ខេត្តបាត់ដំបង ៖ ហាងលក់គ្រឿងអគ្គិសនី ដ៏ធំមួយកន្លែង នៅកណ្តាលក្រុងបាត់ដំបង ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញអស់ គិតជាទឹកប្រាក់ ខូចខាតអស់ប្រមាណជាង ១១ម៉ឺនដុល្លារ ខណៈដែលមូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។


ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់គ្រឿងអគ្គិសនី យីហោ វេង ពិសី មានទីតាំងស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ហាងលក់គ្រឿងអគ្គិសនី ខាងលើនេះ ជាប្រភេទផ្ទះថ្ម ចំនួន២ល្វែង មានកម្ពស់៣ជាន់ មានលក់ទំនិញភាគច្រើនជាគ្រឿងអគ្គិសនី ហើយត្រូវអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងត្រូវបានកម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករងខេត្ត និងកម្លាំងនគរបាលចុះជួយអន្តរាគមន៍ដើម្បីការពារទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ដោយឡែករថយន្តបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន មួយចំនួនដែលនៅជាប់នឹងក្រុងបាត់ដំបង ក៏បានបញ្ជូនមកជួយពន្លត់អគ្គិភ័យនេះផងដែរ។ ហេតុការណ៍នេះបានអូសបន្លាយពេលវេលាប្រមាណជិត៤ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ ចុះស្រាវជ្រាវករណីគ្រោះថ្នាក់អគ្គិភ័យ ឆេះហាងលក់សម្ភារៈអគ្គិសនី ដែលជនរងគ្រោះឈ្មោះវេង ពិសី ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ កន្លែងកើតហេតុខាងលើ ដើម្បីដឹងអំពីទំហំនៃការខូចខាត ដោយជនរងគ្រោះបានរៀបរាប់ថា សម្ភារៈខូចខាត រួមមាន ៖ ហាង ចំនួន១ខ្នង ទំហំ ៨ម៉ែត្រ គុណនឹង ១៨ម៉ែត្រ សង់អំពីបេតុង (ឆេះពីជាន់ទី១ ដល់ទី៣)។ នៅជាន់ទី១ មានស្តុកសម្ភារៈ គ្រឿងអគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២ម៉ឺនដុល្លារ។ នៅជាន់ទី២ មានស្តុកសម្ភារប្រភេទឆ្នាំងដាំបាយ អគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២ម៉ឺនដុល្លារ។ នៅជាន់ទី៣ មានស្តុកសម្ភារៈ ប្រភេទចង្ក្រានអគ្គិសនី និងចង្ក្រានហ្គាស់គ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ១ម៉ឺនដុល្លារ។ សម្ភារៈខូចខាតគិតជាទឹកប្រាក់សរុប ប្រហែល ១១ម៉ឺនដុល្លារ៕
