ខេត្តសៀមរាប ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង និងថែមទាំងរាលឆេះទៅដល់តូបកាហ្វេ ចំនួន២ ដែលនៅជាប់នោះថែមទៀត បណ្តាលឱ្យខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនធំ ហើយភ្លាមនោះ មានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើ មានទំហំ ទទឹង ៨ម៉ែត្រ បណ្តោយ១០ម៉ែត្រ មានម្ចាស់ឈ្មោះឡៅ ឡុង ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកតូបកាហ្វេ យីហោ DOMO (តូបកាហ្វេទី១-ដំបូលប្រក់ស័ង្កសី មានទទឹង ៣ម៉ែត្រ បណ្តោយ ៤ម៉ែត្រ រីឯតូបកាហ្វេទី២- ដំបូលប្រក់ស្បូវ មានទទឹង៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ) មានម្ចាស់ឈ្មោះលី ជុនដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថសៀមរាប ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់សរុបចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (ភ្លើងរលត់) នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះឈើ ចំនួន១ខ្នង មានទទឹង ៨ម៉ែត្រ បណ្តោយ ១០ម៉ែត្រ (ខូចខាត៩០ភាគរយ) ម៉ូតូ ១គ្រឿង កង្ហារ ២គ្រឿង ពូក១ ឯកសារសៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ។ តូបកាហ្វេដំបូលប្រក់ស័ង្កសី ដែលមានទទឹង៣ម៉ែត្រ បណ្តោយ៤ម៉ែត្រ (ខូចខាត៤០ភាគរយ) និងតូបកាហ្វេដំបូល ប្រក់ស្បូវ ដែលមានទទឹង៤ម៉ែត្រ បណ្តោយ ៩ម៉ែត្រ (ខូចខាត៧០ភាគរយ)។ ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕
