ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ ក្នុងនោះមានស្ត្រីចំណាស់ម្នាក់ ជាអាជីវករលក់មាស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីក្រុមចោរ បានធ្វើសកម្មភាពលួចមាសរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបានជាង១០ថ្ងៃ។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣៩នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវករណីចោរកម្ម នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ស្របពេលជនរងគ្រោះម្ចាស់ផ្ទះ បានចេញទៅធ្វើការងាររោងចក្រ ហើយក្រុមជន សង្ស័យ បានធ្វើសកម្មភាពលួចមាសជនរងគ្រោះ រួចបានរត់គេចខ្លួនបាត់អស់។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន៥នាក់ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡុង លីន ហៅតុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង (អ្នកបើកម៉ូតូដឹក និងចាំមើលផ្លូវ)។ ទី២-ឈ្មោះបេ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (អ្នកធ្វើសកម្មភាពចូលខាងក្នុងផ្ទះ)។ ទី៣-ឈ្មោះកៃ រ៉ូហ្សា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (ជាបក្ខពួក)។ ទី៤-ឈ្មោះស៊ុន ពិនាយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ) និងទី៥-ឈ្មោះលឹម ហ៊ុយហៀង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរអាជីវករលក់មាស រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ទទួលផលចោរកម្ម)។
សមត្ថកិច្ច បញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានបើកកិច្ចសហការនិងពន្លាត ដែនសមត្ថកិច្ច តាមគោលការណ៍ពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល និងកិច្ចសហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងឈានដល់ឃាត់ខ្លួន អ្នកទិញគ្រឿងអលង្ការ ១នាក់ ឈ្មោះលឹម ហ៊ុយហៀង។ ជាលទ្ធផល កិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនអ្នកពាក់ព័ន្ធជនសង្ស័យ ចំនួន៥នាក់។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង ប្រាក់រៀល និងដុល្លារ គ្រឿងអលង្ការ សេសសល់ពីការលក់ ប្រមាណគិតជាទឹកប្រាក់ ប្រហែល៥៥០០ដុល្លារ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ)។

ក្រុមជនសង្ស័យទាំង៥នាក់ ខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕