Friday, June 27, 2025
Homeតារាខ្មែរថុល សុភិទិ សន្យាកាន់ដៃប្រពន្ធ ដល់អាយុ១០០

ថុល សុភិទិ សន្យាកាន់ដៃប្រពន្ធ ដល់អាយុ១០០

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង ថុល សុភិទិ បានចេញសារសរសើរគុណសម្បត្តិគូស្នេហ៍របស់ខ្លួន អ្នកលក់ឡេ Online ឡុង ម៉ានីន នៅថ្ងៃដែលអ្នកមេម៉ាយកូនមួយរូបស្រស់នេះប្រារព្ធពិធីខួបកំណើតគម្រប់២៧ឆ្នាំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ កូនមន្រ្ដីធំផ្កាយ២ រូបនេះ ថ្លែងសារទៅកាន់កំពូលស្នេហាថា «បងនឹងនៅមើលថែអូន ហើយកំដរអូន ឆ្លងថ្ងៃខួបរហូតដល់អូនចាស់ ដើរលែងរួច សន្យាថា ដើរកាន់ដៃអូន ដល់អាយុ ១០០ឆ្នាំ ទាំងអស់គ្នា ហើយស្រលាញ់បងឲ្យច្រើនៗផង…» ។

 សូមបញ្ជាក់ថា តារាលេងម៉ូដសាក់ ថុល សុភិទិ បានភ្ជាប់ស្នេហាជាមួយមេម៉ាយកូន១ ឡុង ម៉ានីន ជិត៣ឆ្នាំមកហើយ និងធ្លាប់បានដឹកដៃគ្នាទៅថត Pre- Wedding ទៀតផង ប៉ុន្ដែមិនទាន់មានដំណឹងរៀបការ ។ ចំណុចពិ សេសដែលភិទិ ត្រូវបានគូស្នេហ៍ស្រលាញ់កាន់តែខ្លាំង ព្រោះតែលោកស្រលាញ់កូនស្រីប្ដីដើមរបស់ម៉ានីន ដូចកូនលោកបង្កើត ខណៈដែលកន្លងមកតាមរយៈវីដេអូមួយ គេធ្លាប់ឃើញភិទិ និងអតីតស្វាមីរបស់ម៉ានីន រួមតុ អាហារតែមួយ ក្នុងកម្មវិធីមង្គលការមួយ ពោលគឺមិនមានបញ្ហាជាមួយគ្នាទេ រាប់អានគ្នាធម្មតា។ ស្រីស្អាត ម៉ានីន ដែលភិទិ ចាត់ទុកថាជានារីពូកែម្នាក់នោះ ក៏ធ្លាប់ធ្វើឲ្យតារាចម្រៀង GenMusix រូបនេះ រំភើប ដែរតាម រយៈការទិញរថយន្ដទំនើប ម៉ាកឡាំបូគីនី (Lamborghini) និងកុម្មង់ទិញរ៉ុលស៍រ៉យស៍ (Rolls Royce) ដើម្បីឲ្យប្រុសស្នេហ៍ជិះទៅ កាន់តែមានភាពទាក់ទាញថែមទៀត។ ប្រភពបានឲ្យដឹងថា ចំណងស្នេហានេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងបានដឹងឮ ពិសេសក្រុមគ្រួសារភិទិ មិនប្រឆាំងកូនកំលោះយកប្រពន្ធមេម៉ាយឡើយ ព្រោះ តែក្នុងចំណោមអ្នករកស៊ី Online  បច្ចុប្បន្ន គេស្គាល់ថា អនាគតភរិយារបស់ភិទិ ពូកែរកស៊ី ។

 ថុល សុភិទិ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ត្រូវបានថៅកែហង្សមាស រុញឲ្យទៅជ្រកនៅ GenMusix ដែលមកដល់ទ្រនំថ្មីនេះ ភិទិ មិនសូវលេចធ្លោនោះទេ ។ យ៉ាងណា តារាចាក់សាក់សឹងតែពេញខ្លួនរូបនេះ ជោគជ័យស្នេហាជាងអាជីពចម្រៀងទៅវិញ ព្រោះលោកនិងគូស្នេហ៍ បង្ហាញនូវជីវភាពកាន់តែធូរធារ តាមរយៈការលេងម៉ូដរថយន្ដទំនើបៗ និងចេញធ្វើសប្បុរសធម៌ ជាបន្ដបន្ទាប់ផងដែរ ។          

ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធមេម៉ាយ មានដូចជា លោកជា វិបុល, អ៊ិន សុបញ្ញា ហៅផាណូ, ប៊ឺរី, ម៉ារ៉ា ប៊ុណ្ណា, ព្រីង ច័ន្ទបុត្រ និងយុទ្ធិ ស័ក្តិ ជាដើម ។ ប្រភពបានឲ្យដឹងថាសុភិទិ អាចនឹងរៀបគម្រោងយកកូនមុន ទើបរៀបការតាមក្រោយ ខណៈដែល ម៉ានីន ច្បាស់លាស់ជាមួយកូនមន្រ្ដីធំរូបនេះ ១០០% ទៅហើយ ។ ព័តមានបានឲ្យដឹងថា ភិទិ ត្រូវបានសង្សារ គាំទ្រនិងលើកទឹកចិត្តជានិច្ច ដល់អាជីពចម្រៀងរបស់គេ តែនាងហាមដាច់ខាតមិនឲ្យប្រុសស្នេហ៍ថតឱបថើបបឺតមាត់ជាមួយតួស្រី ដូចលើកមុនទេ  ខណៈដែលកូនមន្រ្ដីធំផ្កាយ២ រូបនេះក៏ជួយជ្រោមអាជីព Online របស់អនាគតប្រពន្ធដែរ ព្រោះលោកធ្លាប់មានបទពិសោធន៍រកស៊ី តាំងពីមុនបានជួបម៉ានីន មកម៉្លេះ ៕

RELATED ARTICLES