
ភ្នំពេញ ៖ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ទាក់ទងនឹងបញ្ហាព្រំដែន នៅតំបន់មុំបី នៃខេត្តព្រះវិហារ និងបា្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៃខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃ កំពុងបំពានប្រវត្តិសាស្រ្ត ចង់បានទឹកដីប្រាសាទ ដែលជាកេរមរតករបស់បុព្វបុរសដូនតាខ្មែរ ។ ប៉ុន្តែទង្វើវង្វេងប្រវត្តិសាស្ត្របែបនេះ ថៃ នឹងចាញ់ចិត្តស្មោះត្រង់របស់កម្ពុជា ហើយនឹងរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ជាថ្មី ឬបាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើប ព្រោះកម្ពុជា បានប្រើប្រាស់យន្តការអន្តរជាតិ ក្នុងការប្ដឹងការពារតំបន់ទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសង្ឃឹមថា នឹងឈ្នះក្ដី ដូចករណីប្រាសាទព្រះវិហារ ដែលត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅឆ្នាំ២០០៨ ។

លោកបណ្ឌិត យង់ ពៅ បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ថៃ នឹងចាញ់ចិត្តស្មោះត្រង់កម្ពុជា និងរងក្ដីអាម៉ាស់អន្តរជាតិ សាជាថ្មី ព្រោះតែបំពានប្រវត្តិសាស្ត្រ ! ផ្ដាំទៅថៃ To the People of Thailand ! ទាំងយោធា ទាំងរដ្ឋាភិបាល ទាំងអ្នកជាតិនិយមវង្វេងសម័យកាលទាំងឡាយ មុននឹងប្រតិកម្មមកកម្ពុជា ថៃ ទាំងឡាយឯង ត្រូវតាំងចិត្តគោរព «ផែនទីដើម» ភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ដូចដែលអតីតមហាក្សត្រថៃ បានទទួលយក កាលពីឆ្នាំ១៩០៨ និងកុំចង្អុលមកកម្ពុជា ក្នុងខណៈថៃ ខ្លួនឯង ប្រើផែនទីចោរ ឆ្នាំ២០០៨។ បើមិនដូច្នោះ ជាតិសាសន៍ថៃ នេះនឹងរងនូវភាពអាម៉ាស់សាជាថ្មី បាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើប“ ។

លោកបណ្ឌិត យង់ ពៅ បានសរសេរបន្តថា “គួររំឭកថា កាលពី៦៣ឆ្នាំ ពោលគឺខែមិថុនា ១៩៦២ សហគមន៍អន្តរជាតិ ចាត់ទុកថា សកម្មភាពរបស់ថៃ ជាឥរិយាបថអសីលធម៌លើច្បាប់អន្តរជាតិ ហើយគំរាមប្រទេសថៃ បើមិនព្រមអនុវត្តសាលក្រម ICJ (១៥ មិថុនា ១៩៦២) ករណីប្រាសាទព្រះវិហារ ទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ គ្រានោះ ប្រទេសមហាអំណាច បានព្រមានដល់ប្រទេសថៃ ថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃ មិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បើមិនព្រមលះបង់ប្រាសាទព្រះវិហារ និងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ។ ការណ៍នេះ ថៃ ក៏បានឥរិយាបថគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ដោយលោក សារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា ប្រទេសលោក លំឱនកាយគោរព ទទួលយកសេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួន ទៅនឹងធម្មនុញ្ញ UN។ បន្ទាប់មក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN“ ។

លោកបណ្ឌិត យង់ ពៅ បានសរសេរបន្តទៀតថា “ពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ ថៃ ត្រូវរងនូវភាពអាម៉ាស់ម្តងទៀត នេះក៏ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរ នៅលើភ្នំដងរែក មួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រការនេះ បានជំរុញឱ្យមានការកើនឡើងជម្លោះរវាងកម្ពុជា និងថៃ តែត្រូវបានដោះស្រាយ និងបកស្រាយដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១៤ គឺកម្ពុជា ឈ្នះដដែល“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា អ្វីដែលជាចិត្តស្មោះត្រង់របស់កម្ពុជា គឺយើងចង់និយាយអំពីភាពស្មោះត្រង់ សុចរិតភាព ការគោរពច្បាប់អន្តរជាតិ គឺសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ កិច្ចព្រមព្រៀង MOU រវាងថៃ និងកម្ពុជា ឆ្នាំ២០០០ ។ រីឯការចាញ់ និងការបំពានប្រវត្តិសាស្រ្ត របស់ថៃ គឺការមិនគោរពច្បាប់អន្តរជាតិ ដែលនឹងធ្វើឲ្យថៃ អាម៉ាស់ម្ដងហើយម្ដងទៀត ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ”បាទ! ឥឡូវនេះយើងឃើញច្បាស់នូវអ្វីដែលធ្លាប់តែបំពានច្បាប់អន្តរជាតិហ្នឹង ឥឡូវគាត់បំពានទៀតហើយ ។ កន្លែងហ្នឹងហើយ ដែលខ្ញុំនិយាយថា ថៃ តែងតែចាញ់ចិត្តស្មោះត្រង់កម្ពុជា ។ អ៊ីចឹងចិត្តស្មោះត្រង់នៅកន្លែងនេះ គឺយើងចង់និយាយអំពីភាពស្មោះត្រង់ សុចរិតភាព នូវការគោរពច្បាប់អន្តរជាតិ ដែលច្បាប់អន្តរជាតិហ្នឹង គឺកិច្ចព្រមព្រៀង និងសន្ធិសញ្ញាស្ដីពីព្រំដែន គឺសន្ធិសញ្ញា និងអនុសញ្ញា ១៩០៤ ១៩០៧ ដែលគេហៅថា សន្ធិសញ្ញាបារាំង-សៀម ហ្នឹង រួមនិងកិច្ចព្រមព្រៀង ចុះ MOU រវាងថៃ និងកម្ពុជា ឆ្នាំ២០០០ ដែលនិយាយអំពីការកំណត់ព្រំដែន ក្នុងកិច្ចព្រំដែនហ្នឹង ។ អ៊ីចឹងទាំងអស់នេះ គឺថៃ តែងតែមិនគោរព ។ មិនគោរព នៅឆ្នាំ១៩៦២ គឺឲ្យថៃ អាម៉ាស់ម្ដងហើយ ត្រូវបានសហគមន៍អន្តរជាតិ ស្ដីបន្ទោសថៃ ថាជាប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ ដោយសារថៃ មិនគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ១៥ មិថុនា ឆ្នាំ១៩៦២ ។ ដល់ពេលអន្តរជាតិស្ដីបន្ទោស គំរាមអ៊ីចឹងទៅ ទើបថៃ គោរពវិញ នេះគឺអ៊ីចឹង ។ ហើយបច្ចុប្បន្ននេះ ក៏ដូចគ្នាដែរ គឺថៃ បានប្រកាសក្ដែងៗថា មិនគោរព មិនទទួលយកការទៅប្ដឹងតុលាការអន្តរជាតិ ជាមួយកម្ពុជា ទេ មេទ័ពភូមិភាគ២ ថៃ បានប្រកាសថា បើចង់បានដី គឺត្រូវតែច្បាំងគ្នា ។ នេះគឺស្ដែងឲ្យច្បាស់ហើយថា ថៃ មិនគោរពច្បាប់អន្តរជាតិទេ អ៊ីចឹងនេះរងអាម៉ាស់ម្ដងទៀត ព្រោះកម្ពុជា បានដាក់ពាក្យប្ដឹងហើយ ថ្ងៃ១៦ មិថុនា ២០២៥ នេះ សេចក្ដីប្ដឹងនេះ បានទៅដល់ក្រឡាបញ្ជីរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ អាហ្នឹងយើងឃើញអ៊ីចឹង“ ៕ កុលបុត្រ