ភ្នំពេញ ៖ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណៈកិត្តិយស ជាព្រះចៅអធិការវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ តែងតាំងគោរមងារ ឱ្យឡើងទីជា «សម្ដេចព្រះឧត្តមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៧២៥/៨៩៤ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្ដេចព្រះឧត្តមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងធម្មការនិងសាសនា ប្រគេនសារអបអរសាទរ និងប្រគេនពរចំពោះសម្ដេចព្រះឧត្តមវង្សា គូ សុភាព ដែលមានខ្លឹមសារថា «ក្រសួងធម្មការនិងសាសនា សូមអបអរសាទរនិងប្រគេនពរចំពោះព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណៈកិត្តិយស ក្នុងឱកាសដែលព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យតែងតាំងគោរមងារ ឱ្យឡើងទីជា «សម្ដេចព្រះឧត្តមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។

សូមសម្ដេចព្រះឧត្តមវង្សាបណ្ឌិត បរិបូរណ៍ដោយសុខភាពល្អ បញ្ញាញាណវាងវៃ ជន្មាទីឃាយុយឺនយូរ ជានិច្ចនិរន្តរ៍តរៀងទៅ»។

សូមបញ្ជាក់ថា សម្ដេចព្រះឧត្តមវង្សា គូ សុភាព ព្រះចៅអធិការវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាព្រះធម្មកថិកល្បីមួយព្រះអង្គ ដែលប្រជាពុទ្ធបរិស័ទស្គាល់និងគោរពជាទូទៅ ជាពិសេស ពុទ្ធបរិស័ទលើកសរសើរស្នាព្រះហស្តព្រះអង្គ ក្នុងការដឹកនាំកសាងសមិទ្ធផលក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានយ៉ាងច្រើន រហូតប្រជាពុទ្ធបរិស័ទចាត់ទុកជាវត្តគំរូមួយដែលល្អដាច់គេផ្នែកសោភណភាព ៕ ខៀវទុំ

