ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករខ្មែរម្នាក់ កំពុងមានផ្ទៃពោះគ្រប់ខែ បានធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃ បំណងវិលត្រឡប់ទៅកាន់ស្រុកកំណើត លុះគ្រាន់តែឆ្លងផុតព្រំដែនថៃ ជាន់ដីខ្មែរភ្លាម ស្រាប់តែឈឺពោះ ទាំងមេឃកំពុងធ្លាក់ភ្លៀង និងត្រូវបានអាជ្ញាធរចាត់ចែងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ភ្លាមៗ និងសម្រាលបានកូនស្រីម្នាក់ ដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

ករណីស្ត្រីមានផ្ទៃពោះ ឈឺពោះសម្រាលកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
គួរបញ្ជាក់ថា លោកប៉ាន់ខែម ប៊ុនថន ជានាយរងខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែត តែងបានដឹកនាំក្រុម ការងារមករង់ចាំទទួលពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពី ប្រទេសថៃ ចូលមកកម្ពុជា។ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលលោកប៉ាន់ខែម ប៊ុនថន កំពុងរង់ចាំទទួលពលរដ្ឋខ្មែរ នៅមាត់ច្រកព្រំដែន ស្រាប់តែឃើញស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ ដៃម្ខាងដឹកកូនស្រីតូច ចំណែកដៃម្ខាងទ្រពោះ ដើរកាត់ភ្លៀងរលឹម ទាំង កំពុងឈឺពោះ ដើរចេញពីទឹកដីថៃ ឆ្លងចូលទឹកដីកម្ពុជា ឃើញបែនេះ លោកប៉ាន់ខែម ប៊ុនថន បានស្ទុះបានទាញឆត្រធំមួយ ដើរទៅទទួល បាំងការពារទឹកភ្លៀងឱ្យស្ត្រីខាងលើ។ លុះសួរនាំ ទើបដឹងថា ស្ត្រីរូបនេះកំពុងឈឺពោះសម្រាលកូន ទើបលោកប៉ាន់ខែម ប៊ុនថន ប្រញាប់ចាត់ចែងបញ្ជូនស្ត្រីខាងលើ តាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗ។

ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យនិងគ្រូពេទ្យឆ្មប បានចេញមកទទួល និងបញ្ជូនស្ត្រីខាងលើ ចូលបន្ទប់សម្រាល ដោយសម្រាលបានកូនស្រីម្នាក់ មានសុខភាពល្អធម្មតា។
ឱបកូនស្រីក្នុងរង្វង់ដៃ ស្ត្រីជាម្តាយ បានសម្តែងនូវអារម្មណ៍រំភើប ដោយសម្រាលបានកូនស្រីម្នាក់ ប្រកបដោយសុវត្ថិភាព និងមានការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំ ពីលោកប៉ាន់ខែម ប៊ុនថន ពិសេសក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ស្ត្រីខាងលើ បានពោលពាក្យកោតសរសើរនិងបានសម្តែងការដឹងគុណចំពោះលោកប៉ាន់ខែម ប៊ុនថន ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅពេលភាគីថៃ បិទច្រកទ្វារព្រំដែនខ្លងលឹក ដែលឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្កផលលំបាកដល់ពលរដ្ឋ ទាំងកម្ពុជា និងថៃ ដែលវិលត្រឡប់ចូលប្រទេសវិញ ដោយលោកតែងតែឈររង់ចាំនៅមាត់ច្រក ជួយសម្របសម្រួល ដោះស្រាយជូនពលរដ្ឋកម្ពុជា គ្រប់ពេល៕