ខេត្តស្វាយរៀង ៖ ក្មេងប្រុសតូច ២នាក់បងប្អូន ក្រោយពីឪពុកម្តាយបានចែកផ្លូវគ្នា ត្រូវបានបុរសជាឪពុកដែលជាវីរៈកងទ័ពជួរមុខ មានភារកិច្ចចេញច្បាំង ការពារទឹកដី (សមរភូមិមុំបី ខេត្តព្រះវិហារ) បានសម្រេចយកកូនតូចទាំង ២នាក់ មកផ្ញើនៅវត្ត ឱ្យព្រះសង្ឃមួយអង្គ ដែលត្រូវជាឪពុកមា ឱ្យជួយមើលថែ លុះក្រោយពីទទួល ជ្រាបនូវព័ត៌មានបែបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ តំណាង ចុះសួរសុខទុក្ខ និងឧបត្ថម្ភក្មេងប្រុសទាំង២នាក់ ដែលកំពុងស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង។ក្មេងប្រុសទាំង២នាក់បងប្អូន ដែលឪពុកយកកូនមកផ្ញើនៅវត្ត ទី១-ឈ្មោះសេក ដុងហេ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ និងទី២-ឈ្មោះសេក ដុងហៃ អាយុ៥ឆ្នាំ មិនទាន់ដល់អាយុចូលរៀន។ ចំណែកបុរសជាឪពុក ឈ្មោះសេក សំណាង ជាវីរកងទ័ពជួរមុខ កំពុងជាប់បំពេញកាតព្វកិច្ចនៅតំបន់មុំបី ខេត្តព្រះវិហារ។

បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេច បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលកំពុងស្នាក់នៅជាមួយឪពុកមា ជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្រមាណជាង២ឆ្នាំមកហើយ ។

លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ព្រះ ចៅអធិការត្ត និងព្រះសង្ឃ ជាឪពុកមាកុមារទាំងពីរ បន្តជួយយកចិត្តទុកដាក់ទំនុកបម្រុងដល់កុមារទាំងពីរ ទាំងចំណីអាហារ និងការសិក្សារៀនសូត្រ ព្រោះកុមារទាំងពីរ បន្ទាប់ពីឪពុកម្តាយបានចែកផ្លូវគ្នា គឺឪពុកបានយកកុមារទាំងពីរ មកផ្ញើជាមួយឪពុកមា ជាព្រះសង្ឃ ដើម្បីបានសិក្សារៀនសូត្រ ពិសេសរៀនធម៌ សីលធម៌ និងសុជីវធម៌។

ទាក់ទិននិងកុមារទាំងពីរនេះ ព្រះសង្ឃជាឪពុកមា គង់នៅសន្តិភាព បានប្តេជ្ញាព្រះទ័យមើលថែពួកគេឱ្យបានដិតដល់ប្រៀបដូចកូនបង្កើត ជាពិសេសជំរុញពួកគេឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ក្លាយជាកុលបុត្រល្អក្នុងសង្គម ព្រោះពួកគេជាឈាមជ័រជាអ្នកស្នេហាជាតិ។

ជាមួយគ្នានេះ លោកប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង មិនទុកកុមារទាំងពីរចោលនោះទេ ដោយបានរួមចំណែកនាំយកអំណោយរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន មកជូនផងដែរ។គួរបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូននៅពេលនេះ រួមមាន អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកក្រូច ២កេស និងថវិកា ៥លានរៀល សម្រាប់កុមារាទាំងពីរ និង៥លានរៀល ប្រគេនជូនព្រះសង្ឃ ជាឪពុកមា។ ដោយឡែក ប្រគេនវត្តសន្តិភាព រួមមានអង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ១កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកក្រូច ៤កេស និងបច្ច័យ ២លានរៀល ព្រមទាំងប្រគេនព្រះសង្ឃ ២អង្គ មួយអង្គៗ ២០ម៉ឺនរៀល៕


