ខេត្តមណ្ឌលគិរី ៖ ក្រោយមានការបង្ហោះព័ត៌មានជុំវិញករណីថា មានសកម្មភាពគ្រឿងចក្រជនជាតិវៀតណាម ធ្វើផ្លូវ រំកិលបង្គោលព្រំដែន នៅខេត្តមណ្ឌលគិរី ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយនោះ គឺខុសពីការពិតទាំងស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថាកាលពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៥ ម្ចាស់ផេកឈ្មោះ Tjohn Sam បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេក Tjohn Sam ជាឃ្លីបវីដេអូ ដែលមានខ្លឹមសារថា “បងប្អូនជនរួមជាតិ នេះគឺជាសកម្មភាពថ្មីៗ វៀតណាម ធ្វើផ្លូវ លួចរំកិលព្រំដែន ចូលមកទឹកដីខ្មែររាប់រយម៉ែត្រ ដែលស្ថិតក្នុងខេត្តមណ្ឌលគិរីរតនគិរី មិនមានអាជ្ញាធរខេត្ត ឬក៏រដ្ឋាភិបាល ទៅទប់ស្កាត់ ដូចរដ្ឋាភិបាលទប់ស្កាត់ជាមួយនឹងថៃ ចឹង”។

ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក អន ប៊ុនធូ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦២១ ដឹកនាំកម្លាំងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦២១ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលំបុក ចុះត្រួតពិនិត្យជាក់ស្តែង នៅចំណុចទីតាំងបង្គោល បំពេញបន្ថែមលេខ 54/1(1) មានទីតាំងស្ថិតនៅភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យ បន្តថា ជាលទ្ធផល គឺពិនិត្យឃើញថា បង្គោលព្រំដែនបំពេញបន្ថែម លេខ 54/1(1) នេះ ស្ថិតនៅទីតាំងដដែលមានលក្ខណៈធម្មតា មិនមានការប្រែប្រួល ឬក៏លើកផ្លាស់ប្តូររំកិលខុសពីទីតាំងដើម ដូចការចុះ ផ្សាយព័ត៌មានរបស់ម្ចាស់ផេក ឈ្មោះ Tjohn Sam ថា មានភាគីវៀតណាម បានជីកនិងរំកិលផ្លាស់ប្តូរបង្គោលព្រំដែន លេខ 54/1(1) ទៅទីតាំងថ្មីដូចការចុះផ្សាយនោះទេ។

សូមបញ្ជាក់ជូនថា ការត្រួសត្រាយធ្វើផ្លូវ ចូលមកបង្គោលលេខ 54/1(1) នេះ ជាកងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនរបស់កម្ពុជាយើង ក្នុងការជួយសម្រួលផ្លូវទៅកាន់ទីតាំងបង្គោលព្រំដែន ដើម្បីងាយស្រួលដល់កម្លាំងការពារព្រំដែន ចូលទៅត្រួតពិនិត្យ សម្អាត និងថែទាំបង្គោល នៅទីតាំងនោះ កងកម្លាំងនគរបាលដែលឈរ ជើងនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តមណ្ឌលគិរី ទាំង១៤ប៉ុស្តិ៍ ចំណុះឱ្យវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦២១ និងលេខ៣០៣ បានដើរល្បាតនិងសម្អាតបង្គោលព្រំដែន ក្នុងភូមិសាស្ត្រគ្រប់គ្រង ព្រមទាំងចូលរួមសហការការពារដល់ក្រុមការងារកងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនជាប្រចាំ ។
ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកខេត្តមណ្ឌលគិរី សូមអះអាងនិងបញ្ជាក់ថា បង្គោលបំពេញបន្ថែម លេខ 54/1(1) នេះ គឺមិនមានការប្រែប្រួលរំកិល ឬផ្លាស់ប្តូរទីតាំងខុសពីលក្ខណៈដើមនោះទ ចំពោះការចុះផ្សាយរបស់ផេកឈ្មោះ Tjohn Sam គឺជាការចុះផ្សាយខុសពីការពិតទាំង ស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមលើកទឹកចិត្តមហាជនបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ធ្វើការរិះគន់ក្នុងន័យស្ថាបនា ចៀសវាងមានការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដោយភាន់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់…៕