ខេត្តព្រះសីហនុ ៖ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបង្ហាញសំណាកគ្រឿងញៀន នៅចំពោះមុខអាជ្ញាធរខេត្ត និងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មុននឹងយកទៅដុតកម្ទេចចោល។

លោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងតំណាងលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រឿងញៀនចម្រុះ ដែលត្រូវយកទៅដុតកម្ទេចចោលនេះ មានចំនួនជាង២៦០០គីឡូក្រាម (២ តោន និង៦០០គីឡូក្រាម) និងគ្រឿងញៀនទាំងអស់នេះ ត្រូវបានសមត្ថកិច្ច មានដូចជា នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ បង្ក្រាប រឹបអូសបានជាបន្តបន្ទាប់កន្លងមក និងបានបញ្ចប់នីតិវិធីផ្លូវច្បាប់ នៅតុលា ការរួចរាល់។


លោកពេញ ពិសិដ្ឋ បញ្ជាក់ថា ជនល្មើសពាក់ព័ន្ធក្នុងអំពើជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចចាប់ខ្លួន មានទាំងជនជាតិខ្មែរ និងមួយចំនួនទៀតជាជនបរទេស ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ។


ក្នុងនាមសាលាដំបូងនិងអយ្យការអមសាដំបូងខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញារង បានអំពាវទៅកាន់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការទប់ស្កាត់បទល្មើសគ្រឿងញៀន តាមរយៈការអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿង ញៀន និងអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺជាអ្នកបំផ្លាញអនាគតខ្លួនឯង៕
