ភ្នំពេញ ៖ ក្រុមកម្មករសំណង់ ប្រមាណជាង៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងការដ្ឋានកំពុងសាងសង់មួយកន្លែង ដោយយកម៉ូតូបិទផ្លូវនៅមុខការដ្ឋាន ព្រោះតែមេការ ជាជនជាតិចិន មិនព្រមបើកប្រាក់ខែឱ្យ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងមុខមន្ទីរពេទ្យព្រះកេតុមាលា សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពក្រុមកម្មករសំណង់ដែលធ្វើការតវ៉ា បានឱ្យដឹងថា មេការជនជាតិចិន បានសន្យាថា នឹងបើកលុយឱ្យពួកខ្លួន ប៉ុន្តែមកដល់ថ្ងៃត្រូវបើកលុយ ស្រាប់តែមេការបែរជាមិនព្រមបើកឱ្យ ទើបពួកខ្លួនជាកម្មករសំណង់ បានប្រមូលផ្តុំគ្នា ជាង៣០នាក់ ដើម្បីធ្វើការតវ៉ានៅក្នុងការដ្ឋានសំណង់ខាងលើនេះតែម្តង និងបានយកម៉ូតូបិទផ្លូវ នៅមុខការដ្ឋាន ខណៈនោះ មេការ ជាជនជាតិ បានបើករថយន្តបុក បណ្តាលរងការខូចខាតម៉ូតូមួយគ្រឿងថែមទៀត។

ក្រុមកម្មករ បន្តថា ពួកខ្លួនខិតខំធ្វើការ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងបង់ធនាគារ ប្រសិនបើមេការ មិនបើកលុយឱ្យ តើពួកគាត់បានប្រាក់មកពីណាដើម្បីផ្គត់ផ្គង់ជីវភាព? ដូច្នេះបើមេការជាជនជាតិចិន មិនបើកប្រាក់ឱ្យ ពួកគាត់មិនព្រមធ្វើការទៀតនោះឡើយ។

បន្ទាប់ពីមានការតវ៉ាខាងលើ ក៏មានវត្តមានអាជ្ញាធរមានសមត្ថកិច្ច ចុះមកដល់ទីតាំងការដ្ឋាន សំណង់ខាងលើ ដើម្បីធ្វើការសម្របសម្រួល។

ក្រោយមានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរ មេការជនជាតិចិន សន្យាថា នឹងបើកប្រាក់ឲ្យកម្មករ ឱ្យនៅពេលព្រឹកស្អែក ទាំងអស់គ្នា៕
