ភ្នំពេញ ៖ យុវជនមួយក្រុម បានស្ម័គ្រចិត្តជួយបង្រៀនសិស្សនៅតាមជំរំភៀសខ្លួន ក្នុងតំបន់រងគ្រាប់ផ្លោង តាមព្រំដែនកម្ពុជា-ថៃ ជាពិសេស ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

តាមក្រសួងអប់រំ យុវជននិង កីឡា បានឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា សម្រាប់វិស័យអប់រំ បានជួបសម្តែងការគួរសមនិងពិភាក្សាជាមួយលោកបណ្ឌិត កាន់ ពុទ្ធិ ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា។

ក្នុងជំនួបនេះ ក្រុមការងារបានសម្រេចនិងឯកភាពលើគោលដៅរួមគ្នាដូចជា សហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីរៀបចំបន្ទប់រៀន តង់ទីកន្លែងសមស្របផ្សេងៗ សម្រាប់ការបន្តការសិក្សារបស់សិស្សានុសិស្ស ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន រៀបចំយុវជនស្ម័គ្រចិត្ត ជួយបង្រៀនសិស្សនៅតាមជំរំ ពិសេសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កៀរគរសប្បុរសជនក្នុងការផ្គត់ផ្គង់ជាសៀវភៅនិងសម្ភារៈសិក្សាចាំបាច់ សម្រាប់បន្តការសិក្សាជាបណ្តោះអាសន្ន និងចូលរួមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស នៅតាមទីតាំងសុវត្ថិភាព ដែលងាយរងគ្រោះដោយការប៉ះទង្គិចផ្លូវចិត្ត តាមរយៈសកម្មភាពផ្សេងៗ។

តាមរបាយការណ៍របស់ក្រសួងអប់រំ សាលារៀន ប្រមាណ៦០៥កន្លែង ត្រូវបានបិទទ្វារ ព្រមទាំងកុមារ និងសិស្សានុសិស្សរងគ្រោះ ដែលប៉ះពាល់ការសិក្សាប្រមាណ ១៥ម៉ឺននាក់ និងគ្រូបង្រៀន ជិត៧ពាន់នាក់ ដោយ សារការឈ្លានពានរបស់ទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕
