Monday, June 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រងឥទ្ធិពលសម្ពាធទាប ដល់ថ្ងៃ២កក្កដា

កម្ពុជា រងឥទ្ធិពលសម្ពាធទាប ដល់ថ្ងៃ២កក្កដា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ថា ដោយសារឥទ្ធិពលសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី នឹងធ្វើឱ្យព្រះរាជាណា ចក្រកម្ពុជា មានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា  ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគ រយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

RELATED ARTICLES