Saturday, August 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ទឹកឃ្មុំក្លែងក្លាយ ២០តោន ជាប់គុក ២ឆ្នាំកន្លះ

លក់ទឹកឃ្មុំក្លែងក្លាយ ២០តោន ជាប់គុក ២ឆ្នាំកន្លះ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសថៅកែស្រីជនជាតិវៀតណាម ម្នាក់ឈ្មោះង្វៀង ធីថាញ់ធៀន NGUYEN THI THANH THIEN អាយុ៤០ឆ្នាំ មុខរបរនាយកក្រុមហ៊ុន CHAN HONEY មានទីកន្លែងកំណើតនៅប្រទេសវៀតណាម ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំ៦ខែ ពិន័យជាប្រាក់បង់ចូលថវិការដ្ឋ ចំនួន ៣០លានរៀល ពីបទក្លែងបន្លំដើមកំណើតទំនិញ (ទឹកឃ្មុំក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង មុខក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសនេះមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ១៣ និងមាត្រា៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។ សាលក្រម បានបញ្ជាក់បន្ថែមថា ជនជាប់ចោទ នៅពេលអនុវត្តទោសខាងលើចប់ជាស្ថាពរ ច្បាប់តម្រូវឱ្យបណ្តេញចេញពីប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រោយពីតុលាការសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិវៀតណាម ម្នាក់ ជាថៅកែនាំទឹកឃ្មុំក្លែង មកស្តុកលក់នៅក្នុងប្រទេសកម្ពុជា ប្រមាណជិត២០តោន ច្រើនឆ្នាំមកហើយ តែទើបបែកធ្លាយ។

ស្ត្រីជនជាតិវៀតណាម ឈ្មោះង្វៀង ធីថាញ់ធៀន NGUYEN THI THANH THIEN ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ដែលតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស (ម២) នោះ បើតាមប្រភពព័ត៌មានឱ្យដឹងថា គឺក្រុមហ៊ុនទុច្ចរិតនេះ បានលួចធ្វើការនាំចូលទឹកឃ្មុំ តម្លៃថោកៗ ពីប្រទេសជិតខាង ជាច្រើនឆ្នាំមកហើយ ដោយបានក្លែងឯកសារជាទឹកឃ្មុំផលិតនៅក្នុងស្រុក ដើម្បីនាំចេញទៅលក់នៅក្រៅប្រ ទេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះទឹកឃ្មុំបរិសុទ្ធរបស់កម្ពុជា ដែលនេះជាទង្វើវិច្ឆេទកម្មសេដ្ឋកិច្ច កេងចំណេញលើប្រយោជន៍ពលរដ្ឋខ្មែរសុទ្ធសាធ។ ដូច្នេះសមត្ថកិច្ចពាក់ពន្ធ ត្រូវពិនិត្យមើលឡើងវិញ មិនគួរអនុញ្ញាតឱ្យទំនិញគ្មានប្រភពច្បាស់លាស់ រាប់រយធុង និងរាប់តោន នាំចូលនិងនាំចេញដោយរលូន ថែមទាំងក្លែងបន្លំផលិតផលកម្ពុជា ដូចករណីក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD នេះទៀតទេ ។

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ជាថៅក្រុមហ៊ុននាំចូល និងស្តុក ទឹកឃ្មុំក្លែងបន្លំដើមកំណើត ប្រមាណជិត២០តោន ដាក់ពន្ធនាគារព្រៃស (ម២) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ ដែលប្រឈមនិងត្រូវជាប់ ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ។ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ឈ្មោះង្វៀង ធីថាញ់ធៀន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជានាយកក្រុមហ៊ុន CHAN HONEY មានទីកន្លែងកំណើតនៅប្រទេសវៀតណាម ។ ជននេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទក្លែងបន្លំដើមកំណើតទំនិញ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង មុខក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបទល្មើសនេះមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ១៣ និងមាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។

យោងតាមមាត្រា ៣១ ការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ បុគ្គលទាំងឡាយណាប្រព្រឹត្តអំពើផ្ទុយនិងមាត្រា១៣ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លាន ទៅ៤០លានរៀល។ សំណុំរឿងនេះនាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របស ម្រួលនីតិវិធីផ្ទាល់ដោយ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិតនៅផ្ទះលេខ ៧៦ ផ្លូវបេតុង ភូមិតាងៅ កណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។

ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញទឹកឃ្មុំ សរុបចំនួន ១៣០ធុង ដែលមានទម្ងន់សរុប ១៩៨៩០គីឡូក្រាម (ជិត២០តោន)។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ច ធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន រួចធ្វើការបិទឃ្លុំបេ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំង ជនជាតិវៀតណាម រួមនិងបុគ្គលពាក់ ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឱ្យបានទាន់ពេលវេលា៕

RELATED ARTICLES