Wednesday, July 23, 2025
Homeសង្គម និងជីវិត ថៅកែហ្គារាស់សាំង ដេញឪចេញពីផ្ទះ រើបង្វេច ចាក់សោឱ្យនៅក្រៅរបង

 ថៅកែហ្គារាស់សាំង ដេញឪចេញពីផ្ទះ រើបង្វេច ចាក់សោឱ្យនៅក្រៅរបង

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានអះអាងថា ត្រូវកូនប្រុសបង្កើតដែលជាថៅកែហ្គារាស់សាំង ដេញចេញពីផ្ទះ ដោយរើទាំងបង្វេចខោអាវរបស់ឪពុក មកដាក់ចិញ្ចើមផ្លូវ រួចចាក់សោឱ្យគាត់នៅក្រៅរបង។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខស្ថានីយប្រេង លឹម ពិសិដ្ឋ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ក្បែរសាលាសង្កាត់ព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

បុរសចំណាស់ដែលអះអាងថា ត្រូវកូនប្រុសដេញចេញពីផ្ទះ មានឈ្មោះលឹម ឈុន អាយុ៧៥ឆ្នាំ មានលំនៅក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា តែសព្វថ្ងៃបានមកស្នាក់នៅជាមួយកូនប្រុសដែលជាថៅកែហ្គារាស់សាំង ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រយៈពេលជិត ១ខែមកហើយ។ ចំណែកកូនប្រុស មានឈ្មោះលឹម ពិសិដ្ឋ ជាថៅកែ ហ្គារាស់សាំង លឹម ពិសិដ្ឋ ស្ថិតនៅទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសជាឪពុក ឈ្មោះលឹម ឈុន បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់ មានកូនចំនួន៥នាក់ (ប្រុស២ ស្រី៣) ក្នុងនោះ កូនប្រុស ឈ្មោះលឹម ពិសិដ្ឋ គឺជាកូនទី២ ក្នុងគ្រួសារ។ ដំបូងឡើយ គាត់និងប្រពន្ធ នៅផ្ទះឯម្តុំអូរឫស្សី ខណ្ឌ៧មករា តែក្រោយមក ប្រពន្ធគាត់បាន ដាក់ផ្ទះនោះជួល រួចក៏មកស្នាក់នៅជាមួយកូនប្រុស ឈ្មោះលឹម ពិសិដ្ឋ ជាថៅកែហ្គារាស់សាំងខាងលើ ហើយគាត់ក៏បានមករស់នៅជុំគ្នាដែរ ដោយទើបនឹងមកនៅបានរយៈពេលប្រមាណ ១ខែប៉ុណ្ណោះ។

បុរសជាឪពុក បានបន្តថា លុះមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ គាត់បានធ្វើដំណើរទៅផ្ទះ នៅម្តុំអូរឫស្សីញ ហើយបំណងក៏ចង់ទៅរស់នៅទីនោះដែរ ដោយកូនប្រុស ឈ្មោះលឹម ពិសិដ្ឋ គឺជាអ្នកជូនទៅទៀតផង។ លុះពេលទៅដល់ (ម្តងថារកផ្ទះមិនឃើញ ម្តងថាស្ងាត់ ពេក) ទើបគាត់សម្រេចត្រឡប់មកផ្ទះកូនប្រុសវិញ ស្រាប់តែពេលមកដល់ ឃើញកូនប្រុសបិទហ្គារាស់សាំង និងថែមទាំងចាក់សោទ្វាររបងជាប់ទៀតផង ហើយសូម្បីតែទូរស័ព្ទរបស់កូនប្រុស និងទូរស័ព្ទប្រពន្ធគាត់ ក៏ទាក់ទងលែងបាន ទើបគាត់នៅអង្គុយរង់ចាំឱ្យកូនប្រុសបើកទ្វារឱ្យចូល អស់ជាច្រើនម៉ោង តែមិនឃើញកូនប្រុសបើកទ្វារឡើយ។

តាមសម្តីរបស់ស្ត្រីម្នាក់ ដែលអះអាងថា ត្រូវជាកូនបង្កើតរបស់លោកតា លឹម ឈុន ដែរ បានអះអាងថា ឪពុករបស់គាត់ ត្រូវបានកូនប្រុសឈ្មោះលឹម ពិសិដ្ឋ ជាថៅកែហ្គារាស់សាំង ដេញចេញពីផ្ទះ រើទាំងអីវ៉ាន់ដាក់ចោលក្រៅរបង និងចាក់សោ ទុកឱ្យឪពុកនៅអង្គុយក្រៅរបង មិនឱ្យចូលផ្ទះដាច់ខាត។ ចំណែកមូលហេតុ ដោយ សារតែកូនប្រុសនេះ ចង់បានផ្ទះឪពុក ចំនួន២ នៅអូរឫស្សី មកធ្វើជាកម្មសិទ្ធិ ដោយគេ (លឹម ពិសិដ្ឋ) បាននិយាយថា ទាល់តែផ្តិតមេដៃផ្ទេរផ្ទះ២នោះ មកឱ្យគេ ទើបគេព្រមមើល (ចិញ្ចឹម) ឪពុក បើមិនឱ្យទេ គេមិនឱ្យចូលផ្ទះគេទេ។

ស្ត្រីជាកូន បានបន្តថា ឪពុកគាត់ មិនអាចប្រគល់ផ្ទះទាំង២ ទៅឱ្យកូនប្រុសឈ្មោះលឹម ពិសិដ្ឋនោះបានទេ ព្រោះគាត់ថា ទុកចែកឱ្យកូនម្នាក់បន្តិចៗ មិនអាចប្រគល់ឱ្យអ្នកណាម្នាក់ផ្តាច់មុខបានឡើយ ស្រាប់តែកូនប្រុសនោះខឹង ក៏ចាក់សោ អត់ឱ្យឪពុកចូលផ្ទះតែម្តង។ បន្ទាប់ពីកើតមានករណីនេះ គាត់ជាកូនស្រី បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះមកដល់ តែឈ្មោះលឹម ពិសិដ្ឋ មិនព្រមបើកទ្វារ ចេញមកនិយាយជាមួយសមត្ថកិច្ចឡើយ ដោយនៅសម្ងំក្នុងផ្ទះ រួចលួចមើលតាមកញ្ចក់ទ្វារ មកខាងក្រៅវិញ។ រីឯសមត្ថកិច្ច បានបញ្ជាក់ថា សមត្ថកិច្ចក៏មិនអាចធ្វើការដោះស្រាយអ្វីបានដែរ ដោយសារភាគីឈ្មោះលឹម ពិសិដ្ឋ មិន ព្រមចេញមកជួបជជែកគ្នា ណាមួយផ្ទះ និងហ្គារាស់សាំងនេះ គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេ (កូនប្រុស) ហេតុនេះ ឪពុកអាចចូលទៅបាន ទាល់តែកូនប្រុសអនុញ្ញាត។

ក្រោយកើតហេតុ ដោយមើលឃើញឪពុកមានសភាពហេវហត់ អស់កម្លាំង ដែលអង្គុយនៅខាងក្រៅផ្ទះ អស់ជាច្រើនម៉ោង ទើបស្ត្រីជាកូន បានសម្រេចចិត្តហៅម៉ូតូកង់បី ១គ្រឿង មកដឹកឪពុក និងជញ្ជូនអីវ៉ាន់របស់ឪពុក ទៅផ្ទះរបស់ខ្លួនសិន រង់ចាំដោះស្រាយជាមួយកូនប្រុស ឈ្មោះលឹម ពិសិដ្ឋ នៅពេលក្រោយទៀត។

ជុំវិញរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាកូនប្រុស ឈ្មោះលឹម ពិសិដ្ឋ ដែលជាថៅកែហ្គារាស់សាំងខាងលើ ដែលរងការចោទប្រកាន់ថាបានបណ្តេញឪពុកចេញពីផ្ទះនោះ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES