ភ្នំពេញ ៖ ស្ត្រីម្នាក់ រស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានប៉ះពាល់និងយកមាន់ឈឺងាប់ មកធ្វើម្ហូបទទួលទានថែមទៀតផង លុះ៥ថ្ងៃក្រោយមក ក៏កើតមានជំងឺ ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម លុះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន១ករណី កើតលើស្ត្រីអាយុ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកជំងឺ មានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំយ៉ាងយក ចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ និងនៅផ្ទះអ្នកជិតខាង មានមាន់ទា ឈឺនិងងាប់ ហើយអ្នកជំងឺ បានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ រួចយកមកធ្វើម្ហូបទទួលទាន ៥ថ្ងៃ មុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ។
ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅ តាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វនិងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីភ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅ ក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគ សញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យ មានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។
របៀបបង្ការ ៖ កុំប៉ះពាល់ ឬទទួលទានមាន់ទា ឈឺឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមា ចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។
-ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ត្រូវចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនល្អ មុនបរិភោគ ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅនិងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
-ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន នៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុក ផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហ ទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕