ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក សិត វណ្ណះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចុះបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តម សេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿង ញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលដឹកនាំការងាររដ្ឋបាលនិងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស ១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ និងចាប់យកវត្ថុតាង កញ្ឆាក្រៀម ចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជន បានធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យកត់សម្គាល់ តាមការស៊ើបអង្កេត កញ្ឆា ក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមបញ្ជាក់ថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុកការ និងដាំដុះកញ្ឆា នៅកម្ពុជា គឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២៕