនប្លែកៗ ហើយពេលនេះប្រមូលអ្នកយកស្ទីលលោក មកជួបជុំគ្នានោះទេ លោកក៏ត្រូវបានស្រីៗមួយចំនួនខ្សឹបខ្សៀវគ្នាថា ជាកំពូលញ៉ែ ដូចនាយពាក់មី និងនាយចឺម ដែរ ហើយគេថា បើគិតត្រឹមឆ្នាំ២០២៥ មិនដឹងថា អ៊ីណូ មានប្រពន្ធប៉ុន្មាននាក់ឡើយ ៕

