ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបង្ហាញពីអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះទឹកចិត្តស្វាមីរបស់ខ្លួន ដែលលះបង់ចំពោះក្រុមគ្រួសារ រហូតដល់ហ៊ានសម្រេចចិត្តទទួលយកការវះកាត់ ចងបំពង់មេជីវិត (ក្រៀវ) ព្រោះតែមើលឃើញពីទុក្ខលំបាកនិងអាណិតប្រពន្ធដែលសម្រាលកូន ៣នាក់រួចទៅហើយ និងមិនចង់ឲ្យប្រពន្ធពិបាកលេបថ្នាំពន្យារកំណើត ខ្លាចប៉ះពាល់ដល់សុខភាព ទើបសម្រេចចិត្តក្រៀវខ្លួនឯង ដើម្បីប្រពន្ធតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អ្នកប្រើប្រាស់បណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងធ្វើការចែករំលែកព្រោងព្រាតនូវការផុសរបស់ស្ត្រីម្នាក់ ដែលបានអះអាងថា ប្តីរបស់ខ្លួន បានសម្រេចចិត្តចងបំពង់មេជីវិត (ក្រៀវ) លែងឲ្យមានកូនតទៅទៀត ដោយសារតែបានឃើញពីទុក្ខលំបាករបស់ប្រពន្ធ ដែលពិ បាកពពោះ និងប្រថុយជីវិតសម្រាលកូនដល់ទៅ៣នាក់រួចទៅហើយ ហើយពួកគេលែងចង់បានកូនទៀតហើយ តែមិនចង់ឱ្យប្រពន្ធពិបាកក្នុងការលេបថ្នាំពន្យារកំណើត ព្រោះតែខ្លាចប៉ះពាល់ដល់សុខភាពទៅថ្ងៃមុខ ដែលនេះជាការលះបង់ដ៏ធំធេងរបស់ប្តី ដើម្បីប្រពន្ធ។

ស្ត្រីជាប្រពន្ធ ឈ្មោះសេង ភក្តី បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នូវរូបភាពនិងវីដេអូមួយចំនួន បង្ហាញពីស្ថានភាពបុរសជាប្តី ឈ្មោះម៉េត វុទ្ធី ដែលទើបនឹងទទួលយកការវះកាត់ចងបំពង់មេជីវិត (ក្រៀវ) នៅក្នុងមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ភ្ជាប់ជាមួយនឹងសំណេរថា “ខ្ញុំពិតជាកោតសសើរដល់លោកប្តី ហើយក៏អរគុណប្តីច្រើន ដែលបងស្ម័គ្រចិត្តចងបំពង់មេជីវិត ហៅកាត់ (ក្រៀវ) កុំឱ្យមានកូនទៀត ព្រោះពួកយើងមានកូនបីនាក់ គ្រប់គ្រាន់ហើយៗក៏មិនចង់បានកូនទៀតដែរ។ ដោយសារតែប្តីឃើញការលំបាករបស់ប្រពន្ធ បានលះបង់ កើតកូនដល់តែបី ហើយប្តីក៏មិនចង់ឱ្យប្រពន្ធលេបថ្នាំពន្យារកំណើតតទៀត ខ្លាចប៉ះពាល់ដល់សុខភាព ប្តីក៏សុខចិត្តក្រៀវ ។ អរគុណច្រើនប្តី សម្រាប់ការលះបង់ដើម្បីគ្រួសារតូចមួយនេះ! អូនសុំជូនពរឱ្យបងមានសុខភាពល្អ Meth Vuthy…”។

ក្រោយបានឃើញការបង្ហោះរូបភាព វីដេអូ និងសំណេររបស់ស្ត្រីខាងលើ ឃើញមានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានចែករំលែក និងបញ្ចេញមតិយោបល់ តាមការយល់ឃើញរៀងៗខ្លួន ដោយខ្លះបានសម្តែងនូវអារម្មណ៍រំភើបចំពោះទឹកចិត្តស្វាមី ដែលព្រមលះបង់យ៉ាងធំធេងចំពោះភរិយាជាទីស្រលាញ់របស់ខ្លួន ដោយលើកឡើងថា “កម្រមានមនុស្សលះបង់ចឹងណាស់ ប្តីគំរូ”។ ចំណែកខ្លះពោលសរសើរថា «ស្ត្រីជាភរិយា ពិតជាមាន សំណាងខ្លាំងណាស់ ដែលមានប្តីចេះយល់ចិត្ត និងចែករំលែកនូវទុក្ខលំបាករបស់ប្រពន្ធបែបនេះ» និងខ្លះថា “ជាក្តីសុខក្នុងគ្រួសារ ដែលមិនអាចកាត់ថ្លៃបាន”។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានមតិខ្លះបានលើកពីចម្ងល់អំពីផលប៉ះពាល់ បន្ទាប់ពីការក្រៀវ របស់បុរសនេះ រហូតដល់មានមតិខ្លះ បានលើកឡើងជារបៀបចំអន់លេងសើចថា “ពូនាំប្រុសដទៃទៀតឱ្យយ៉ាប់ចិត្តហើយ តិចប្រពន្ធគេទារឱ្យក្រៀវតាមពូទៅ…” និងខ្លះថា “ចាំបាច់ដល់ថ្នាក់ក្រៀវ ចាក់ទឹកក្រៅពាង មិនល្អជាង!”។ ចំណែកខ្លះទៀត លើកឡើងថា «ក្រៀវ ជាវិធីការពារកុំឲ្យមានកូនបែបស្ថាពរ ហើយមានសុវត្ថិភាព ១០០% តែបើចាក់ទឹកក្រៅពាង ឬពន្យារកំណើតតាមវិធីផ្សេងទៀត អាចភ្លាត់ស្នៀតមានកូនបាន អ៊ីចឹងបើប្តីចេះយល់ចិត្តប្រពន្ធ ធ្វើដូចពូទៅ តែវិធីនេះបានតែចំពោះប្រុសស្មោះតែប៉ុណ្ណោះ បើប្រុសព្រាន មិនលេងចូលទេ»…៕

