Tuesday, July 29, 2025
Homeតារាខ្មែរសុវត្ថិ មុនីនាគ ចេញខុសពេល

សុវត្ថិ មុនីនាគ ចេញខុសពេល

ភ្នំពេញ ៖ កូនទី២ របស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ ដែលប្ដូរមកឈ្មោះ N. Johnworld កំពុងតែរស់នៅសហរដ្ឋអាមេរិក ដើម្បីទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញបង្វឹកច្រៀងបទភាសាអង់គ្លេស នោះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានរងការរិះគន់នៅលើបណ្ដាញសង្គម បន្ទាប់ពីបានបង្ហោះ Trailer បទ «Sweetlove» បង្ហាញកាយវិការស្លុងរឿងស្នេហា ទៅតាមអត្ថន័យបទចម្រៀង ទើបធ្វើឲ្យអ្នកប្រើបណ្ដាញសង្គម មិនពេញចិត្ត ដោយពួកគេថា កូនទី២ របស់ឧកញ៉ាតារាចម្រៀងរូបនេះ ចេញចម្រៀងខុសពេលវេលា ឬខុសកាលអាកាស ដោយសារតែពេលនេះប្រទេសជាតិ កំពុងតែមានសង្រ្គាមជាមួយប្រទេសថៃ ពលរដ្ឋជាច្រើនត្រូវបានជម្លៀសចេញពីលំនៅឋាន កំពុងរងទុក្ខវេទនាដោយសាតែចោរសៀម ឈ្លានពានទឹកដី ហេតុនេះការចេញបទចម្រៀងបែបនេះ គួរតែត្រូវបានផ្អឹបទុកមួយអន្លើសិនទៅ ។ អ្នកខ្លះបានចូលទៅខម្មិន ជំរុញឲ្យព្រាប សុវត្ថិ ជាឪពុក ណែនាំនិងប្រដៅមុនីនាគ ទាក់ទងពេលវេលានៃការចេញបទចម្រៀងនោះទៀតផង ដើម្បីចៀសវាងពីការិះគន់ ។ ប៉ុន្ដែនៅថ្ងៃតែមួយនោះដែរ មុនីនាគ បានតបទៅ Fan របស់ខ្លួន ដោយបង្ហាញការស្រលាញ់ប្រទេសកំណើត ហើយបួងសួងចង់បានសន្ដិភាព (Praying For Love and Peace) ។

គួរបញ្ជាក់ថា សុវត្ថិ មុនីនាគ ក្រោយចាកចេញពីហង្សមាស មិនបានចូល Galaxy តាមឪពុកនិងបងប្អូនរបស់គេទេ ប៉ុន្ដែបានដុសខាត់ខ្លួនបន្ថែមជំនាញថ្មី នោះគឺទៅបំប៉នសមត្ថភាពជាមួយគ្រូបរទេស ច្រៀងនិងរាំនៅសហរដ្ឋអាមេរិក ។ មុនីនាគ បានចេញបទជាភាសាអង់គ្លេស ជាបន្ដបន្ទាប់ ប៉ុន្ដែលើកនេះភ្លាត់ស្នៀត ព្រោះចេញចំពេលដែលនៅកម្ពុជា កងទ័ពកំពុងជាប់ដៃប្រយុទ្ធជាមួយចោរសៀម នៅព្រំដែន ហេតុនេះហើយបានជាមានការិះគន់ថាលោកមិនយល់ការណ៍ ចេញបទចម្រៀងខុសពេល គ្មានអ្នកគាំទ្រ។

ទាំងលោកព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ មិនបានចេញសារឆ្លើយតបចំពោះកូនប្រុស សុវត្ថិ មុនីនាគ ដែលត្រូវបានអ្នកប្រើបណ្តាញសង្គមរិះគន់ថា ចេញចម្រៀងមិនត្រូវកាលៈទេសៈនោះទេ ។ យ៉ាងណា តាមព័តមានថា អ្នករិះគន់លើមុនីនាគ ភាគច្រើនគឺជា Fan ដែលចង់ឲ្យរូបគេល្អ គិតគួរពីប្រទេសជាតិ ទោះជាទៅរស់នៅដល់ប្រទេសណាក៏ដោយ ហើយបើចេញចម្រៀង គឺឲ្យត្រូវនឹងបច្ចុប្បន្នភាព ឬកាលអាកាស ទើបកូនកំលោះព្រាប សុវត្ថិ មានការការគាំទ្រថែមទៀត ។

 សូមបញ្ជាក់ថា សុវត្ថិ មុនីនាគ  ក្រោយដើរចេញពីហង្សមាស លោកត្រូវបានគេព្យាករណ៍ថា នឹងទៅច្រៀងនៅ Galaxy តាមឪពុកនិងបងប្អូនខ្លួន ប៉ុន្ដែចុងក្រោយបែរជាចេញទៅក្រៅស្រុក ចេញបទចម្រៀងជាភាសារអង់ គ្លេស និងមិនកំណត់មកផលិតបទជាភាសាខ្មែរវិញនៅពេលណាឡើយ ។ ប្រភពថា ឪពុកមុនីនាគ គឺលោកសុវត្ថិ ចង់ឲ្យកូនល្បីល្បាញលើឆាកអន្ដរជាតិ ហេតុនេះហើយបានជារុញឲ្យកូនទី២ ទៅរៀនបច្ចេកទេសច្រៀង និងរាំ នៅសហរដ្ឋអាមេរិក ដែលមានការចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ក្នុងមួយខែៗ ហើយពេលនេះលោករីករាយដែលកូនប្រុសធ្វើបានតាមគម្រោង បើទោះជាមិនទាន់ចេញច្រៀងឆាកធំៗនៅក្រៅស្រុកក៏ដោយ ។

មុនីនាគ ដែលមានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យ ការិយាល័យទី៥ នោះ តាំងពីផ្ដាច់ទំនាក់ទំនងស្និទ្ធស្នេហាជាមួយស្រីស្រស់ រ៉េត ស៊ូហ្សាណា កាលពីឆ្នាំ២០២២ ពេលនេះលោកមិនទាន់បង្ហាញដោយបើកចំហ ពីទំនាក់ទំនងជាមួយនារីណាផ្សេងទៀតទេ ខណៈដែលអំឡុងមិនទាន់ចេញទៅរស់នៅអាមេរិក មុនីនាគ ត្រូវបានតារាស្រីស្អាតៗជាច្រើន បានហៅម្ដាយរបស់លោក គឺលោកស្រីឡុង ស្រីមុំ ថា «ម្ដាយក្មេក» តែកូនកំលោះលោកឧកញ៉ារូបនេះ មិនទាន់ប្រញាប់រកប្រពន្ធឡើយ ព្រោះជាប់ដៃចង់សម្រេចក្ដីសុបិនរបស់ខ្លួន ក្លាយជាតារាលំដាប់អន្ដរជាតិម្នាក់។ ប៉ុន្ដែមានឈ្មោះល្បីល្បាញយ៉ាងណានោះ គេមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះពេលនេះ ទើបតែចាប់ផ្ដើម ត្រូវរងការរិះគន់បណ្ដើរៗទៅហើយ ។ យ៉ាងណា សុវត្ថិ មុនីនាគ នេះហើយដែលតារាចម្រៀង ពេជ្រ សោភា ធ្លាប់លើកឡើងថា មានសមត្ថភាពស្នងតំណែងលោកព្រាប សុវត្ថិ នាពេលអនាគត ៕

RELATED ARTICLES