ភ្នំពេញ ៖ នៅថ្ងៃប្រារព្ធពិធីខួបកំណើតរបស់ខ្លួន កាលពីពេលថ្មីៗនេះ តារាសម្ដែង អៀ ម៉េងលិ ហៅអូនម៉ី ប្រាថ្នាអ្វីដែលធំបំផុតក្នុងជីវិតនាង នោះគឺបន់ឲ្យសត្រូវប៉ងប្រាថ្នាលើខ្លួនប្រាណនាង បរវៀសចៀសឆ្ងាយ … ដែលការបួងសួងបែបនេះ ហាក់ស៊ីជម្រៅ និងប្លែកជាងក្តីប្រាថ្នារបស់តារាផ្សេងៗទៀត នៅថ្ងៃខួបកំណើតរបស់ពួកគេ។ មតិខ្លះថា អូនម៉ី មិនមានសុវត្ថិភាពទេ បានជានាងបន់កុំឲ្យមានអ្នកបំពានខ្លួនប្រាណនាងបែបនេះ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅអូនម៉ី នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ តែមិនអាចទាក់ទងបាន ទើបមិនទាន់អាចសុំការបញ្ជាក់ពីនាងបានទេ ។ ប៉ុន្ដែគេចាំបានថាកន្លងមក អៀ ម៉េងលិ ហៅអូនម៉ី ធ្លាប់ត្រូវបានគេបញ្ចេញរូបភាពនាងជាំសាច់ ហើមមុខ ដោយសារគូស្នេហ៍ប្រើអំពើហិង្សា ។ ប៉ុន្ដែនាងបានប្រកែក ដែលបញ្ហានោះ គេជឿថាដោយសារតែរូបនាងនៅស្រលាញ់ និងចង់ការពារបុរសដែលខ្លួនស្រលាញ់ ដើម្បីកុំឲ្យមនុស្សដែលខ្លួននៅស្រលាញ់នោះ ត្រូវបានចាប់ខ្លួន ។

អៀ ម៉េងលិ នៅតែត្រូវបានចាត់ទុកជាតារាសិចស៊ីដល់កំពូលម្នាក់ ព្រោះសម្រស់និងការលេងខ្លួនរបស់នាង ពិបាកមានអ្នកយកឈ្នះ។ ប៉ុន្ដែស្រីស្អាតរូបនេះ ក៏ត្រូវបានគេចាត់ទុកជានារីអភ័ព្វស្នេហ៍ម្នាក់ បន្ទាប់ពីបែកបាក់ស្នេហ៍នាយចឺម និងចាញ់បោកអតីតគូស្នេហ៍លោក វ៉ុនប៊ុន លក្ម្សី ហៅសកល អស់លុយជាង ៨ម៉ឺនដុល្លារ កាលពីខែតុលា ឆ្នាំ២០២២ ។ ចំណែកចំណងស្នេហាថ្មីរបស់ស្រីស្អាត អូនម៉ី ជាមួយមន្រ្ដីយោធាម្នាក់ ជាប្អូនថ្លៃរបស់តារាចម្រៀង នី រតនា ដែលគ្រោងធ្វើពិធីភ្ជាប់ពាក្យធំ កាលពីខែសីហា ឆ្នាំ២០២៤ នោះ រហូតមកដល់ពេលនេះ បែរជាស្ងាត់ទៅវិញ ខណៈមានពេលខ្លះលេចឮថា ពួកគេមិនសូវចុះសម្រុងគ្នាទេ តែអូនម៉ី នៅស្រលាញ់សង្សារថ្មីខ្លាំង រហូតត្រៀមបោះបង់អាជីពសម្ដែង ដើម្បីផ្គាប់ចិត្តគូស្នេហ៍ ប្រសិនបើស្នេហាលើកនេះជោគជ័យ ។

សូមបញ្ជាក់ថា អៀ ម៉េងលិ ទោះជាចាញ់បោកអតីតសង្សារទី២ អស់លុយជាង ៨ម៉ឺនដុល្លារ តែនាងនៅមាន ភាពហ៊ឺហា ជិះរថយន្ដទំនើបៗ ហើយក៏មានហាងសាឡន និងហាងកាហ្វេ ទៀតផង ។ ស្រីស្អាតរូបនេះ នៅតែមានជម្រើសស្នេហ៍ច្រើន បើទោះជាមានសង្សារថ្មីក្ដី ប៉ុន្ដែប្រុសៗទាំងក្នុងនិងក្រៅស្រុក នៅតែចង់ឆក់បេះដូងនាង ។ យ៉ាងណា អូនម៉ី ដែលនៅមិនទាន់ច្បាស់លាស់ថា នាងនឹងក្លាយទៅជាប្អូនថ្លៃ នី រតនា ឬអត់នោះទេ ដោយសារតែនាងហាក់ដូចជាបាក់ស្បាតនិងស្នេហាបោកប្រាស់ ពិសេសនាងមិនចង់ជួបប្រុសណាប្រើអំពើហិង្សាលើនាងឡើយ ។

ក្រៅពីអូនម៉ី តារាដែលលេងខ្លួនសិចស៊ីដល់កំពូល នៅឆ្នាំ២០២៥ មានដូចជា ហ្វា ហ្វា និងនែប ព្រំរិទ្ធិកា ជាដើម ៕


