ភ្នំពេញ ៖ បើទោះបីជាការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ បានបញ្ឈប់ ក្រោមបទឈប់បាញ់ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តែពលរដ្ឋមួយចំនួននៅភ្នំពេញ នៅតែបន្តកៀរគរនិងចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ សម្រាប់ចែកជូនកងទ័ព និងពលរដ្ឋភៀស សឹក នៅតាមបណ្តាខេត្តជាប់ព្រំដែន។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹក បានកើនឡើងដល់ ១៧២ ០៩៤នាក់ ក្នុងនោះខេត្តឧត្តរមានជ័យ មានចំនួន ៣៩ ៥៤៦នាក់ ខេត្តបន្ទាយមានជ័យ មានចំនួន ៣៥ ០៥៧នាក់ ខេត្តសៀមរាប មានចំនួន ៦១ ៩០៧នាក់ ខេត្តព្រះវិហារមានចំនួន ៣២៥ ៥៨នាក់ និងខេត្ត ពោធិ៍សាត់ មានចំនួន ៣ ០២៦នាក់។

លោកជន សីហា ពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន និងកៀរគរពីមិត្តភក្តិ បានរៀបចំកញ្ចប់សម្រាប់ចែកជូនកងទ័ព និងជនភៀសសឹក ប្រមាណជិត ២ពាន់កញ្ចប់ ដែលលោកនឹងដឹកជូនកងទ័ព និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថា ការរៀបចំអំណោយសម្រាប់ចែកជូនកងទ័ព និងជនភៀសសឹកនេះ ដើម្បីជាការអរគុណចំពោះការលះបង់របស់វីរៈកងទ័ពដែលបានលះបង់ជីវិត ខណៈអ្នកខ្លះបានរងរបួសដល់ពិការ និងដោយសារមើលឃើញពីទុក្ខលំបាករបស់កងទ័ពដែលបានតស៊ូប្រយុទ្ធ ក្នុងសមរភូមិ រយៈពេល៥ថ្ងៃ និងទុក្ខលំបាករបស់ជនភៀសសឹក ជាពិសេសកុមារតូចៗ។

កញ្ចប់អំណោយដែលលោកបានរៀបចំជូនកងទ័ព និងជនភៀសសឹកនេះ មានអង្ករ ទឹកសុទ្ធ គ្រឿងបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលបានទទួលព័ត៌មានពីពួកគាត់ថា កំពុងមានការខ្វះខាត និងសល់ថវិកាមួយចំនួនទៀត សម្រាប់ចែកជនបងប្អូនយោធិន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ លោកលើកឡើងថា ការនាំយកអំណោយទៅជូន កងទ័ព និងជនភៀសសឹក នៅតំបន់ព្រំដែន មិនមែនទាន់ហួស ពេលនោះទេ ខណៈបច្ចុប្បន្ននេះ ពួកគាត់កំពុងតែមានការខ្វះនូវគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់៕





