ភ្នំពេញ ៖ តារាសម្ដែងកូន១ ឌុច លីដា បានបង្ហាញឈុតកូនក្រមុំដ៏ស្រស់ស្អាត នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ កាលពីពេលថ្មីៗនេះ ដែលនាងត្រូវបានក្រុមហ៊ុនមួយ ជ្រើសជាម៉ូដែល។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លីដា ដែលមានកូនប្រុសមួយអាយុ៥ឆ្នាំ ទៅហើយនោះ បានបង្ហាញអារម្មណ៍ស្រលាញ់ឈុតកូនក្រមុំ ឬឈុតអាពាហ៍ពិពាហ៍នេះខ្លាំងណាស់ ដែលនាំឲ្យមានការលើកឡើងថា ទោះជានាងមិននិយាយឲ្យចំ ក៏គេដឹងថា លីដា ចង់រៀបការដែរ ។ ប៉ុន្ដែនៅពេលដែល Fan ជាច្រើន លើបណ្ដាញសង្គម ជំរុញឲ្យនាងរៀបការ និងចង់ឃើញនាងគ្រងឈុតកូនក្រមុំមែនទែននោះ លីដា បែរជាមិនឆ្លើយតបឡើយ ។

អ្នកគាំទ្រលីដា បានសរសើរថា នាងគ្រងឈុតបុរាណ ពិតជាសមជានារីខ្មែរ ជាមួយសម្បុរខ្មៅស្រអែមស្រស់ តូចច្រឡឹង ពោលគឺទោះជាមានស្វាមីនិងកូនមួយ ទៅហើយក្ដី ប៉ុន្ដែពេលនេះ លីដា មិនបណ្ដោយឲ្យឡើងគីឡូ បែកសាច់ជ្រុលនោះទេ ។

តាមរយៈការចង់ធ្វើកូនក្រមុំ របស់ឌុច លីដា នាពេលនេះ បញ្ជាក់ថា នេះជាការផ្ញើសារទៅស្វាមីនាងថា រូបនាងមិនទាន់សម្រេចបំណង ឬមានក្ដីសុខពេញលេញនោះទេ បើមិនទាន់បានគ្រងឈុតកូនក្រមុំមែនទែន ដែលខ្លួនស្រលាញ់នោះ។ លីដា ក៏ធ្លាប់ប្រាប់អ្នកយកព័តមានយើង ដោយបង្ហាញតម្រុយថា នាងអាចរៀបការនៅឆ្នាំ២០២៥ នេះដែរ ដោយលើកហេតុផលថា ឆ្នាំនេះកូនប្រុសនាងអាយុ៥ឆ្នាំ ហើយមូលហេតុដែលនាងត្រូវរង់ចាំរហូតដល់ពេលវេលាយូរបែបនេះ ព្រោះតែចង់ឲ្យកូនធំបន្ដិច ស្រួលថ្ងៃការ នាងឲ្យកូនធ្វើជាកូនអណ្ដើក ឲ្យម៉ែតែម្ដង ។

ទោះបីជា ឌុច លីដា មិនបានសន្យា ឬឆ្លើយតបទៅអ្នកចង់ដឹងថា នាងរៀបការនៅពេលណា តែសារលីដា បញ្ជាក់ថា នាងបានត្រៀមខ្លួនជាស្រេច គ្រាន់តែមិនហ៊ានកំណត់ថ្ងៃ ដែលនាំឲ្យមានការសង្ស័យថា នៅចុងឆ្នាំ២០២៥ នេះ លីដា អាចនឹងមិនច្បាស់លាស់ថ្ងៃរៀបការដដែល ។ ប៉ុន្ដែតាមព័ត៌មានថា ស្វាមីនាង ចាំតែសម្រប តាមនាងជានិច្ច ពោលគឺបើនាងចង់រៀបការ ប្ដី OK ភ្លាម។ ប៉ុន្តែលីដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា រឿងមង្គលការ មិនមែនជារឿងដែលចាំបាច់បំផុតសម្រាប់រូបនាងឡើយ ប៉ុន្ដែនាងនឹងធ្វើដោយបើកចំហ នៅពេលដល់វេលាមកដល់។

សូមរំលឹកថា ឌុច លីដា បានសាងស្នេហ៍ជាមួយបុរសជាមន្រ្ដីរាជការ វ័យចំណាស់ម្នាក់កាលពីឆ្នាំ២០១៧ ហើយសម្រាលកូនប្រុស ឈ្មោះឡេង កិត្យានី នៅដើមឆ្នាំ២០២០ និងបានរៀបការស្ងាត់ៗ ស្រដៀងសែនព្រេន នៅឆ្នាំ២០២០ ។ លីដា ជាតារាម្នាក់ដែលពូកែអំណត់បំផុត ព្រោះក្រោយមានប្ដី នាងត្រូវអ្នកលេងបណ្ដាញសង្គមមួយចំនួន រិះគន់ថា បានប្ដីតា ឬព្រមស្រលាញ់បុរសនោះ ដោយសាតែអំណាចទឹកលុយ ជាដើម ។ ប៉ុន្ដែនាងនៅតែរក្សាចំណងស្នេហាមួយនេះបាន ៨ឆ្នាំហើយ ព្រមទាំងក្លាហាន ហ៊ានបញ្ចេញមុខស្វាមី ជាសាធារណៈទៀតផង ដើម្បីឆ្លើយតបទៅអ្នកសង្ស័យថា ប្ដីនាងមិនមែនជាប្រុសនៅទំនេរ។ អ្វីដែលគួរឲ្យកត់សម្គាល់ ទោះជាលីដា មិនទាន់បានរៀបការដោយបើកចំហ ប៉ុន្ដែពេលនេះនាងមានជីវភាពធូរធារ រស់នៅផ្ទះវីឡារធំ ជិះរយន្ដទំនើបៗ ហើយបានបើកហាងកាហ្វេមួយ ដោយចំណាយលុយម៉ឺនដុល្លារ បន្ទាប់ពីបិទហាងគុយទាវ នៅក្បែពេទ្យរុស្សី ។ លីដា មិនទាន់មានសកម្មភាពសិល្បៈលេចធ្លោណាមួយដូចកាលនៅលីវទេ ក្រោយបោះបង់ចោលការលេង ឈុតសិចស៊ីដល់កំពូល ស្នេហារោលរាលដោយគ្មានញញើត មុនពេលមានប្ដីនោះ ។

ប្រភពថា លីដា អាចនឹងរៀបគម្រោងយកកូនទី២ មុនពេលរៀបការ តែនាងបែរជាប្រាប់អ្នកកាសែតថា មានកូន១ ចង់វិលក្បុងទៅហើយ អីចឹងមិនទាន់ចង់យកកូនថែមទេ ។

ទស្សននិកជនរង់ចាំមើលថា ឌុច លីដា ដែលជាមិត្តភក្ដិជិតដិតបំផុតរបស់នៅ សុនិតា ពេលនេះមានកូន១ និងបានប្ដីវ័យចំណាស់ដូចគ្នា ម្នាក់ណាហ៊ានរៀបការមុន? …៕
