ខេត្តឧត្តរមានជ័យ ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានបំពុល ខុសពីការពិតរបសើភាគីថៃ ដែលអះអាងដោយឥតអៀនខ្មាសថា ក្រោយបញ្ចប់ការប្រយុទ្ធគ្នា (ឈ្លានពានទឹកដីកម្ពុជា) ពេលនេះ ទាហានថៃ បានកាន់កាប់ទីតាំងសំខាន់ៗដល់ទៅ១១ ដោយក្នុងនោះ មានទាំងប្រាសាទតាក្របី ផងដែរនោះ មេបញ្ជាការវរៈ២១៣ ដែលឈរជើងការពារតំបន់ប្រាសាទតាក្របី បានបញ្ជាក់ថា ប្រាសាទតាក្របី បច្ចុប្បន្នត្រូវបានវីរកងទ័ពកម្ពុជា គ្រប់ គ្រងទាំងស្រុង ឈរជើងយ៉ាងរឹងមាំ ដោយបានវាយបណ្តេញពួកចោរសៀមឈ្លានពាន ចេញអស់ហើយ។

តាមរយៈបទសម្ភាសន៍ជាមួយលោកខ័ណ្ឌ ច័ន្ទសុផល អ្នកលេងបណ្តាញសង្គម ល្បីឈ្មោះ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី តាត សាវុន មេបញ្ជាការវរៈ២១៣ កងពល២១ ដែលកំពុងឈរជើងការពារប្រាសាទតាក្របី បានបញ្ជាក់ថា “ពួកខ្ញុំឈរជើងនៅទិសប្រាសាទតាក្របី រឿងថាថៃ កាន់កាប់ ១១ចំ ណុច ពិសេសប្រាសាទតាក្របី នោះ គឺអត់ពិតទេ យើងឈរជើងរឹងមាំណាស់ ពោលគឺមិនមានទ័ពសៀមណា ចូលមកគ្រប់គ្រងនោះទេ យើងបានបណ្តេញពួកវា (ទាហានសៀម) ចេញទៅអស់ហើយ…”។

លោកវរសេនីយ៍ត្រី តាត សាវុន បានបន្តថា “ចំពោះសុខទុក្ខកងទ័ពនៅជួរមុខរបស់យើង គឺសុខសប្បាយធម្មតាទេ គ្រាន់តែថាការប្រយុទ្ធគ្នា តែងមានពលី របួសតិចតួច ជួបការលំបាកខ្លះហើយ ព្រោះធម្មតាសាចទឹកដាក់គ្នា តែងទទឹករៀងខ្លួនហើយ តែយ៉ាងណា បងប្អូនយើង នៅតែមានជំហរស្មារតីរឹងមាំណាស់ តស៊ូប្រយុទ្ធ ប្តូរជីវិត ដើម្បីការពារទឹកដីខ្មែរ ឱ្យខាងតែបាន…”។

មេបញ្ជាការវរៈ២១៣ បានបន្តថា “ជាមួយនេះ ពួកយើងខ្ញុំជាកងទ័ពជួរមុខ សូមអរគុណទៅដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរខ្ពង់ខ្ពស់ដល់ជីវភាពរបស់កងទ័ព មិនតែប៉ុណ្ណោះ ថែមទាំងបានបញ្ចប់នូវសង្គ្រាម ខណៈដែលប៉ុន្មានថ្ងៃមុនេះ គឺយើងបានប្រយុទ្ធតតាំងជាមួយនឹងចោរសៀមឈ្លានពាន យ៉ាងអង់អាចក្លាហាន រហូតដល់វេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទើបយើងបានបញ្ចប់ទៅតាមការព្រមព្រៀង បទឈប់បាញ់ អ៊ីចឹងមានលក្ខណៈធូរស្រាល អ៊ីចឹងពួកខ្ញុំក៏បានចុះមកទទួលអំណោយដែលព្រះសង្ឃ ដែលយើងធ្លាប់តែទៅប្រគេនព្រះសង្ឃ ដល់ឥឡូវព្រះសង្ឃ យកអំណោយមកជូនដល់ពួកយើងខ្ញុំដែលនៅខាងមុខវិញ ពិសេសសូមថ្លែងអំណរគុណដល់សម្តេច ដែលបានយកចិត្តទុកដាក់ដល់វីរកងទ័ពនៅជួរមុខ ដូចជាមានការពលី របួស ពិការអី បានឱ្យធនាគារ គ្រប់ធនាគារ បន្ធូរបន្ថយ និងកាត់ចោលបំណុល សម្រាប់យុទ្ធជនពលី និងពិការ…”។

លោកមេបញ្ជាការវរៈ២១៣ តាត សាវុន បានបន្តទៀតថា “ខ្ញុំពិតជាមានទឹកចិត្តរំភើប និងសប្បាយរីករាយណាស់ ចំពោះទឹកចិត្តខ្មែរជួយខ្មែរ សាមគ្គីគ្នា ដែលយើងមើលឃើញថា ការសាមគ្គី គឺជារឿងសំខាន់បំផុត ដូចពាក្យថា ចង្កឹះមួយ អាចកាច់បាក់ តែចង្កឹះ ១បាច់ កាច់មិនបាក់ទេ អ៊ីចឹងទោះបីថា ប្រទេសយើងតូច ប្រជា ជនយើងតិច តែការរួមសាមគ្គីរបស់យើង ធ្វើឱ្យខ្មាំងសត្រូវ មិនអាចជ្រៀតជ្រែក រំលោភបំពាន ឬមួយធ្វើអ្វីតាមតែអំពើចិត្តបាននោះទេ…”។

លោកវរសេនីយ៍ត្រី តាត សាវុន បានបន្ថែមថា “ថ្វីដ្បិតបទឈប់បាញ់ បានចូលជាធរមានពិតមែន ក៏ប៉ុន្តែវីរកងទ័ពជួរមុខរបស់យើង នៅតែបន្តប្រុងប្រយ័ត្ន ព្រោះល្បិចសៀមនេះ គឺខូចៗ និងឃោរឃៅណាស់ ព្រោះវាមិនចោលក្បួនទេ អ៊ីចឹងយើងមិនអាចទុកចិត្តវាបានទេ អ៊ីចឹងយើងនៅតែប្រុងប្រយ័ត្នបន្តបន្ទាប់ទៀត ដើម្បីការពារទឹកដីខ្មែរ មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រ ណាឡើយ…”។

គួរបញ្ជាក់ថា ប្រាសាទតាក្របី ឬប្រាសាទព្រះតង្វាយ ជាស្ថាបត្យកម្មខ្មែរ សតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ ដូចគ្នាទៅនឹងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះ តែងមានការយាយីឈ្លានពានពីទាហានថៃ តែកងទ័ពកម្ពុជា តែងអត់ធ្មត់ខ្ពស់ ទោះបីជាពួកទាហានឈ្លានពានទាំងនោះ តែងបង្ករឿង មកលើជនជាតិខ្មែរ ធ្វើដូចជាខ្លួនជាម្ចាស់ប្រាសាទ ក៏ដោយ រហូតចុងក្រោយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃ បានផ្ទុះអាវុធមុន ដោយបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ចាប់ផ្តើមដំបូងចេញពីតំបន់ប្រាសាទតាមាន់ធំ រាលដាលទៅតំបន់ផ្សេងទៀត តាមបណ្តោយព្រំដែន ទើបកងទ័ពកម្ពុជា អនុវត្តសិទ្ធិការពារខ្លួន ការពារទឹកដី និងដែនអធិបតេយ្យជាតិ បានតបត និងវាយបក បណ្តេញពួកទាហានឈ្លានពានថៃ ឲ្យបាក់ទ័ព រត់ចេញអស់ពីទឹកដីកម្ពុជា រួមទាំងនៅតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់តូច និងប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នត្រូវបានកងទ័ពកម្ពុជា គ្រប់គ្រងទាំងស្រុងនិងឈរជើងយ៉ាងរឹងមាំ ការពារមិនឲ្យពួកចោរមកឈ្លានពានបាន ឡើយ ដូចការបញ្ជាក់របស់លោកវរសេនីយ៍ត្រី តាត សាវុន មេបញ្ជាការវរៈ២១៣ កងពល២១ ដែលកំពុងឈរជើងការពារប្រាសាទតាក្របី ដូចខាងលើនេះ៕
