ខេត្តសៀមរាប ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញមុខជនសង្ស័យ ជាជនជាតិចិនម្នាក់ ដែលមានជំនាញប្រើល្បិចដាក់ថ្នាំ លួចបន្លំយកលុយនៅតាមទីតាំងវេរប្រាក់វីង ជាសាធារណៈ និងបានបញ្ជូនខ្លួនជនសង្ស័យឱ្យ ទៅនគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបង្ហាញមុខនាពេលនេះ មានឈ្មោះ LUO GONGZHENG ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា យោងតាមការផ្តល់ព័ត៌មានពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ និង កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដែលបានធ្វើសកម្មភាពដើរដូរលុយតាម ស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង តែដោយសារបងប្អូនអាជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីដាក់ថ្នាំ លួចលុយ (កេងបន្លំលុយតាមស្នាក់ការវីង) កន្លងមក ក៏បានរាយការណ៍ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងជំនាញ បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីសាកសួរនាំ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន លុយខ្មែរចំនួន២០ម៉ឺនរៀល លុយដុល្លា ចំនួន១០០ដុល្លារ ម៉ូតូ ចំនួន១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 1BP-1259 ទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក iPhone ពណ៌មាស មានស្រោមជ័រ ពណ៌ស មានស៊ីម (Metfone) មួកសុវត្តិភាពពណ៌ប្រផេះ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពលួចលុយ នៅទីទាំងវេរលុយវីង មួយកន្លែង ស្ថិតក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានលុយចំនួន ៥លានរៀល ហើយរត់គេចខ្លួនបាត់៕